កូនស្រី កឹម សុខា៖ ១០ឆ្នាំកន្លងទៅហើយ តែមិនហត់ទេ!
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 05, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រវាងឆ្នាំ២០១៦នេះ និង១០ឆ្នាំមុន តើមានអ្វីប្លែក? កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានឆ្លើយថា បញ្ហានៅតែដដែលទេ។
អ្នកនយោបាយវ័យ៣៤ឆ្នាំ ដែលជាកូនស្រីរបស់អនុប្រធានគណបក្សប្រឆាំង បានសរសេរដូច្នេះ អមទៅនឹងរូបថតមួយសន្លឹក ដែលបង្ហាញឲ្យឃើញ ពីរូបនាងនិងប្អូនស្រីរបស់នាង បានឈរធ្វើបាតុកម្ម នៅមុខសេតវិមាន (រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៦ ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ ដោះលែងឪពុករបស់នាង លោក កឹម សុខា ដែលនៅពេលនោះ ត្រូវបានអាជ្ញាធរខ្មែរ គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាប់ឃុំខ្លួននៅពន្ធនាគារព្រៃសរ ក្រោមបទបរិហារកេរ្ដិ៍ និងជេរប្រមាថប្រមុខរដ្ឋាភិបាល។
កញ្ញា កឹម មនោវិទ្យា បានសរសេរពន្យល់ ពីរូបថតនោះថា ជារូបថតនាង និងប្អូនស្រី នៅពេលដែលគេចាប់ខ្លួនឪពុក នាឆ្នាំ២០០៥-២០០៦។ នាងបានបន្តថា៖ «កាលនោះ ខ្ញុំអាយុ២៤(ឆ្នាំ)។ (តែ)ពេលនេះអាយុ៣៤(ឆ្នាំ) នៅជួបបញ្ហាដដែល។»
រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ កំពុងត្រូវបង្ខាំងខ្លួន នៅក្នុងទីស្នាក់ការកណ្ដាល របស់គណបក្ស ដើម្បីបញ្ជៀសពីការចាប់ចង នៅក្នុងសំនុំរឿងដ៏ចម្រូងចម្រាសមួយ ដែលលោកបានរងការចោទថា មានទំនាក់ទំនងស្នេហា ជាមួយនឹងស្ត្រីជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។ ស្ត្រីជាងធ្វើសក់ម្នាក់នេះ បានឆ្លើយទទួលស្គាល់នៅចំពោះតុលាការរាជធានី ថានាងពិតជាមានទំនាក់ទំនងលួចលាក់ ជាមួយលោក កឹម សុខា និងបានប្ដឹងលោក ពីបទធ្វើឲ្យខូចខាតកិត្តិយស ខណៈលោក កឹម សុខា បានជ្រើសរើសការមិនតបតរ ទៅនឹងសំនុំរឿងនេះទេ។
ជំហរខាងលើរបស់លោក កឹម សុខា បានឈានដល់ការបដិសេធ មិនចូលខ្លួនទៅបំភ្លឺក្នុងនាមសាក្សី នៅក្នុងតុលាការ ដោយសំអាងថា លោកមានអភ័យឯកសិទ្ធិសភា។ ការបដិសេធមិនចូលខ្លួនជាច្រើនដងនេះ ត្រូវបានតុលាការ និងអាជ្ញាធរ ចាត់ទុកលោក កឹម សុខា ថាបានប្រពឹត្តិបទល្មើសជាក់ស្ដែង ដែលអាចបើកផ្លូវឲ្យគេចាប់ខ្លួន ដោយមិនចាំបាច់ខ្វល់ពីអភ័យឯកសិទ្ធិសភា។
មនុស្សជាច្រើននាក់ ដែលនៅជុំវិញលោក និងមន្ត្រីមកពីគណបក្សប្រឆាំងផង បានហៅករណីស្នេហាបែកធ្លាយនេះ និងចំណាត់ការរបស់តុលាការ ប្រឆាំងលោក កឹម សុខា ថាជាឆាកល្ខោន របស់ក្រុមអ្នកកាន់អំណាច ដើម្បីធ្វើការគម្រាមកំហែង មកលើគណបក្សប្រឆាំង និងមេដឹកនាំរបស់ពួកខ្លួន។ សម្រាប់កញ្ញា កឹម មនោវិទ្យា បានពន្យល់បន្តទៀតថា៖ «ចង់ប្រាប់អ្នកប្រព្រឹត្តថា៖ មិនហត់ទេ មិនឈឺចាប់ទេ ហេីយក៍មិនគុំដែរ ព្រេាះទាំងអស់នេះ មិនមែនជារឿងបុគ្គល»។
ការបង្ខាំងខ្លួន លោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្ស ត្រូវបានអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ធ្វើការប្រៀបធៀបទៅនឹងអ្នកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំប្រឆាំងភូមា ដែលត្រូវបានរបបដឹកនាំយោធា បង្ខាំងខ្លួនអ្នកស្រី ឲ្យនៅតែក្នុងផ្ទះរាប់ឆ្នាំ។ លោក កែម ឡី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អស់ជាង២០ឆ្នាំ ការតស៊ូរបស់លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីទាមទាលទ្ធិប្រជាធិបតេយ្យពិតនៅប្រទេសភូមា ប្រាកដជាទទួលបានជោគជ័យ ដោយសារតែសុខចិត្តប្រឈមនឹងការចាប់ខ្លួន និងឃុំខ្លួននៅក្នុងផ្ទះ ហើយអ្នកគាំទ្រ នៅតែបន្តឲ្យតម្លៃលោកស្រី។ (...) ការតស៊ូមនសិការ និងពហុមតិក្នុងពេលបច្ចុប្បន្ននេះ ត្រូវការចាំបាច់បំផុតសម្រាប់កម្ពុជា ក្នុងការរុញច្រានទៅរកបន្ទាត់នយោបាយមួយ ដែលត្រឹមត្រូវ និងរួមគ្នាដោះស្រាយ នូវឧបាយកល និងកលល្បិចចាស់ៗ ដែលបានប្រើកន្លងមក។»
រីឯកញ្ញា កឹម មនោរវិទ្យា កូនស្រីច្បងរបស់អនុប្រធានគណបក្សប្រឆាំងវិញ បានសម្ដែងការប្ដេជ្ញាចិត្តថា៖ «សំខាន់គឺមិនឈប់ជំរុញឪពុក និងខ្លួនឯង ចំពេាះបុព្វហេតុជាតិជាដាច់ខាត»៕