កែម ឡី៖ CPP គ្មានទំនុកចិត្តខ្ពស់ថា នឹងអាចឈ្នះឆ្នោត
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៥
- កែប្រែចុងក្រោយ: October 31, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេច្បាស់ជាឆ្ងល់ ថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច តាំងពីជាង៣០ឆ្នាំមកហើយនោះ បែរជាទ្រាំមិនបាន នឹងការថ្លែងនានា របស់លោក កឹម សុខា រហូតចាត់ទុកថា ការថ្លែងទាំងនោះ ជាការញុះញង់ បង្កឲ្យមានអស្ថិរភាព... ហើយទីបំផុតទៅ បានដកអនុប្រធានគណបក្សប្រឆាំងរូបនេះ ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា? តើគណបក្សប្រជានកម្ពុជា ដែលកាន់អំណាច ដ៏ចាស់វស្សាមួយនេះ ពិតជាគ្មានសមត្ថភាព សម្រាប់តទល់អ្វីផ្សេង ក្រៅតែពីការបង្ហាញសាច់ដុំ ដូចជា បាតុកម្ម ធ្វើញត្តិ ចាប់ចង់ ឬដេញអ្នកនេះ ចាប់អ្នកនោះ ឬយ៉ាងណា?
សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមវិញ បានយល់ថា ចម្លើយមានបីយ៉ាង ក្នុងនោះចំណុចទីបី គឺគណបក្សប្រជាជនកម្ពុជា មិនមានទំនុកចិត្តខ្ពស់ ក្នុងការយកជ័យជំនះ នៃការបោះឆ្នោត នាពេលខាងមុខនោះឡើយ។ ថ្លែងកាលពីយប់ថ្ងៃទី៣០ ខែតុលា នៅក្នុងកម្មវិធី «វេទិកាអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី លោក កែម ឡី បានពន្យល់ទាក់ទង នឹងហេតុការណ៍បង្ហាញសាច់ដុំ របស់គណបក្សកាន់អំណាច នៃការដកមេដឹកនាំគណបក្សប្រឆាំង ពីតំណែងជាន់ខ្ពស់ នៅក្នុងរដ្ឋសភា ថាមានមូលហេតុបីយ៉ាង៖
ទី១) គណបក្សកាន់អំណាច ដែលដឹកនាំដោយលោក ហ៊ុន សែន អនុវត្តន៍រូបមន្ត បង្វែស្ថានការណ៍ ក្នុងនោះមានការចង់ងាកចេញ ពីបញ្ហាផែនទីព្រំដែន កម្ពុជា-វៀតណាមដ៏ចម្រូងចម្រាស់។
ទី២) ជាសេណារីយ៉ូនយោបាយមួយ ដើម្បីឲ្យសាធារណជនងាកចេញ ពីអំពើហិង្សាដ៏ឃោឃៅ នៃការវាយតប់ទាត់ធាក់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ។
និងទី៣) ព្រោះទំនុកចិត្ត របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវប្រកួតប្រជែង នៅថ្ងៃខាងមុខ មានកម្រិតទាប ហើយតម្រូវឲ្យគណបក្សមួយនេះ ត្រូវធ្វើសកម្មភាពច្រើនទៀត ទោះស្ថិតក្នុងរូបភាពអ្វីក៏ដោយ។
អ្នកស្រាវជ្រាវផ្នែកសង្គម ដ៏ល្បីឈ្មោះរូបនេះ បានថ្លែងឲ្យដឹងទៀតថា៖ «បើសិនជាគណបក្សប្រជាជន គាត់មានភាពច្បស់លាស់ បានន័យថា មានទំនុកចិត្តខ្ពស់ (នោះ) គាត់អត់លេងទេ ល្បែងនយោបាយអាក្រក់ៗណ្នឹង ល្បែងនយោបាយ ដែលសាធារណជនមិនអាចទទួលយកបានណ្នឹង គឺគាត់អត់លេងទេ។»
សូមរម្លឹកជូនថា រដ្ឋសភាកម្ពុជា បានដកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយអង្គប្រជុំសភាពេញអង្គ របស់រដ្ឋសភា ក្រោមសម្លេង៦៨លើ៦៨ នៃតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយការបោះឆ្នោតទម្លាក់នោះថា ការបញ្ចប់តំណែងនេះ គឺដើម្បីការពារនូវវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ។
ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិវិញ បានបរិហាករណីដកដេញ តំណែងរបស់លោក កឹម សុខា ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងនយោបាយដ៏តក់ក្រហល់មួយ ដែលបានធ្វើឡើង ក្រោយពីព្រឹត្តិការណ៍ស្ពាននាគ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ ហើយមន្ត្រីជាន់ខ្ពស់ជាច្រើន របស់គណបក្ស ត្រូវបានចាប់វាយខ្នោះ យកទៅឃុំខ្លួន នៅពេលនោះ៕