តំណាង​​សហជីព​​ទាំង​២៧ ទាម​ទារ​​ឲ្យ​​រដ្ឋាភិបាល​​ទម្លាក់​ចោល សេចក្តី​ព្រាង​ច្បាប់​សហជីព

បន្ទាប់ពីសហគម និងអង្គការក្រៅរដ្ឋាភិបាល ដែលទាមទារ ឲ្យលុបចោល« សេចក្តីព្រាងច្បាប់ ស្តីពីសមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល»​នោះ ឥឡូវសហជីពចំនួន២៧ ក៏បានទាមទារ ឲ្យមានការលប់ចោល «សេចក្ដីព្រាងច្បាប់សហជីព»ដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 05, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងតិចណាស់ តំណាងក្រុមការងារ នៃបណ្តាញសហជីពកម្មករ ប្រមាណជាង១០០នាក់ មកពីសហជីពចំនួន២៧ បាន​មកជួបជុំគ្នា មុខក្រសួងការងារ កាលពីព្រឹកថ្ងៃទី២ ខែមិថុនានេះ ដើម្បីដាក់ញត្តិ ឲ្យក្រសួងការងារលប់ចោល នូវ​«សេច​ក្តី​ព្រាងច្បាប់សហជីព» ដែលមិនបានឆ្លើយតប ទៅនឹងការការពារសិទ្ធិ សេរីភាព វិជ្ជាជីវៈ ផលប្រយោជន៍​របស់​កម្មករ​-និយោជិក និងនិយោជកជាដើម។

តំណាងសហជីពទាំង២៧ បានលើកឡើងថា មាត្រាមួយចំនួនធំ ក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ មានការរឹតបណ្តឹង និងបន្ថយសិទ្ធិនានា ជាមួយនិងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង នៃសហជីព។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករកាត់ដេរ ហៅកាត់ថា ស៊ីខាវឌូ ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា មិនចាំបាច់ក្នុងការបង្កើត ឲ្យមានច្បាប់គ្រប់គ្រងសហជីពនោះទេ។ លោកបានបន្តថា ព្រោះ​វិស័យ​ការងារនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ការងារ អនុសញ្ញាអន្តរជាតិខាងការងារ ប្រកាស និង​លិខិត​បទដ្ឋាន​នានា ជាច្រើនទៀត ដែលមានស្រាប់ ហើយដែលបាននឹងកំពុង លើកកម្ពស់ សិទ្ធិសេរីភាពក្នុងការបង្កើត និង​ចូល​រួម​ក្នុងសហជីព។

លោកបានរៀបរាប់ថា បើក្រសួងការងារ នៅតែបន្តចម្រុញឲ្យមានច្បាប់ ដែលមានលក្ខណៈរិតបន្តឹង និងបន្ថយសិទ្ធិ​របស់​សហជីព កម្មករនិយោជិក ប្រឆាំងនឹងច្បាប់នានា ដែលមានមកស្រាប់នោះ លោកនឹងបន្តស្នើញត្តិជាបន្ត ទៅកាន់​តំណាង​រាស្រ្តទាំង១២៣រូប ក្នុងរដ្ឋសភា។ លោកបានបន្តទៀតថា កន្លងមក សហជីពបានធ្វើការងារ ការពារសិទ្ធិកម្មករ និង​និយោជិក​បានល្អ បើទោះជាក្រុមសហជីព បានជួបឧបសគ្គច្រើន បណ្ដាលពីថៅកែមួយចំនួន ដែលមិនបានគោរព​ច្បាប់ តាម​រយៈការឃុបឃិត ជាមួយមន្រ្តីអាជ្ញាធរកម្ពុជាមួយចំនួន។

លោក អាត ធន់ បានថ្លែងឡើងថា៖ «ច្បាប់ក្រោយនេះ មានន័យថា សិទ្ធិដែលយើងបានធ្វើមុនៗ មួយចំនួន​ត្រូវបាន​កាត់។ (…) នេះជាតំណាក់កាលទីមួយ ដែលយើងស្នើទៅក្រសួង។ បើមិនមានការទម្លាក់ចោល នូវច្បាប់សហជីពនេះទេ យើងនឹងបន្តដាក់ញត្តិ ទៅកាន់ស្ថានទូតនានា សហគមអន្តរជាតិ។ បើច្បាប់នេះ ចូលដល់ដៃរដ្ឋសភា យើងស្នើឲ្យ​ទម្លាក់​ចោលបន្តទៀត បើសិនជានៅតែអនុម័ត តំណាងរាស្រ្តទាំងនោះ នឹងប្រឈមលើការចោទប្រកាន់ថា មិនបានតំណាង​ឲ្យ​រាស្រ្ត និងបញ្ចប់ការបោះឆ្នោតគាំទ្រ ដោយកម្មករ។»

