អង្គការ​សិទ្ធិ​មនុស្ស បន្ទោស​រដ្ឋាភិបាល​បារាំង រឿង​«អបអរ»ហ៊ុន សែន

ប្រទេសបារាំងតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន ដែលបានផ្ញើរលិខិតទៅអបអរសាទរ លោកហ៊ុន សែន កាលពីដើមខែ​តុលានេះ បានបង្កឲ្យមានចម្ងល់ជាច្រើនផ្ទុះចេញពីពលរដ្ឋកម្ពុជា ក្រុមគណបក្សប្រឆាំង និងជាពិសេសបានធ្វើឲ្យ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ដែលមានបណ្ដាញនៅជុំវិញផែនដី ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ អង្គការនេះបានផ្ញើរលិខិតមួយ ទៅ​នាយករដ្ឋមន្ត្រីបារាំង ដោយបានបន្ទោសថា ហេតុដូចម្ដេច បានជាមិនមើលស្ថានភាពនយោបាយនៅកម្ពុជាផង !
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសបារាំងតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន ដែលបានផ្ញើរលិខិតទៅអបអរសាទរ លោកហ៊ុន សែន កាលពីដើមខែ​តុលានេះ បានបង្កឲ្យមានចម្ងល់ជាច្រើនផ្ទុះចេញពីពលរដ្ឋកម្ពុជា ក្រុមគណបក្សប្រឆាំង និងជាពិសេសបានធ្វើឲ្យ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ដែលមានបណ្ដាញនៅជុំវិញផែនដី ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ អង្គការនេះបានផ្ញើរលិខិតមួយ ទៅ​នាយករដ្ឋមន្ត្រីបារាំង ដោយបានបន្ទោសថា ហេតុដូចម្ដេច បានជាមិនមើលស្ថានភាពនយោបាយនៅកម្ពុជាផង !


រូបសញ្ញារបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការកណ្ដាល ក្នុងទីក្រុងញ៉ូយកសហរដ្ឋអាមេរិក។ (រូបថត HRW.org)

ទីក្រុងប៉ារីស - ការបោះឆ្នោតសកលនៅកម្ពុជា ដ៏ប្រទាំងប្រទើសកាលពីខែកក្កដាឆ្នាំ២០១៣នេះ នៅតែជាបញ្ហាមួយ​ទាក់​ទាញការចាប់​អារម្មណ៍ ពីសំណាក់បណ្ដា​សាធារណៈមតិអន្តរជាតិជាច្រើន ក្នុងនោះមានប្រទេសមួយចំនួន​បានសម្ដែង​ការ​អបអរសាទរ តែផ្ទុយទៅវិញប្រទេសមួយចំនួនទៀត បែរជានៅស្ងៀមមិននិយាយអ្វីទាំងអស់ ទាក់ទងនឹងលទ្ធផល​ដែល​ចេញពីការ​បោះឆ្នោតនេះ។ ចំពោះ​ប្រទេសបារាំងវិញ ដែលលោក ហ្សង់-ម៉ាក អៃរ៉ូ (Jean-Marc Ayrault)  នាយក​រដ្ឋមន្ត្រី ទើប​តែចេញលិខិតអបអរសាទរ កាលពីថ្ងៃទី០៤ខែតុលា ស្វាគមន៍រដ្ឋាភិបាលលោក ហ៊ុន សែន ​ថ្មីនោះ ក៏​បាន​ធ្វើឲ្យមាន​ការរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់ពលរដ្ឋខ្មែរម្ចាស់ឆ្នោត មន្ត្រី​គណបក្សប្រឆាំង និងមតិ​ជាតិ-អន្តរជាតិ​មួយ​ចំនួន ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជា​ភាសា​អង់គ្លេស​ថា Human Rights Watch នេះ​តែម្ដង។

នៅក្នុងលិខិតសរសេរជាភាសាបារាំង ចុះថ្ងៃទី២១ខែតុលា ហើយទើបនឹងចេញផ្សាយជាសារធារណៈ នៅថ្ងៃទី២៤ខែ​តុលា​នេះ គេមានឃើញអ្នកចុះហត្ថលេខាដល់ទៅពីរនាក់ គឺលោក ហ្សង់-ម៉ារី ហ្វាដូ (Jean-Marie Fardeau) នាយកអង្គការ​ឃ្លាំ​មើលសិទ្ធិមនុស្សប្រចាំប្រទេសបារាំង  និងម្នាក់ទៀតគឺលោក ប្រេដ អាដាម (Brad Adams) ដែលជានាយក​ប្រតិប័ត្តិ​អង្គការ​​នេះប្រចាំទ្វីបអាស៊ី។ សូមទាញយកលិខិតនោះ តាមរយៈខ្សែភ្ជាប់នេះ

