អតីតស្ថាបនិកដែលគេបណ្ដេញចេញ បដិសេធមិនបានប្តឹងបិទស៊ីខៅឌូ
អតីតមន្ត្រីសហជីពដែលត្រូវគេបណ្ដេញចេញ លោក អ៊ុំ វិសាល បានប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើង ដែលថាលោក និងអ្នកស្រី រឿន ចាន់ថន បានប្តឹងចង់ឲ្យបិទសហជីពស៊ីខៅឌូ ដោយបានហៅការលើកឡើងទាំងនោះ ថាជាការចោទប្រកាន់ ដើម្បីបំពុលបរិយាកាសអារម្មណ៍របស់កម្មករ។ ប៉ុន្តែអតីតស្ថាបនិកសហជីពស៊ីខៅឌូរូបនេះ បានអះអាងថា លោកចង់បង្កើតគណកម្មការមួយ ដើម្បីដឹកនាំសហជីពនេះជាបណ្ដោះអាសន្នសិន។
លោក អ៊ុំ វិសាល អតីតមន្ត្រីស្ថាបនិកសហជីព ដែលត្រូវបានសហជីពបណ្ដេញចេញ នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ជម្លោះផ្ទៃក្នុង - សេចក្តីប្រកាសពត៌មាន របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ក៏ដូចជាលោក សៀង យ៉ូត មន្រ្តីច្បាប់ទទួលបន្ទុកផ្នែកដោះស្រាយវិវាទរបស់សហជីព បានអោយដឹងថា ដីការរបស់តុលាការសាលាដំបូង កោះហៅលោក អាត់ ធន់ លោក ឯក សុភក្តី និងលោក គង់ អាទិត្យ នៅព្រឹកថ្ងៃទី២១ ខែមេសានេះ គឺដើម្បីបំភ្លឺរឿងទាក់ទងការប្តឹងរក្សា សុំដីការពីតុលាការដើម្បីផ្អាក (បិទអង្គភាព) សកម្មភាពសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងឱ្យលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ធ្វើជាថ្នាក់ដឹកនាំជំនួស។
ការអះអាងនេះ ត្រូវបានលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន បដិសេធថា ពួកគេមិនប្តឹងបិទសហជីពស៊ីខៅឌូនោះ នោះគ្រាន់តែជាការចោទប្រកាន់របស់លោក អាត់ ធន់ ដើម្បីទាកទាញការចាប់អារម្មណ៍ និងទទួលការគាំទ្រពីកម្មករតែប៉ុណ្ណោះ។
ថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នេះ អ្នកស្រី រឿន ចាន់ថន អតីតស្ថាបនិកស៊ីខាវឌូ ដែលត្រូវបានបណ្តេញចេញដែរនោះ បានបញ្ជាក់ថា អ្នកស្រីមិនមែនប្តឹង ដើម្បីបិទសហជីពស៊ីខៅឌូនោះទេ តាមពិតការប្តឹងនេះ គ្រាន់តែចង់ឲ្យតុលាការសើរើទាក់ទងនឹងការកេងប្រវ័ញ្ច និងប្រព្រឹត្តិអំពើពុករលួយនៅកន្លែងហ្នឹងទេ។ រីឯការដែលលើកឡើងថា អ្នកស្រីប្តឹងបិទអង្គភាពនោះ ជាការបំវែរឿងរបស់លោក អាត់ ធន់ ដើម្បីទទួលបានការគាំទ្រពីខាងកម្មករ ព្រោះថាកម្មករដែលមកចូលរួមនៅថ្ងៃនេះ មានអ្នកខ្លះមិនដឹងរឿងអីទេ។
