សម្ភាសអំ សំអាត៖ កែទម្រង់ប្រព័ន្ធយុត្តិធម៌ពិត ត្រូវផ្ដើមពីករណី ឈូក បណ្ឌិត និងយ៉ោម បុប្ផា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើករណីនៃការចាប់ខ្លួនរបស់លោក ឈូក បណ្ឌិត មិនអាចធ្វើបានទេ នោះការកំណែរទម្រង់ប្រព័ន្ធ«ច្បាប់» និងប្រព័ន្ធ«យុត្តិធម៌»នៅកម្ពុជា មិនទាន់មាននៅឡើយ។ នេះជាការលើកឡើងរបស់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ធ្វើការយ៉ាងស្និតទៅនឹងកាលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
«សូមដោះលែងយ៉ោម បុប្ផា ... ខ្ញុំឃ្លានយុត្តិធម៌...» ជាសម្រែករបស់ពលរដ្ឋអ្នករងគ្រោះនឹងបញ្ហាដីធ្លី ដែលធ្វើការតវ៉ារបស់ខ្លួន នៅមុខសាលាឧទ្ទរណ៍ ថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣។ (រុបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - បើរដ្ឋាភិបាលអាណត្តិទីប្រាំ ចង់ធ្វើការកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌មែននោះ ករណីការចាប់ខ្លួនលោកឈូក បណ្ឌិត ជាបទពិសោធន៍ និងជាឧទាហរណ៍ទីមួយ សម្រាប់រដ្ឋាភិបាលខ្លួនឯង បង្ហាញនូវការ«លប់»បំបាត់ចោលនូវបក្ខពួកនិយម និងការប្រើប្រាស់«ខ្នង»ជាទីពឹងផ្អែកតាមប្រព័ន្ធច្បាប់នោះ។ លោក អំ សំអាត ជាសកម្មជនមិនចេះនឿយហត់មួយរូបខាងសិទ្ធមនុស្សនៅក្នុងប្រទេសកម្ពុចាំ បានផ្ដល់កិច្ចសម្ភាស ឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ទាក់ទងនឹងបញ្ហាកំណែទម្រង់ប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទីប្រាំនេះ ត្រូវមើលទៅលើការសម្រេចនូវករណីពីរយ៉ាងសំខាន់ ទីមួយករណីលោក ឈូក បណ្ឌិត ទីពីរករណីអ្នកស្រីយ៉ោម បុប្ផា។
លោក អំ សំអាត ដែលជាប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូផងនោះ បានបន្តរថា ជាមួយគ្នានេះ សាធារណៈមតិជាតិ និងអន្តរជាតិក៏កំពុងតែតាមសម្លឹងមើល ទៅលើករណីធំៗទាំងពីរខាងលើ នូវដំណាក់កាលនៃការសម្រេចរបស់តុលាការកំពូល នាពេលខាងមុខនេះផងដែរ។
យ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានលើកយកករណីទាំងពីរខាងលើនេះ មកធ្វើជាករណីសិក្សាដំបូង សម្រាប់បង្ហាញពីការធ្វើការកំណែទម្រង់នៃប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោកបានបញ្ជាក់ថា ជាក់ស្តែងតាមរយៈសាលដីកាសាលាឧទ្ធណ៍ប្រកាសសម្រេចលើករណីលោក ឈូក បណ្ឌិត នេះឃើញថាមិនមានអ្វីដែលប្រែប្រួលនៅឡើយនោះទេ។ លោកបានបន្តរថា ដូច្នេះគេអាចធ្វើការវាយតម្លៃ លើការធ្វើកំណែរទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការនៅតែមានលក្ខណៈ«តិចតួច» ដែលបង្ហាញថាមិនទាន់ផ្តល់នូវយុត្តិធម៌«ពិត»សម្រាប់ជនរងគ្រោះនោះទេ។