ចំពោះប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ វិញ បានស្នើដល់រដ្ឋាភិបាល ឲ្យពិចារណា និងបញ្ឈប់​ជា​បន្ទាន់ នូវការចេញច្បាប់សហជីពនោះ។ លោកបានលើកឡើងថា គោលគំនិត របស់អ្នកដែលបង្កើតច្បាប់នេះឡើង មុខ​ជាចង់ការពារ និងប្រយោជន៍របស់ពួកគេ ច្រើនជាងប្រយោជន៍កម្មករនិយោជិក។ លោកថា ច្បាប់សហជីពនេះ មិន​មែន​ជាតម្រូវការរបស់កម្មករ ឬនិយោជិតរបស់ខ្មែរទេ ឬជាសេចក្តីត្រូវការ របស់សហជីព ដែលបំរើការឲ្យកម្មករពិត​ប្រាកដ​នោះ​ទេ តែវាអាចជាសេចក្តីត្រូវការ របស់ថៅកែក្រុមហ៊ុន និងរដ្ឋាភិបាលទៅវិញ។

ប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា៖ «បើទោះជាសហជីព ធ្លាប់បានចូលរួម ក្នុងការពិគ្រោះយោបល់ នូវច្បាប់នេះជាច្រើនលើក ក៏ពិតមែន យើងសូមដាក់នូវចំណុចមួយចំនួន ពិសេសសូមប្រឆាំងតែម្តង កុំឲ្យចេញច្បាប់​នោះ។ តែអ្វីដែលជាសំណើររបស់យើង មិនត្រូវបានគេយកចិត្តទុកដាក់ ឬដោះស្រាយទេ។ តាំងពីអាណត្តិមុន រហូត​មក​ដល់​អាណត្តិនេះ រដ្ឋាភិបាលនៅតែមានចេតនា ព្យាយាម ដើម្បីបញ្ចេញ និងអនុម័ត៌ច្បាប់សហជីពដដែល។»

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ទោះបីជាមានការចូលរួម ពិគ្រោះយោបល់ ក្នុងរយៈ​កាល​កន្លងមក យ៉ាងណាក៏ដោយ ក៏ច្បាប់នេះ ត្រូវបានរដ្ឋាភិបាល បាននឹងកំពុងធ្វើឡើង ជាលក្ខណៈលួចលាក់។ លោក​បន្តថា ពិសេសតាំងពីដើមឆ្នាំ២០១៥នេះតមក សេចក្តីព្រាងច្បាប់សហជីព កំពុងដំណើរការរបស់ខ្លួន ដោយលួចលាក់ ដោយពុំបានបើកទូលាយ សម្រាប់សហជីព បានចូលរួមឡើយ។ លោកបានបន្តថា ច្បាប់នេះមានការរំលោភសិទ្ធិ​មនុស្ស ច្បាប់ធម្មនុញ្ញ និងច្បាប់ការងារដែលមានស្រាប់។ លោកបានលើកជាឧទាហរណ៍ថា តាមច្បាប់ការងារ ការ​បង្កើត​សហជីព ចាំបាច់ត្រូវមានសមាជិកចូលរួម យ៉ាងតិចប្រាំបីនាក់ឡើងទៅ។

ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងទៀតថា ដោយឡែក ក្នុងសេចក្រីព្រាងច្បាប់សហជីពនេះ បែជាកំណត់ថា ត្រូវមាន​សមាជិកយ៉ាងតិច២០% នៃចំនួនសមាជិក។ លោកបានលើកមកពន្យល់ថា ក្នុងចំណោមកម្មករមួយពាន់នាក់ ត្រូវ​រក​សមាជិក​ឲ្យមាន២០០នាក់ ក្នុងការបង្កើតនូវសហជីពនេះ។ តាមន័យនេះ គឺជាការរំលាយសហជីពមួយ ដោយស្រប​ច្បាប់ និង​ឯកឯង។ លោកបានលើកឡើងថា គេធ្វើច្បាប់ ឲ្យមានភាពកាន់តែប្រសើរ មិនមែនធ្វើច្បាប់ ឲ្យកាន់តែតូច និង​ចង្អៀត​នោះ​ទេ។ ហើយបើទោះជា មានសហជីពធំៗមួយចំនួន ដែលមាននិន្នាការទៅរករដ្ឋាភិបាល ឬថៅកែក្រុមហ៊ុន បាន​គាំទ្រ នូវ​សេចក្តី​ព្រាង​ច្បាប់សហជីពនេះក៏ដោយ តែពួកគាត់ ហាក់ដូចជាមិនទាន់បានជួបពិភាក្សា ជាមួយ​សហជីព​ជាន់​ក្រោម​នៅ​ឡើយ។

យ៉ាងណា លោក សាលី នៅតែប្រកាន់ជំហររបស់ក្រុមលោកថា៖ «សេចក្រីព្រាងច្បាប់សហជីពនេះ មានលក្ខណៈ​អាក្រក់​តែម្តង បានធ្វើឲ្យកម្មករបាត់បង់នូវសិទ្ធិ និងសេរីភាព ដែលយើងមិនអាចទទួលយកបាន។ (…) យើងចង់បាន​សន្តិភាព ក្នុងវិស័យកាត់ដេរ តែបើសិទ្ធិ និងសេរីភាពត្រូវបានបាត់បង់ សន្តិភាពក៏និងគ្មាន។ (…) គេធ្វើដើម្បីតម្រូវ​ចិត្ត​សហជីព​ក្នុងរដ្ឋាភិបាលតែម្តង។ (…) យើងមិនចង់បានច្បាប់នេះតែម្តង ព្រោះច្បាប់ការងារ យើងបែងចែកបាន​ទូលំ​ទូលាយ និងបានល្អហើយ។»

