ក្រឡាបញ្ជីសាលាដំបូងបង្ហើបថា ខ្លួនសម្បូរការងារធ្វើណាស់ ក្នុងខែវិច្ឆិកានេះ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 21, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចេញដីកា ជាបន្តបន្ទាប់ដោយសាលាដំបូងរាជធានី ប្រឆាំង កោះហៅ កោះឲ្យចូលខ្លួន ឬដីកាចាប់ខ្លួន... បានពង្រីកបរិមាណរបស់ខ្លួនច្រើនឡើង គួរឲ្យកត់សម្គាល់ ខុសប្លែកពីពេលកន្លងមក ដែលដូចជាមិនសូវមានការងាររបៀបនេះ ចេញព្រមៗគ្នាយ៉ាងសម្បូរបែបដូច្នេះទេ។ សំនុំរឿងក៏ច្រើន ការកោះហៅក៏ច្រើន រីឯការកត់ត្រាក៏ត្រូវធ្វើឲ្យញាប់ដៃ ជំរុញឲ្យមន្ត្រីសឹងតែគ្រប់ៗរូប ក្នុងសាលាដំបូងមិនអាចដកដៃរួច ដើម្បីដកដង្ហើមបាន។
មន្ត្រីមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងក្នុងតួនាទីជាក្រឡាបញ្ជី នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២១ ខែវិច្ឆិកានេះថា រូបលោកផ្ទាល់ ក៏ដូចជាក្រឡាបញ្ជីមួយចំនួនទៀត មានការមមាញឹកច្រើន និងខុសប្លែកជាងរាល់ដង តាំងពីដើមខែវិច្ឆិកាមក ព្រោះតែស្វែងរក និងរៀបចំដីកា«បង្គាប់»នានាដូចជាដីកាកោះ ដីកាចូលខ្លូន ដីកានាំខ្លួន និងដីកាចាប់ខ្លួនជាដើម។
ក្រឡាបញ្ជីដដែលរូបនេះ បានបន្តថា ភាគច្រើននៃដីកាទាំងនោះ ផ្តោតតែទៅលើក្រុមប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លី រួមមាន ក្រុមយុវជន ព្រះសង្ឃ តំណាងអង្គការសង្គមស៊ីវិល និងតំណាងសហជីព មួយចំនួន។
ទំនងជាមិនពេញចិត្ត នឹងទង្វើរបស់ក្រុមចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន នៃសាលាដំបូងរាជធានីភ្នំពេញ ក្រឡាបញ្ជីខាងលើ ក៏បានបង្ហើបការសម្ងាត់ដូច្នេះថា៖ «អ្នកខ្លះមិនទាំងបានទទួលដីកាកោះផង ឬបានទទួលបើទោះជាឆ្លើយតប តាមកំណត់ច្បាប់ក៏ដោយ ដីកាបន្ទាប់ដាច់ខាតត្រូវតែជា “ដីកានាំខ្លួន”។ (...) ដីកាខ្លះចេញហើយ ទុកចោល (មិនប្រគល់ឲ្យសាមីខ្លួន) ក្រោយមកបន្តិច ក៏ចេញដីកានាំខ្លួន ឬចាប់ខ្លួនតែម្តង។ (...) នេះជាការអនុវត្តខុសច្បាប់ ដោយមន្រ្តីតុលាការខ្លួនឯង។»
មន្ត្រីរូបនេះ បានថ្លែងទាំងទោមនស្សទៀតថា៖ «ខ្ញុំគ្មានជម្រើសទេ ក្នុងរឿងនេះ។»
រហូតមកដល់វេលានេះ យ៉ាងហោចណាស់ ពលរដ្ឋដែលរងគ្រោះក្នុងរឿងដីធ្លី និងហ៊ានចេញមុខតវ៉ាមួយចំនួនធំ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានទាំងការចាប់ខ្លួនដោយចំហរ និងចាប់ខ្លួនដោយសម្ងាត់។ ឯព្រះសង្ឃ យុវជន មួយចំនួនទៀត ដែលហ៊ានឬចេញមុខធ្វើការតស៊ូមតិ ក៏កំពុងទទួលបាន«ដីកា»ជាបន្តបន្ទាប់ ឲ្យចូលទៅបង្ហាញខ្លួន ឬចូលទៅបកស្រាយនៅសាលាដំបូងរាជធានីដែរ។
ដូចករណីព្រះតេជគុណ យាញ សឿង គង់នៅវត្តសាមគ្គីរង្សី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ចេញដីកាកោះផង ស្រាប់តែមានដីកាបង្គាប់ឲ្យចូលខ្លួនតែម្តង។ នេះបើតាមការបញ្ជាក់ របស់ព្រះសង្ឃអង្គនេះ។ ព្រះអង្គនឹងត្រូវបង្ហាញព្រះកាយនៅថ្ងៃទី ១៥ ធ្នូ ២០១៤ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរតាមដីកាបង្គាប់ឲ្យចូលខ្លួន ដែលចេញដោយចៅក្រមស៊ើបសួរ នូ វាសនា។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងដីកាបង្គាប់ឲ្យចូលខ្លួននេះ ក៏បានបង្កប់នូវពាក្យព្រមានមួយឃ្លាថា៖ «ក្នុងករណីមិនចូលខ្លួនតាមការកំណត់ខាងលើ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន»។
ចៅក្រមរូបនេះ ចោទប្រកាន់ព្រះតេជគុណខាងលើ ក្នុងដំណើរឿង«ចូលរួមសមាគមនៃជនទុច្ចរិត» តាមមាត្រា៤៩៩ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងព្រឹត្តិការណ៍មួយ ដែលបានកើតឡើងនៅចំណុចមុខវត្តសាមគ្គីរង្សី ស្ថិតនៅផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចស្វែងរកប្រតិកម្ម ឬការបញ្ជាក់ពីលោកចៅក្រមស៊ើបសួរ នូ វាសនា ឬពីមន្ត្រីផ្សេងទៀត នៃសាលាដំបូងរាជធានីភ្នំពេញទេ ចំពោះការលើកឡើងខាងលើ ដោយទូរស័ព្ទរបស់អស់លោកចៅក្រមទាំងនោះ មិនអាចភ្ជាប់ទំនាក់ទំនងបាន៕