លិខិតបានសរសេរនៅក្នុងឃ្លាដំបូងរបស់ខ្លួន បន្ទោសរដ្ឋាភិបាលបារាំង ថាមិនត្រូវធ្វើមិនដឹងមិនឮពីអ្វី ដែលក្រុមឃ្លាំមើល​ឯករាជ្យ អង្គការក្រៅរដ្ឋាភិបាលជាច្រើនក្នុងប្រទេសកម្ពុជា និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាន​លើកឡើងពីការបោះឆ្នោតមួយ ដែលបានប្រលាក់ប្រលូកយ៉ាងធ្ងន់ធ្ងរនោះទេ។ លិខិតបានបន្តថា ការបោះឆ្នោតនោះបាន​បង្កមន្ទិលឲ្យអ្នកផងបានឃើញ ពីកង្វះតម្លាភាពជាប្រព័ន្ធដ៏ខ្លាំង ភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងការចុះឈ្មោះ​បោះ​ឆ្នោត ការលួចបន្លំឆ្នោត សមាជិកគណកម្មាធិការរៀបចំការបោះឆ្នោត ដែលជាសមាជិករបស់បក្សនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនឯករាជ្យ នោះជាដើម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេរទៀតថា គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់មធ្យោបាយរបស់រដ្ឋ  ដើម្បី​ជា​ផលប្រយោជន៍ដល់ការឃោសនាបោះឆ្នោត ហើយថាកងកម្លាំងរក្សាសន្តិសុខសាធារណៈ មិនបានបំពេញតួនាទី​របស់​ខ្លួន​ត្រឹមត្រូវនោះឡើយ។ លិខិតបានបន្ទោសនាយករដ្ឋមន្ត្រីបារាំងថា «លោកបានអបអរសាទរមេដឹកនាំម្នាក់ ដែលបានកាន់​អំណាចតាំងពី២៨ឆ្នាំ មិនត្រឹមតែដោយរដ្ឋប្រហារ និងការបោះឆ្នោតលួចបន្លំប៉ុណ្ណោះទេ តែដោយប្រវត្តិដ៏វែងអន្លាយមួយ នៃការរំលោភសិទ្ធិមនុស្ស ជាពិសេសការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ចាប់អ្នកប្រឆាំងដាក់ពន្ធនាគារ និងការកំហិតយ៉ាង​ធ្ងន់ធ្ងរ​នូវសិទ្ធិជាមូលដ្ឋាន»។

អង្គការសិទ្ធិមនុស្សមួយនេះ បានសម្ដែងក្ដីសង្ឃឹមថា ប្រទេសបារាំងដែលល្បីឈ្មោះ ជាជើងឯកខាងលិទ្ធិប្រជាធិបតេយ្យ​នោះ គួរបង្ហាញជំហររបស់ខ្លួនច្បាស់លាស់ជាងនេះ ដើម្បីការបោះឆ្នោតមួយ សេរី និងយុត្តិធម៌នៅកម្ពុជា។ ជាពិសេស​ប្រទេសបារាំង ក្នុងតួនាទីជាម្ចាស់ហត្ថលេខីមួយ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១នោះផង គួរធ្វើការអំពាវនាវ​ទៅឲ្យគ្រប់ភាគីទាំងអស់ រួមទាំងគណបក្សប្រជាជនកម្ពុជាផង ឲ្យគោរពឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិមនុស្ស។

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់បានទទួលចម្លើយឆ្លើយតប ពីសំណាក់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបារាំង នោះនៅ​ឡើយ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានព្យាយាមសុំប្រតិកម្មពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកទទួលខុស​ត្រូវនៃគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង ប៉ុន្តែមិនអាចទាក់ទងបានទេ នៅយប់ថ្ងៃ២៤ខែតុលានេះ។ ជារឿយៗ រដ្ឋាភិបាលកម្ពុជាតែងហៅប្រតិកម្ម របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថាគ្មានសុចរិតភាព មានចរិកលំអៀងទៅគណបក្ស​ប្រឆាំង ដើម្បីធ្វើការវាយប្រហារតែទៅលើលោក ហ៊ុន សែន។ ការចេញផ្សាយលិខិតនេះទៀតសោធ ក៏ត្រូវបានធ្វើឡើង​ស្របពេលនឹងមហាបាតុកម្មលើកទី៣ របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងប្រព្រឹត្តិទៅ នៅក្នុងប្រទេសកម្ពុជាដោយ​មាន​អ្នក​ចូលរួម​រាប់ម៉ឺននាក់ ដើម្បីបរិហារពីការលួចបន្លំនៅក្នុងការបោះឆ្នោតកន្លងមក ទាមទារឲ្យមានការគោរពឲ្យ​បាន​ពេញ​លេញ នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងសុំឲ្យអន្តរជាតិកុំទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ចេញពីរដ្ឋសភា‍«ឯកបក្ស»របស់គណបក្សប្រជាជនកម្ពុជា៕

-----------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...