កូនប្រសារមេគុក វាយនគរបាលស្ត្រី នៅសៀមរាប៖ លុយឬច្បាប់?
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៥
- កែប្រែចុងក្រោយ: August 09, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លុយ ឬច្បាប់? ចម្លើយមានតែមួយទេ នៅពេលនេះ គឺច្បាប់ ដោយសារតែ ក្រុមអាជ្ញាធរខេត្តសៀមរាប បានបញ្ជូនខ្លួនបុរសម្នាក់ ជាកូនប្រសារប្រធានពន្ធនាគារខេត្តនេះ ឈ្មោះ លឹម ស្នេហ៍គំនិត ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហានេះដើម្បីចាត់វិធានការ ទាក់ទងនឹងករណីប្រើអំពើហិង្សាវាយតប់ ទៅលើភ្នាក់ងារនគរបាលចរាចណ៍ ជាស្ត្រីមួយរូប។ ប៉ុន្តែនៅមុននិយាយពីច្បាប់ ការសម្របសម្រួល ផ្នែកលុយកាក់មួយ ទំនងជាត្រូវបានធ្វើឡើង រួចហើយ។ នេះបើតាមការអះអាង របស់ជនសង្ស័យខ្លួនឯង កាលពីថ្ងៃទី៦ ខែសីហាកន្លងមក។
ស្រង់សម្ដីដោយទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ បាយ័ន ជនសង្ស័យ លឹម ស្នេហ៍គំនិត បានអះអាងថា លោកបានព្រមព្រៀង បង់ថ្លៃជំងឺចិត្ត ដល់ភ្នាក់ងារនគរបាល ជាស្ត្រីនោះ ចំនួន៥០០ដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែសីហា ដើម្បីលុបលាងកំហុស ដែលខ្លួនបានប្រព្រឹត្តិ កាលពីថ្ងៃទី៤ ខែសីហា (មុនពីរថ្ងៃ) ទៅលើនាង ខណៈនាងកំពុងបំពេញតួនាទី ក្នុងការធ្វើសណ្ដាប់ធ្នាប់ចរាចរណ៍។ ទូរទស្សន៍នោះ បានអះអាងទៀតថា ការព្រមព្រៀងទទួលលុយនេះ បានធ្វើឡើង ដោយមានធ្វើកិច្ចសន្យា ប្រគល់ទទួលលុយ ចំនួន៥០០ដុល្លារ អាមេរិកជា«ផ្លូវការ» ដើម្បីបញ្ចប់រឿងទំនាស់ នៅវេលាម៉ោង១០និង២៣នាទី ព្រឹកថ្ងៃទី០៦សីហា ដោយមាន«សាក្សីនគរបាលដូចគ្នា ចូលរួមដឹងឮ ហើយមានផ្តិតស្នាមមេដៃនគរបាលនារី» នោះថែមទៀត។
ជាការអនុវត្តច្បាប់!