មន្រ្តីច្បាប់ទទួលបន្ទុក ផ្នែកដោះស្រាយវិវាទលោក សៀង យ៉ូត បានថ្លែងឱ្យដឹងទៀតថា ការបោះឆ្នោតកន្លងមក បានបង្ហាញលទ្ធផលមកគឺលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន បានធ្លាក់សម្លេងឆ្នោត អត់ជាប់ជាប្រធាន អនុប្រធាន ឬក៏លេខានោះទេ ហើយក៏គ្មានសិទ្ធិណាមួយធ្វើជាថ្នាក់ដឹកនាំដែរ។ តែផ្ទុយទៅវិញ អ្នកទាំងពីរនាក់នេះបែរជាចោទថា អាត់ ធន់ គង់ អាទិត្យ ឯក សុភក្តី កេងប្រវ័ញ្ចលុយរបស់កម្មករនៅរោងចក្រអ៊ីហ្គាមិន ហើយយក«លេស»ណ្នឹង ឱ្យតុលាការតែងតាំងពួកគេ ឲ្យមកធ្វើជាថ្នាក់ដឹកនាំសហជីពស៊ីខៅឌូ ជាបណ្តោះអសន្នរហូតមានការដោះស្រាយចប់។
បកស្រាយទៅទៅលើបញ្ហានេះលោក អ៊ុំ វិសាល ប្រកាសថា៖ «ខ្ញុំសូមអះអាងថា ខ្ញុំមិនមែនចង់ដឹកនាំស៊ីខាវឌូទេ ប៉ុន្តែខ្ញុំចង់ឱ្យស៊ីខាវឌូធ្វើជាអង្គការមួយដូចដើម។ (..) ខ្ញុំចេញមុខ ដោយសារតែខ្ញុំជាស្ថានិករបស់ស៊ីខាវឌូ ជាអ្នកជាប់លេខរៀងទី៤នៃការបោះឆ្នោត អញ្ចឹងបើខ្ញុំមិនធ្វើតើអ្នកណាធ្វើ។ ក្នុងពេលដែលអ្នកទាំងបីនាក់នេះ ត្រូវបញ្ឈរជើង ខ្ញុំត្រូវបង្កើតគណកម្មការមួយបណ្តោះអាសន្ន។»
លោកបន្ថែមថា លោកបានដាក់ពាក្យសុំរក្សាការពារ ប្រសិនបើតុលាការរកឃើញថា លោក អាត់ ធន់ លោក គង់ អាទិត្យ និងលោក ឯក សុភក្តី មានបទល្មើស ដូច្នេះពួកគេមិនអាចដឹកនាំស៊ីខៅឌូបានទេ។ ស៊ីខៅឌូ ត្រូវតែមានគណកម្មការបណ្តោះអាសន្នមួយ ដើម្បីធ្វើការដឹកនាំ ព្រោះពួកគាត់ទាំងបីស្ថិតនៅការស៊ើបអង្កេត អញ្ចឹងចាំបាច់ត្រូវតែសុំដីការរក្សាការពារ។
ការលើកឡើងរបស់លោក អ៊ុំ វិសាល ត្រូវបានអ្នកច្បាប់មួយរូបស្និតនឹងសំនុំរឿង និយាយថា ជាការស្នើសុំដោយខុសច្បាប់។ អ្នកច្បាប់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា បើគ្រាន់តែក្រដាសបណ្ដឹងមួយសន្លឹក ឡើងទៅតុលាការ ហើយតុលាការមិនទាន់សម្រេចវិន្និច្ឆ័យទោស និងសម្រេចទោសយ៉ាងណាផងនោះ ចុងចោទនឹងមិនត្រូវបានចាត់ទុកថា មានទោស និងគ្មានច្បាប់ណាមួយ ដែលតម្រូវឲ្យដកហូតតំណែងកំពុងបំពេញភារកិច្ច របស់ចុងចោទនោះឡើយ។ ម្យ៉ាងទៀត លោក អ៊ុំ វិសាល ជាមន្ត្រីស្ថាបនិកដែលសហជីពបណ្ដេញចេញមួយរូប។ លោកអាចប្ដឹងទាស់ពីការបណ្ដេញចេញនេះ តែមន្ត្រីស្ថាបនិករូបនេះ គ្មានសិទ្ធិត្រឡប់ចូលមកកកូរកកាយ ផ្ទៃក្នុងសហជីពដែលមានលក្ខណៈ ដូចជាបុគ្គលខាងក្រៅមួយរូប ចូលមករំខានស្ថាប័នមួយយ៉ាងដូច្នេះឡើយ។ លោក អ៊ុំ វិសាល អាចធ្វើដឹងលឺរឿងផ្ទៃក្នុងរបស់សហជីពឡើងវិញបាន លុះត្រាណាតែតុលាការសម្រេចសេចក្ដីថា ការបណ្ដេញរូបលោកចេញពីសហជីព ក្នុងពេលកន្លងមក ជាការបណ្ដេញ«ខុសច្បាប់»៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