គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

លោក ​ឈូក បណ្ឌិត ​អតីត​អភិបាលក្រុង​បាវិត បានចូលសារភាព នៅប្រាំមួយថ្ងៃ ក្រោយការថ្លែងរបស់លោក ហ៊ុន សែន ដែលបានបញ្ជាឲ្យចាប់ខ្លួនទណ្ឌិតរូបនេះ មកអនុវត្តន៍ទោស ទាក់ទងនឹងការបាញ់បោះ បង្ករបួសស្នាម ទៅ​លើ​កម្មការិនី​នៅ​ក្រុង​បាវិត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូល​ខ្លួន​មកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។

លោក ឈូក បណ្ឌិត បានចូលមកសារភាព​ នាវេលាម៉ោង ​ប្រមាណ​១២​ថ្ងៃ​ត្រង់ ថ្ងៃទី៨ ខែសីហា នៅ​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង​៣០​នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត​ ដើម្បី​ចាត់ការ​តាមច្បាប់។ នេះបើតាមការ​អះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀល​ថ្ងៃ​ដដែល។

លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមាន​ការចាប់ខ្លួន​ទេ ​គឺជា​ការ​ចូលខ្លួន ​មក​ស្នងការដ្ឋាន​នគរ​បាល ​រាជធានី​ភ្នំពេញ​ ដោយ​ខ្លួនឯង»។

ចំណែកឯព្រះរាជអាជ្ញារង​ អម​សាលាដំបូង ខេត្តស្វាយរៀង លោក ផាន់ រតនា​ ក៏បានអះអាង នៅរសៀល​ថ្ងៃ​ដដែលដែរថា លោក ឈូក បណ្ឌិត ត្រូវបានបញ្ជូនខ្លួន ឲ្យចូលពន្ធនាគារខេត្តរួចរាល់ហើយ។

ការចូលសារភាព របស់លោក ឈូក បណ្ឌិត បានធ្វើឡើងប្រាំមួយថ្ងៃ ក្រោយការថ្លែងខ្លាំងៗ របស់លោក ហ៊ុន សែន ឲ្យតាមស្វែងចាប់ខ្លួន មនុស្សមួយចំនួន ដែលបានសង្ស័យថា បានប្រព្រឹត្តិអំពើហិង្សា នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។

ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់ ​ក្នុង​ខេត្ត​កណ្តាល ​កាល​​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ លោក ហ៊ុន សែន បានឆ្លៀតនិយាយភ្ជាប់ករណីចាប់ខ្លួន សកម្មជនគណបក្សប្រឆាំង ទៅករណីលោក ឈូក បណ្ឌិត ថា៖ «ឥឡូវ​សន្ទនា​នៅ​តែ​សន្ទនា​ ប៉ុន្តែ​រឿង​ច្បាប់ ​ទាក់​ទង​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ អត់​សន្ទនា​ជាមួយ។​ បិទ​ផ្លូ​វ​តវ៉ា។​ អាហ្នឹង​ ខ្ញុំ​អត់​មាន​សិទ្ធិ។​ ហើយ​បញ្ជា​តាម​ចាប់​ខ្លួន​ ចេះ​តែ​តាម​ចាប់​ខ្លួន​ ព្រោះ​អាហ្នឹង​វា​រឿង​ព្រហ្ម​ទណ្ឌ។​ ​លោក​ឯង​មិន​តាម​ចាប់!​ ប៉ូលិស​ខុស!​ សូម្បី​តែ​រឿង​ ឈូក បណ្ឌិត​ មិន​តាមចាប់ខ្លួន គឺ​ប៉ូលិសខុស។​»

ឈ្មោះ និងរូបថតលោក ឈូក បណ្ឌិត ត្រូវបានបង្ហោះពេញពិភពលោក នៅក្នុងបញ្ជីតាមចាប់ខ្លួន នៃនគរបាល​អន្តរជាតិ ឬអាំងទែប៉ូល (Interpol) ជាប់ជិតមួយឆ្នាំហើយ ប៉ុន្តែសម្រេចសម្រួលទៅ លោក ឈូក បណ្ឌិត មិន​មែនទៅ​សំងំលាក់ខ្លួន នៅក្រៅប្រទេស ដូចការប្រមើលស្មាន (ឬជាការបង្វែងដាន) របស់កម្លាំងសមត្ថកិច្ច​កម្ពុជា នាពេលមុនទេ។ តែជាការ​លាក់​ខ្លួន ដែលបានធ្វើឡើង នៅក្នុងប្រទេសកម្ពុជានេះតែម្ដង ព្រោះបើ​សូម្បី​លោក ហ៊ុន សែន ខ្លួន​លោក​ក៏​​បាន​ថ្លែង​បង្ហើប​ឲ្យដឹង ពីករណីនេះដែរ។ លោក ហ៊ុន សែន ថ្លែងឡើងថា៖ «ទើប​ដល់ឥឡូវ​ ទើប​ឮអី​ ចេញ​​​អា​ដែង​​ស្អី​ អាំង​ទែប៉ូល​ ចេញ​តាម​ចាប់។​ ឥឡូវ​អា​បទ​ល្មើស នៅថ្ងៃ​១៥​កក្កដា​ លោក​ឯង​មិន​តាម​ចាប់​ បន្តិច​ទៀត​​​លោក​​​ឯង​នឹង​​ខុស។»