ប្រសិនជាមាន ការព្រមព្រៀងគ្នាដូច្នេះហើយ ហេតុម្ដេចឡើយ ក៏មានការបញ្ជូនខ្លួន ជនសង្ស័យ ដែលជាម្ចាស់អាងក្រពើររដ្ឋ ដែលសម្បូរដោយធន់ធាន និងជាកូនប្រសារ ប្រធានពន្ធនាគារខេត្ត ទៅកាន់តុលាការ? ចម្លើយមិនពិបាកយល់ទេ៖ ដោយសារតែច្បាប់ របស់ប្រទេសកម្ពុជា បានចាត់ទុកករណីវាយតប់នេះ ជាបទបង្ករបួសស្នាម ដោយចេតនា ដែលមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យ ហើយនេះជាបទមជ្ឈឹម (មិនមែនជាបទឧក្រិដ្ឋ)។
សម្រាប់បទបង្ករបួសស្នាម ទោះមិនមានពាក្យបណ្ដឹង របស់ជនរងគ្រោះ ឬមានការសម្របសម្រួល រវាងភាគីទាំងពីរក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ចាំបាច់ត្រូវចាត់ការ តាមនីតិវិធីដែរ។ ជាពិសេសទៅទៀតនោះ គឺករណីនេះ ត្រូវបានបណ្ដាញផ្សព្វផ្សាយ យកមកផ្សាយពាសពេញស្រុក ដែលពិបាកនឹងធ្វើឲ្យអាជ្ញាធរ អាចបញ្ចប់រឿងរ៉ាវ នៅក្រៅប្រព័ន្ធតុលាការ ឬដោយស្ងាត់កំបាំងនោះណាស់។
ច្បាប់ដែលយកមកអនុវត្តន៍ ក្នុងករណីខាងលើ មិនខុសពីច្បាប់ ដែលយកមកអនុវត្តន៍ នៅក្នុងករណីវាយតប់ របស់លោកឧកញ៉ា សុខ ប៊ុក ទៅលើអតីតពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា នោះឡើយ។ សូមអានអត្ថបទ ដែលអះអាងពីផ្លូវច្បាប់ បកស្រាយដោយអ្នកច្បាប់ ទាក់ទងនឹងអំពើហិង្សានេះឡើងវិញ ដោយចុចនៅលើទីនេះ។ កាន់តែធ្ងន់នោះ ការវាយតប់បង្ករបួសស្នាម របស់ជនសង្ស័យ ទៅលើភ្នាក់ងារមន្ត្រីសាធារណៈ អាចមានស្ថានទំងន់ទោស កាន់តែច្រើននោះទៀត។
រូបភាពគណបក្សកាន់អំណាច
ចុះហេតុអ្វី ចាំបាច់មានពាក្យបណ្ដឹង របស់ជនរងគ្រោះ នៅរសៀលថ្ងៃទី៦ ខែសីហា បើកាលពីពេលព្រឹកថ្ងៃដដែល ជនរងគ្រោះទំនងជាបានសម្របសម្រួល ព្រមព្រៀងទទួលសំណង ពីជនសង្ស័យហើយនោះ ហើយករណីនេះ ក្រុមនគរបាលអាចចាត់វិធានការ ដោយគ្មានពាក្យបណ្ដឹងបានទេតើ?
គេមិនអាចឆ្លើយជំនួសអាថ៌កំបាំង ដែលបានលាក់នៅក្រោយ ពាក្យបណ្ដឹង ដែលកើតក្រោយការសម្របសម្រួលនេះបានទេ។ ប៉ុន្តែពាក្យបណ្ដឹងនេះ គួរតែធ្វើឡើង ខណៈជនសង្ស័យជាមនុស្ស មានប្រាក់មានអំណាច ហើយម្យ៉ាងទៀត ដើម្បីឆ្លើយតប ទៅនឹងបទបញ្ជា របស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ដែលសុទ្ធតែបានកំណត់ ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ឲ្យតាមចាប់បុរសដៃដល់នោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ ទាំងនេះអាចជាចេតនាមួយ ក្នុងការបង្កបង្កើត ឲ្យមានការគោរពច្បាប់ទម្លាប់ នៅក្នុងប្រទេស និងធ្វើឲ្យរូបភាព របស់គណបក្សកាន់អំណាច មានសភាពកាន់តែប្រសើរឡើងផង។
ដំណើររឿងបែបណា?