ចំណែកប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿង តុលា ដែលកំពុងតាម​ដាន​រឿងនេះ បានបង្ហាញការយល់ឃើញរបស់លោកថា ប្រទេសណាក៏ដោយ គេបង្កើតច្បាប់មួយ មិនអាចឲ្យច្បាប់នោះ ចែង​ពី​ការ​ធាក់​ថយ នូវសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ពិសេសតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ដែលមានជា​ធរមាន។ យ៉ាងណា លោកបានទទួលស្គាល់ថា សេចក្តីព្រាងច្បាប់សហជីពនេះ មានការជជែកគ្នា នាពេលកន្លងមក​ជា​ត្រី​ភាគី។ តែសហជីព បានបង្ហាញនូវការសង្ស័យច្រើន ព្រោះតែសេចក្តីព្រាង ច្បាប់សហជីពចុងក្រោយនេះ នៅមិន​ទាន់​ទទួល​បាន ព័ត៌មានជាផ្លូវការនៅឡើយ។ លោកបានលើកយក ការសង្ស័យទាំងនោះ មកថ្លែងថា៖ «សេចក្តីព្រាងហ្នឹង បានវិលត្រឡប់ទៅរក សេចក្តីព្រាងដើមវិញ បន្ទាប់ពីមានការជជែក ពិគ្រោះយោបល់គ្នាជាច្រើនដង មកហើយនោះ។ ទោះ​មាន​ការ​កែ​លម្អ​មួយចំនួន តែសេចក្តីព្រាងនោះ ហាក់ដូចជាត្រឡប់ ទៅរកសេចក្តីព្រាងដើមវិញ ដែលរំលោភលើ​រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាពលកម្មអន្តរជាតិ។»

នៅក្នុងការតវ៉ាដាក់ញត្តិ នៅមុខក្រសួងការងារ របស់ក្រុមសហជីពទាំងនោះ ក្រសួងបានចាត់មន្រ្តីតំណាង ឲ្យមកទទួល​យកញត្តិ ប៉ុន្តែពុំបានឆ្លើយតបអ្វីច្រើន ជាមួយតំណាងសហជីពទាំងនោះឡើយ ដោយគ្រាន់តែលើកឡើងថា លោកនឹង​ពាំនាំ នូវអ្វីដែលជាតម្រូវការ របស់សហជីព ដើម្បីជម្រាបជូន ថ្នាក់ដឹកនាំរបស់ខ្លួនជាបន្ត។ តំណាងក្រសួងការងា លោក ទូច សុទ្ធមុត ប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយ នៃគណកម្មការដោះស្រាយ បញ្ហាកូដកម្ម និងបាតុកម្ម នៃក្រសួង​ការងារ បានមកទទូលយកញត្តិនេះ បានលើកឡើងថា៖ «ខ្ញុំតំណាងឲ្យក្រសួងការងារ មកទទួលយកសំណើរ​របស់​បង​ប្អូន ហើយខ្ញុំនឹងយកសំណើរនេះ ដាក់ជូនទៅឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីយកទៅពិចារណា និង​ផ្តល់​ជូន នូវព័ត៌មានទៅបងប្អូនវិញ នៅពេលណាមួយ។»

សូមរំលឹកថាកាលពីចុងខែឧសភា តាមលិខិតមួយច្បាប់ ដែលចេញដោយក្រសួងការងារ ធ្លាប់បានប្រកាសថា ក្នុង​សេចក្តី​ព្រាងច្បាប់សហជីពនេះ មានគោលដៅការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិក ជាមួយនឹងការ​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក។

ស្របគ្នានេះដែរ ក្នុងជំនួបរវាងលោក ស្កុត បាសប៊ី (Scott Busby ) ឧបការីរងនៃក្រសួងការបរទេស សហរដ្ឋអាមេរិក ជា​មួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីព្រឹកម៉ិញនេះ លោក បាសប៊ី បានបង្ហាញការ​ព្រួយ​បារម្ភ របស់​អន្តរជាតិ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលទាមទារ ឲ្យមានការបង្កើតច្បាប់សមាគម អង្គការក្រៅរដ្ឋាភិបាល និង​ច្បាប់​សហជីព ដោយបានលើកឡើងថា ក្នុងបរិបទដែលកម្ពុជា កំពុងកសាង និងពង្រឹងនីតិរដ្ឋនោះ ត្រូវធ្វើអ្វីទាំងអស់​ទៅ​តាម​រដ្ឋធម្មនុញ្ញ និងទៅតាមច្បាប់របស់កម្ពុជា ដែលមានជាធរមាន គប្បីច្បាប់ទាំងនោះមិនត្រូវបាននឹងបង្កើតឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...