ពីធី​បុណ្យ​អ៊ុំ​ទូក អក​អំបុក​សំពះ​ព្រះ​ខែ ឆ្នាំ២០១៥ ត្រូវ​បាន​ផ្អាក

បន្ទាប់ពីបានផ្អាក ការប្រារព្ធព្រះរាជពិធី បុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ អស់​រយះពេល​បី​ឆ្នាំ​មក ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​វិញ នៅឆ្នាំ ២០១៤ កន្លងមកនោះ តែរដ្ឋាភិបាលកម្ពុជា បាន​ប្រកាស​ផ្អាកពិធី​បុណ្យ​ជាតិ​នេះ ជាថ្មីម្តងទៀត នៅឆ្នាំ ២០១៥ ក្រោមមូលហេតុទឹកទន្លេ មានកម្រិតទាប និងគ្រោះរាំងស្ងួត។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ៣១ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 31, 2015
  • ប្រធានបទ: បុណ្យជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋខ្មែរ នឹងគ្មានឱកាសបានរីករាយ នឹងព្រះរាជពិធីបុណ្យជាតិ បុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះខែ​ទេ នៅ ឆ្នាំ ២០១៥នេះ។ រដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្ដីសម្រេច ឲ្យផ្អាកការប្រារព្ធ​ពិធី​នេះ ក្រោមមូលហេតុ កម្រិតទឹកទាប និងវិបត្តិគ្រោះរាំងស្ងួត។

សារាចរមួយ​ចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ បានប្រកាសឲ្យដឹង ពីការផ្អាកនេះ និងបានបញ្ជាក់ពីមូលហេតុថា ដោយសារឆ្នាំនេះ ទឹកទន្លេមាន​កម្រិត​ទាបពេក ហើយកម្ពុជាបាន នឹងកំពុងជួបប្រទះគ្រោះរាំងស្ងួត ដែលទាមទារ ឲ្យរដ្ឋាភិបាលត្រូវរកមធ្យាបាយ ដើម្បីដោះស្រាយ បញ្ហាកង្វះខាតទឹក សម្រាប់ស្រូវប្រាំង ជូនដល់ប្រជាពលរដ្ឋ នៅតាមខេត្ត។

សារាចរដដែល បានចេញនូវសេចក្ដីណែនាំ ដូចតទៅ៖

១) ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាបមុខ​ព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តនៅថ្ងៃទី២៤-២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

២) ការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក នៅតាមខេត្តនានា អាចប្រព្រឹត្ត​ទៅជាធម្មតា​ តាមទំនៀមទម្លាប់ ប្រពៃណី និងតាមលទ្ធភាព របស់អាជ្ញាធរដែលជាអ្នករៀបចំ។

៣) ការឈប់សម្រាក របស់មន្រ្តីរាជការ និយោជិត កម្មករចំនួន០៣ថ្ងៃ ក្នុងព្រះរាជពិធីនេះ នៅរក្សាដដែល។

៤) គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី និងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការជួយ​ដោះ​ស្រាយបញ្ហាកង្វះខាតទឹក ដើម្បីជៀសវាង ការខូចខាតដំណាំប្រជាកសិករ នៅតាមបណ្តាខេត្ត ជាពិសេស​នៅ​រដូវប្រាំងនេះ។

គួរកត់សម្គាល់ដែរថា កាលពីរវាងឆ្នាំ២០១១ មកទល់នឹងឆ្នាំ២០១៣ ព្រះរាជពិធីបុណ្យនេះ ត្រូវបានរដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាសលប់ចោលដល់ទៅបីឆ្នាំជាប់គ្នា ក្រោមមូលហេតុ នៃការសោយទីវង្គត នៃសម្ដេច​ព្រះ នរោត្ដម សីហនុ និងគ្រោះទឹកជំនន់។ ការផ្អាកពិធីបុណ្យនេះ នៅក្នុងឆ្នាំ២០១៣ ត្រូវបានក្រុមអ្នកវិភាគ ពន្យល់​ថា ដោយសាររដ្ឋាភិបាល ដែលកាលនោះកំពុងរងសម្ពាធ ពីបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ មិន​ចង់​ឲ្យ​មាន​ការប្រមូលផ្ដុំមនុស្ស ដែលអាចត្រូវបានគណបក្ស​ប្រឆាំង យកទៅប្រើប្រាស់ ដើម្បីប្រឆាំង​រដ្ឋាភិបាល​​អណត្តិ​ទី៥ ដែលទើបនឹងបង្កើត។ ប៉ុន្តែសម្រាប់អ្នកសេដ្ឋកិច្ចវិទូបាន​យល់ថា ការផ្អាកព្រះរាជ​ពិធី​នេះ ជា​ការ​​ខាត​​បង់​​មួយ ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យទេសចរណ៍ដែរ។ រីឯ​អ្នក​ជំនាញ​ខាង​វប្បធម៌​វិញ បាន​មើល​​ឃើញ​​ថា កម្ពុជា​កំពុង​បំភ្លេច​ពិធីបុណ្យ​ប្រពៃណី របស់ជាតិខ្លួន ខណៈឯ​ប្រទេស​​ថៃ​និង​វៀតណាម កំពុង​ប្រារព្ធ​​ពិធី​​បុណ្យ​នេះ ជា​រៀង​រាល់​ឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...