ចំពោះក្រុមអ្នករិះគន់វិញ មិនបានទម្លាក់កំហុសទាំងស្រុង ទៅលើកងកម្លាំងសមត្ថកិច្ចកម្ពុជានោះទេ។ ពួកគេ​បានសម្ដែងមន្ទិលថា ការរស់នៅក្រៅឃុំបានយ៉ាងយូរ របស់លោក ឈូក បណ្ឌិត ដោយសារ​តែ​អតីត​អភិបាល​ក្រុងបាវិតរូបនេះ មានមន្ត្រីរដ្ឋាភិបាល ជាខ្នងបង្អែកយ៉ាងរឹងមាំ និងជួយ​ធ្វើ​ការលាក់បំបាំងលោក ពីការប្រម៉ាញ់​របស់ក្រុមសមត្ថកិច្ច។ សាក្សីមួយរូប ដែលជាអ្នករត់ម៉ូតូឌុប ធ្លាប់បាន​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោក​បាន​ឃើញវត្តមានលោក ឈូក បណ្ឌិត នៅក្នុងផ្ទះឧបនាយករដ្ឋមន្ត្រី អ្នក​ស្រី ម៉ែន សំអន កាល​ពីអំឡុង​ខែ​តុលា ឆ្នាំ២០១៣ នៅមុនពេលបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែការអះអាងនេះ ត្រូវបាន​បដិសេធ​ចោល ដោយ​ជំនួយ​ការ​របស់​អ្នកស្រី ម៉ែន សំអន ថាជាការលើកឡើងមិនពិត។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

សូមរំលឹកដែរថា លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង កាត់ទោស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៣ ឲ្យ​ជាប់ពន្ធនាគារ រយៈពេល ១​ឆ្នាំកន្លះ និងបង់ប្រាក់​សំណង​សរុប ៣៨​លាន​​រៀល ​ពីបទ​បាញ់ប្រហារ​ទៅលើ​កម្មការិនី​៣​នាក់ ឲ្យ​រងរបួស កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២​។ ប៉ុន្តែ​លោក ឈូក បណ្ឌិត បានបាត់ខ្លួនសូន្យ​ឈឹង​ បន្ទាប់​ពីសាលក្រមតុលាការ​​កំពូល ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៤ បានចូលជាស្ថាពរ​នោះមក។

កាល​ពី​ចុង​ខែ​កក្កដា​កន្លងទៅ​ ស្ត្រីទាំង​បី​នាក់ ដែលរងគ្រោះពីការបាញ់បោះ របស់លោក ឈូក បណ្ឌិត ​មាន​ឈ្មោះ ប៊ុន ចិន្តា , នុត សុខន និង កែវ នា បាន​ដាក់​ពាក្យ​ប្តឹង​មក​រដ្ឋ​សភា​ជាតិ ​ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​តាមចាប់​ខ្លួន ​លោក​ឈូក បណ្ឌិត ​និង​ទាមទារ​យុត្តិធម៌។ ​ពួកនាងបាន​ប្រៀបធៀប​ សំណុំ​រឿង​របស់​ពួកនាង ទៅនឹង​សំណុំ​​រឿង​កញ្ញា​ ឯក សុជាតា​ ​ហៅ​ សាសា ​អតីត​ពិធីការិនី​ទូរទស្សន៍ ​ដែល​បានរងគ្រោះ ពីការវាយតប់​របស់​លោក​ឧកញ៉ា សុខ ប៊ុន ហើយបានទទួលការ​យក​ចិត្ត​ទុក​ដាក់ យ៉ាងមានប្រសិទ្ធភាព ​ពីរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង និងជាពិសេស ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...