ការសម្រេចសេចក្តី កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ និងតាមការប្រកាសនូវសាលដីកាសម្រេចកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា របស់តុលាការសាលាឧទ្ធរណ៍នេះ បានធ្វើឲ្យលោក អំ សំអាត ក៏ដូចជាសាធារណៈជនជាតិនិងអន្តរជាតិ មានការខកចិត្តយ៉ាងខ្លាំងរ ព្រោះតែដីកានេះ បានផ្ទុយពីក្តីសង្ឃឹមទុក ទៅលើស្ថាប័នតុលាការក្នុងនីតិកាលទីប្រាំ ដែលថានឹងមានភាពកាន់តែ«ល្អ»ប្រសើរសម្រាប់ជនរងគ្រោះនោះ។
មន្រ្តីអង្គការសិទ្ធិមនុស្សរូបនេះ បានធ្វើការកត់សម្គាល់ថា«ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជានេះ ប្រហែលជាអាចមានតែនៅក្នុងទ្រឹស្តីក្នុងកំណែទម្រង់ប៉ុណ្ណោះ ឯទង្វើរនៃការ កំណែតម្រង់ (វា)មិនទាន់ឃើញមានជារូបរាងច្បាស់លាស់នៅឡើយ។»
ស្ថាប័នតុលាការនៅកម្ពុជា តែងតែត្រូវរងនូវការរិះគន់កន្លងមកថា មានភាព«មិន»ឯករាជ្យ និងស្ថិតនោះក្រោមអំណាចនៃអ្នកនយោបាយ ឬឥទ្ធិពលអ្នកមានលុយកាក់ ដែលចាំបាច់ត្រូវតែមានកំណែទម្រង់។ អង្គការសង្គមស៊ីវិលមួយចំនួន និងអង្គការសិទ្ធិមនុស្សជាច្រើន ធ្លាប់បានធ្វើការទាមទារ ទាក់ទងនឹងបញ្ហានេះ តាំងពីយូរមកហើយ និងធ្វើយ៉ាងណាឲ្យប្រព័ន្ធតុលាការនៅកម្ពុជា ស្ថិតនៅជាប្រព័ន្ធមួយឯករាជ្យ ដើម្បីបង្កើននូវការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋសង្ឃឹមថា អាចទទួលបានយុត្តិធម៌នៅពេលដែលពួកគេ«មាន»បញ្ហា និងស្វែងរកការអន្តរាគមពីស្ថាប័នយុត្តិធម៌ទាំងនេះឡើងវិញ។
ជាចុងក្រោយមន្រ្តីអង្គការសិទ្ធិមនុស្សរូបនេះ ក៏បានលើកជាឧទាហរណ៍នូវករណីខាងលើ (ឈូក បណ្ឌិត) ដែលពាក់ព័ន្ធនឹងការសម្រេចសេចក្តីរបស់តុលាការសាលាឧទ្ធណ៍នេះ មកធ្វើការសន្និដ្ឋានថា «កន្លងមកសាលាឧទ្ធណ៍មួយនេះធ្លាប់បានធ្វើការចោទប្រកាន់ឡើងវិញ បន្ទាប់ពីតុលាការខេត្តស្វាយរៀងបានធ្វើកាលើកលែងការចោទប្រកាន់ទៅលើលោក ឈូក បណ្ឌិត។ (...) ពេលនោះសាលាឧទ្ធរណ៍ ក៏បានធ្វើការចោទប្រកាន់ពីបទ បង្ករបួសស្នាមដោយអចេតនា និងបានបង្វិលទៅឲ្យតុលាការខេត្តស្វាយរៀងធ្វើការជំនុំជំរះសាជាថ្មី។ (...) ពេលនេះសំណុំរឿង (ដដែល) ក៏បានត្រឡប់មកដល់សាលាឧទ្ធរណ៍វិញ ហើយប្រហែលជាសាលាឧទ្ធរណ៍នេះចង់ រក្សាទុកនូវអ្វីដែលខ្លួនបានសម្រេចពីពេលមុននោះ ឲ្យនៅមានសុពលភាពជាបានការដដែល។»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