គ.ជ.ប៖ មន្ត្រីរាជការកងទ័ពនគរបាល អាចឃោសនាបោះឆ្នោតបាន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់សារជាថ្មីទៀត ថា មន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) អាចធ្វើការ និងចូលរួចឃោសនាបោះឆ្នោតបាន ដោយមិនខុសច្បាប់ឡើយ ប្រសិនបើមន្ត្រីទាំងនោះ មិនយកតួនាទី និងមធ្យោបាយរបស់រដ្ឋយកទៅប្រើប្រាស់។ យ៉ាងណាក៏ដោយ មន្ត្រីតំណាងមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងតបទៅវិញថា ការអនុញ្ញាតនេះ ជាការអនុវត្តផ្ទុយនឹងច្បាប់បោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ។
កិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
បោះឆ្នោតឃុំ-សង្កាត់ - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ដោយមានការចូលរូមពីអង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា សម្រាប់មន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) មិនមែនទើបតែ គ.ជ.ប លើកឡើងឲ្យធ្វើការឃោសនាបោះឆ្នោតបាន ក្នុងពេលនេះទេ ហើយគ.ជ.ប ក៏បានធ្វើការបកស្រាយជាច្រើនលើកច្រើនសារដែរ។
លោកអគ្គលេខាធិការគ.ជ.ប បានពន្យល់ថា៖ «ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មានចំណុចខ្លៈដែលផ្តល់សិទ្ធិ ឱកាសឲ្យអ្នកទាំងអស់នោះ ធ្វើសកម្មភាពនយោបាយ។ (…) ការអនុញ្ញាតឲ្យគាត់នៅក្រៅម៉ោងធ្វើការ ម៉ោងឈប់សម្រាក ឬម៉ោងច្បាប់ទំលាប់នោះ ឬសុំច្បាប់ទាំងនោះ បានអនុញ្ញាតតាំងពីមុនមកហើយ។ (…) តែអ្វីដែលយើងហាម មិនឲ្យប្រើតួនាទី ឬទ្រព្យសម្បត្តិរបស់រដ្ឋ ទៅប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត។ (…) វាមិនមែនជាចំណុចថ្មីទេ មានតាំងពីមុន (តាំងពីអ៊ុនតាក់) មកហើយ។ ឯប្រទេសផ្សេងៗទៀត ក៏គេអនុញាតដូច្នេះដែរ។»
ប្រតិកម្មទៅនឹងការលើកឡើងរបស់ គ.ជ.ប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បាននិយាយថា ការអនុញ្ញាតឲ្យមានវត្តមានមន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា ប៉ូលីស ទាហាន កងកម្លាំងប្រដាប់អាវុធ ចូលរួមឃោសនាបោះឆ្នោត ថាជាការអនុវត្តដោយផ្ទុយនឹងច្បាប់ បោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងរូបនេះ បានចាត់ទុកថា គ.ជ.ប បានធ្វើការ«លំអៀង» តាមរយៈការផ្តល់សិទ្ធិទៅឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) ទាំងនោះ ឲ្យចូលរួមឃោសនាបោះឆ្នោត ដែលមន្ត្រីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋភាគច្រើន សុទ្ធសឹងជាសមាជិកសកម្ម ឬសមាជិកស្ថាបនិកនៃគណបក្សប្រជាជកម្ពុជា។
លោក គួយ ប៊ុនរឿន បានទទួលស្គាល់ឲ្យមានការចូលរូមរបស់មន្រ្តីរាជការទាំងនេះ តែត្រូវធ្វើឡើងក្នុងទិដ្ឋភាពច្បាប់ មិនត្រូវធ្វើឡើង តាមការបើកទូលាយនោះទេ។ លោកបានបង្ហាញថា មាត្រា១៨ នៃលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងមាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ មានការយោងគ្នាទៅវិញទៅមក ក្នុងការកំណត់នូវច្បាប់«ពិសេសស»មួយ សម្រាប់អ្នកទាំងនោះ ស្នើសុំដើម្បីចូលរួមទាំងការឃោសនាបោះឆ្នោត និងក៏ក្នុងនាមជាបេក្ខជនផង។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សាទិ បានធ្វើការលើកឡើងថា មន្រ្តីរាជការណាដែលជាបេក្ខជននៃគណបក្សនយោបាយ និងមានបំណងចូលរូមក្នុងការបោះឆ្នោត ត្រូវតែមានច្បាប់«ពិសេស» ជាមួយនឹងការចែងឲ្យច្បាស់ នូវកម្មវត្ថុសុំឈប់របស់ខ្លួន ដើម្បីចូលរូមការឃោសនាបោះឆ្នោតជាដើម។ លោកបានបន្ថែមថា ប្រធានស្ថាប័នទាំងនោះមិនអាចធ្វើការរារាំង ឬមិនអនុញាតិឲ្យក្នុងការសុំច្បាប់នេះឡើយ។ លោកបញ្ជាក់ដូច្នេះថា៖ «ច្បាប់នេះ ត្រូវតែឲ្យជាដាច់ខាត សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោត ប្រធានស្ថាប័នមិនអាចធ្វើការរារាំងបានទេ។ បើគេធ្វើខុស ឬប្រធានស្ថាប័ននាមួយ មិនអនុញ្ញាតិយើងអាចប្តឹងបាន។»
ឯលោក អ៊ក គឹមហាន តំណាងគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការបោះឆ្នោត មិនបានធ្វើការបកស្រាយទៅលើចំណុចទាំងនេះឡើយ ហើយលោកគាំទ្រទាំងស្រុង ទៅនឹងសេចក្តីណែនាំរបស់គ.ជ.ប នាពេលកន្លងមកថាត្រឹមត្រូវ នឹងសមស្របតាម នីតិវិធិនិងបទបញ្ជា និងច្បាប់បោះឆ្នោត។ លោកបានលើកឡើងថា នីតិវិធីនិងបទបញ្ជាទាំងអស់នោះ ក៏មានការចូលរួម និងឯកភាពពីគណបក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះដែរ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ មេសា ២០១៤