ICC ប្រកាស​ផ្ដោត​សំនុំ​រឿង​ក្ដី ទៅ​លើ​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការ​បណ្ដេញ​ចេញ

អន្តររដ្ឋអាជ្ញា របស់សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេស ICC និងភាសាបារាំង CPI) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ព្រមាន​អ្នកដឹកនាំ និងអ្នកជំនួញធំៗ នៅក្នុងពិភពលោក ថាសាលាក្ដីមួយនេះ នឹងផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទៅលើការ​បំផ្លិច​បំផ្លាញ បរិស្ថាន និងការ​បណ្ដេញ​ពលរដ្ឋ ចេញពីទីលំនៅ​របស់​ខ្លួន ហើយអាចចាត់​ទុក​ទង្វើ​ទាំង​នេះ ស្មើនឹងឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្ស​ជាតិ។
ICC ប្រកាស​ផ្ដោត​សំនុំ​រឿង​ក្ដី ទៅ​លើ​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការ​បណ្ដេញ​ចេញ
កុមារម្នាក់បានសន្លប់ ដោយការបង្ក្រាបរបស់អាជ្ញាធរ នៅពេលដែលម្ដាយ និងអ្នកភូមិមកពីខេត្តក្រចេះ បានឡើងមកតវ៉ារឿងជម្លោះដីធ្លី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣។ (រូបថត MONOROOM.info / S.Tith)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៦ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 17, 2016
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឯកសាថ្មីមួយ នៃវិធានទូទៅ ទាក់ទងនឹង«ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំ​រឿង​ជា​អាទិភាព​» ដែល​ត្រូវបានចេញផ្សាយ ដោយសាលាក្ដីកាលពីថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តរ​រដ្ឋ​អាជ្ញា​​នៃ​​សាលា​​ក្ដី​ឧក្រិដ្ឋកម្មអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេ ICC និង​ភាសា​បារាំង CPI) បានបញ្ជាក់ថា ការិយាល័យរបស់អ្នកស្រី នឹងផ្ដោតការយកចិត្តទុកដាក់ ជាពិសេស «ទៅ​លើ​ឧក្រិដ្ឋ​កម្ម ដែលរាប់បញ្ចូល ឬបង្កឲ្យមាន ការបំផ្លិចបំផ្លាញបរិស្ថាន ការធ្វើអាជីវកម្មខុសច្បាប់ ទៅលើ​ធន​ធាន​ធម្មជាតិ ក៏ដូចជាការបណ្ដេញ​​ពលរដ្ឋចេញ​​ដោយបង្ខំ ចេញពីលំនៅដ្ឋានរបស់ពួកគេ»។

» ឯកសារនោះ អាចរកអានបាន ដោយចុចនៅលើខ្សែភ្ជាប់ ជា«ភាសាអង់គ្លេស» និង«ភាសាបារាំង»នេះ។

ករណីនេះ មិនមែនជាការដាក់បញ្ចូលបន្ថែម នូវឧក្រិដ្ឋកម្មថ្មីទៀត ទៅក្នុងបញ្ជីឧក្រិដ្ឋកម្ម ដែលមានរួចជាស្រេច នៅក្នុងអនុសញ្ញាក្រុង រ៉ូម ស្ដីពីសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិនោះទេ។ ការិយាល័យអន្តររដ្ឋអាជ្ញា បានពន្យល់ថា អ្វី​ដែល​សាលាក្ដីបានដឹងនោះ គឺឧក្រិដ្ឋកម្មទាក់ទងនឹងបរិស្ថាន និងការបណ្ដេញចេញ មានសភាពកាន់​តែ​ធ្ងន់​ធ្ងរ​ឡើងៗ សម្រាប់​រយៈពេល​ចុង​ក្រោយ​។ ការិយាល័យបានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ នឹងប្រែក្លាយ​សាលា​ក្ដី​ឧក្រិដ្ឋកម្មអន្តរជាតិ ឲ្យទៅជា​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ​ ដ៏​ពិតប្រាកដ​មួយ ប្រចាំសតវត្សន៍ទី២១។

ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ របស់សាលាក្ដី ត្រូវបានអបអរ ដោយក្រុមអ្នកឃ្លាំមើល​ «សិទ្ធិមនុស្ស និង​បរិស្ថាន» ដោយពួកគេបានគិតថា វិធានទូទៅថ្មី​របស់​សាលាក្ដី ដែលមានទីតាំងនៅក្នុងក្រុង ឡាអេ ប្រទេស​ហូឡង់​នេះ អាចនឹងក្លាយជាគន្លឺះយ៉ាងសំខាន់ ក្នុងការបំបែករឿងក្ដី រាប់សិបពាន់សំនុំរឿង។ ជាពិសេស​​សំនុំ​រឿង​ដ៏រ៉ាំរ៉ៃ ទាក់ទងនឹងប្រទេសកម្ពុជា ដែលមានលោកមេធាវី រីឆារដ៍ រ៉ូជ័រ (Richard J. Rogers) ជាអ្នក​តំណាង​ឲ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ ដាក់ទៅកាន់​សាលាក្ដីនេះ តាំងពីច្រើនឆ្នាំមកហើយ។