របាយការណ៍ របស់នគរបាល បានរៀបរាប់ថា ការវាយតប់បានកើតឡើង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យ បានដឹកភរិយាខ្លួន ដោយជិះលើម៉ូតូមួយ គ្មានស្លាកលេខ គ្មានពាក់មួកសុវត្ថិភាព ហើយចង់គេចចេញ ពីការហៅឲ្យឈប់ របស់ភ្នាក់ងារនគរបាលចរាចរណ៍ នៅចំណុចមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងស្ថិតនៅរង្វង់មូល មណ្ឌលសុខភាពគាំពារមាតា និងទារក ខាងលិចស្ទឹងសៀមរាប ដែលមានផ្លូវបំបែកជាបី។ បន្ទាប់ពីបានជិះម៉ូតូ ទៅមុខទៅក្រោយ ដោយហេតុថា មានភ្នាក់ងារនគរបាល នៅជុំវិញនោះ ជនសង្ស័យបានសម្រេច ជាចុងក្រោយ ជិះម៉ូតូសំដៅភ្នាក់ងារនគរបាល ជាស្ត្រីម្នាក់ ដែលមានឈ្មោះ ទូច មុំ មានឋានន្តរសក្កិព្រិន្ទបាលទោ។
ប៉ុន្តែភ្នាក់ងារ ទូច មុំ មិនបានទុកឲ្យជនសង្ស័យ ដែលជិះធ្វើចរាចរណ៍ខុសច្បាប់ ចេញពីការឃាត់របស់នាងឡើយ។ ម៉ូតូជនសង្ស័យបានឈប់ តែជនសង្ស័យបានចុះពីលើម៉ូតូ ហើយបានធ្វើសកម្មភាព វាយដំទៅលើភ្នាក់ងារនគរបាល ទូច មុំ នេះតែម្ដង មុននឹងព្យាយាមចេញម៉ូតូ គេចខ្លួនជាថ្មីទៀត។ នៅចំពោះហេតុការណ៍ដ៏ហួសប្រមាណ ដែលជនសង្ស័យបានធ្វើមកលើខ្លួន ភ្នាក់ងារ ទូច មុំ បានរត់ទៅឃាត់ម៉ូតូនោះ ឲ្យឈប់ទាល់តែបាន តែបុរសជាជនសង្ស័យវិញ បានរត់គេចខ្លួនបាត់។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះរបាយការណ៍នគរបាល បានសរសេរទៀតថា ជនសង្ស័យបានត្រឡប់មកវិញ ដោយលើកនេះ មានជិះឡានទំនើបយីហោ ហាយព្រីត របស់ខ្លួនផង មកឈប់ពីមុខភ្នាក់ងារនគរបាល រួចស្រែកដាក់នាង ទូច មុំ ថា៖ «ង៉ែង បើមិនសុំទោសអញទេ ប្រយ័ត្នអញ បុកង៉ែងងាប់ នៅថ្ងៃណាមួយមិនខាន»។
ប៉ុន្តែសម្រាប់ជនសង្ស័យ លោក លឹម ស្នេហ៍គំនិត វិញ បានអះអាង ប្រាប់ទូរទស្សន៍បាយ័នឲ្យដឹងថា នៅពេលក្រុមនគរបាលបានហៅម៉ូតូលោកនោះ លោកមិនបានអែបទៅកៀនផ្លូវ តាមការឃាត់របស់នគរបាលទេ ក៏ត្រូវភ្នាក់ងារ ទូច មុំ បានប្រើដំបងបញ្ជាចរាចរណ៍ គ្រវាសត្រូវមុខលោក។ ពេលនោះ លោក បានចុះពីលើម៉ូតូ ហើយគ្រាន់តែទៅ«រុញស្មា»នាង ទូច មុំ ប៉ុណ្ណោះ។ បន្ទាប់មក ក៏ស្រាប់តែមានភ្នាក់ងារនគរបាលចរាចរណ៍ ពីរនាក់ ក្នុងក្រុមជាមួយគ្នា បានចូលមកស្ដីបន្ទោសលោកថា ម៉េចបានជាហ៊ានវាយនគរបាលដូច្នេះ ហើយពួកគេបានដកហូតម៉ូតូនោះទុក ខណៈលោកនិងប្រពន្ធ បាននាំគ្នាជិះរ៉ឺម៉ក ទុកទុក ត្រទ្បប់មកផ្ទះវិញ។
តុលាការបានឃុំខ្លួន...
យ៉ាងណា បន្ទាប់ពីត្រូវបានក្រុមនគរបាលនាំខ្លួន កាលពីពេលព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ នារសៀលថ្ងៃដដែល ជនសង្ស័យត្រូវបានតុលាការសាលាដំបូង ខេត្តសៀមរាប សម្រេចឃុំខ្លួន ជាបណ្ដោះអាសន្ន ពីបទប្រើប្រាស់ អំពើហិង្សា ដោយចេតនា និងបទជេរប្រមាថ ជាសាធារណៈ ទៅលើស្ត្រីភ្នាក់ងារនគរបាល ទូច មុំ៕