សេចក្ដីប្រកាសព័ត៌មានមួយ កាលពីខែកក្កដា ឆ្នាំ២០១៥ របស់សហព័ន្ធសិទ្ធិមនុស្ស​អន្តរជាតិ (ហៅកាត់ជា​ភាសា​បារាំង FIDH) ដែល​បាន​គាំទ្រ​ពាក្យបណ្ដឹង របស់លោកមេធាវី រ៉ូជ័រ បានឲ្យដឹងថា ចលនានៃការរឹបអូស និង​ការ​​បណ្ដេញ​ចេញ ពីដីធ្លី​ផ្ទះ​សម្បែង បានបង្កើនល្បឿនយ៉ាងខ្លាំង នៅឆ្នាំ២០១៤ ដែលបង្កឲ្យ​ពលរដ្ឋកម្ពុជា ច្រើន​ជាង៦ម៉ឺននាក់ បាន​រង​គ្រោះ បើគិតមកទល់នឹងត្រីមាសទីមួយ នៃឆ្នាំ២០១៥ កន្លងមក។ គេអាច​គណនា​បានថា មាន​មនុស្សជាង ៨៣​ម៉ឺន​នាក់ បានរងគ្រោះនឹងបញ្ហាដីធ្លី បើរាប់តាំងពីឆ្នាំ២០០០មកនោះ។ ពីក្នុង​ចំណោម​​នោះ មួយ​ភាគធំ កំពុង​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ថ្មី ជាមួយនឹង​ស្ថានភាព​ដ៏អាក្រក់ មិនមាន​អាហារ​គ្រប់​គ្រាន់ និង​​ពោរ​ពេញ​​ដោយ​ជំងឺ​ដម្កាត់។

» អានអត្ថបទដែលទាក់ទង៖ ជន​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ពី​ឆ្នាំ២០១៤ បន្ថែម​បន្ទុក​ថ្មី​សម្រាប់ ICC

នៅក្នុងពិភពលោក ការប្រឆាំងតវ៉ា​បានកើតឡើង យ៉ាងខ្លាំងក្លា​និងជាបន្តបន្ទាប់ ស្ដីពីការបណ្ដេញពលរដ្ឋ​ក្រីក្រ ចេញពីដីធ្លីរបស់ពួកគេ ដើម្បីយកដីធ្លី​ទាំង​នោះ លក់ ឬធ្វើសម្បទាន ទៅឲ្យក្រុមហ៊ុនឯកជន ដែលប្រើ​រូបភាព​«អភិវឌ្ឍន៍» ជា​ពិសេសដូចជា «អភិវឌ្ឍន៍កសិឧស្សហផល» ឬ«ការជីកយករ៉ែ» ជាដើម។ អង្គការឃ្លាំមើល​ពិភព​លោក ហៅជាភាសាអង់គ្លេស ថា«Global Witness» បានចេញរបាយការណ៍របស់ខ្លួនជារឿយៗ ទាក់ទង​នឹង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំនោះ ថាបានប៉ះពាល់ដល់បណ្ដាជនក្រីក្រ មានចំនួនជាច្រើនលាននាក់ នៅ​គ្រប់​ទិសទី​ទាំង​អស់ នៃផែនដី។ ប្រធានអង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី «Gillian Caldwell» បានថ្លែង​ឡើង​ថា៖ «ការសម្រេចចិត្តរបស់អ្នកស្រីអន្តររដ្ឋអាជ្ញា បានបង្ហាញពីការបិតបញ្ចប់ នូវនីទណ្ឌភាព ដែល​មាន​តាំង​ពី​យូរ​មក​ហើយ»។

បើតាមអង្គការអន្តរជាតិ ដែលមានស្នាក់ការធំ នៅក្នុងចក្រភពអង់គ្លេសមួយនេះ បាននិយាយថា ជារៀង​រាល់​សប្ដាហ៍ មនុស្សបីនាក់ បានស្លាប់ ឬត្រូវបានសម្លាប់ ដោយសារបុព្វហេតុការពារបរិស្ថាន ឬបុព្វហេតុ​ការពារ​ដីធ្លី​របស់​ពួកគេ។ ការលើកឡើងនេះ មិនបានភ្លេចឡើង ពីការបាញ់សម្លាប់​សកម្មជន​បរិស្ថាន​ជាច្រើន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ដូចជាលោក ឈុត វុទ្ធី ជាដើម ខណៈយុត្តិធម៌សម្រាប់ជនរងគ្រោះ មិនដែលមានពន្លឺឡើយ តាម​រយៈ​ប្រព័ន្ធ​តុលាការ​ក្នុង​ស្រុក។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាសាលាក្ដីអន្តរជាតិធំជាងគេបង្អស់ ដែលមានការទទួលស្គាល់ ពីអង្គការ​សហ​ប្រជាជាតិ និងមានសមត្ថកិច្ចកាត់ទោស ទៅលើសំនុំរឿង ទាក់ទងឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្មនៃការឈ្លានពាន និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ឧក្រិដ្ឋកម្ម ដែលសាលាក្ដីទទួល​មក​ចាត់​ការ មិនចាំបាច់តែកើតមាន នៅក្នុងពេលសង្គ្រាមនោះទេ។

សូមជម្រាបជូនដែរថា តុលាការនេះ ត្រូវបានបង្កើតឡើង តាមរយៈអនុសញ្ញាក្រុង រ៉ូម (ប្រទេសអ៊ីតាលី) ក្នុង​ឆ្នាំ​១៩៩៨ តែអនុសញ្ញានេះ ចាប់មាន​សុពលភាព និងការអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២នេះ​ប៉ុណ្ណោះ ពោលគឺ៤ឆ្នាំ ក្រោយការចុះហត្ថលេខា។ នៅពេលចាប់ផ្ដើមដំបូង ប្រទេសចំនួន ៦០ បានផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​ខាង​លើ។ តែរហូតមកដល់ថ្ងៃទី ៤ ខែមិនា ឆ្នាំ២០១៦នេះ ប្រទេសដែលបានចូល ជាសមាជិក​អនុសញ្ញា មានចំនួន​ឡើងដល់ ១២៤ប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...