ពលរដ្ឋ«ព្រមាន»បង្កើនការតវ៉ាឲ្យដោះលែងសកម្មជនដីធ្លី ខណៈតុលាការបន្តហៅអ្នកពាក់ព័ន្ធ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 16, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃ ប្រមាណជាជាង៤០០នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ នៅមុខពន្ធនាគារព្រៃស បានព្រមានជាថ្មី នឹងធ្វើសកម្មភាពតវ៉ាកាន់តែខ្លាំងជាងនេះ បើគ្មានការដោះលែង អ្នកជាប់ឃុំឃាំងទាំង១៨នាក់នោះទេ។ អ្នកចូលរួមការតវ៉ា សុទ្ធតែបានចាត់ទុកថា ការចាប់ខ្លួន និងឃុំខ្លួននេះ កំពុងបង្កើននូវ«នីទណ្ឌភាព»នៅកម្ពុជា ដោយមន្រ្តីសាធារណៈ និងបង្កភាព«អយុត្តិធម៌»ដល់អ្នកជាប់ឃុំទាំងនោះ។
ក្នុងពិធីដែលមានការបង្ហោះប៉ោងៗ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានលើកឡើងថា ពួកគាត់ទាំងអស់បានតាំងចិត្តរួចជាស្រេច បង្កើនការតស៊ូមតិដោយអហិង្សា ទៅតាមលទ្ធភាព ធ្វើយ៉ាងណាត្រូវដោះលែងអ្នកទាំង១៨នាក់ ឲ្យមានសេរីភាពកាន់តែឆាប់នាពេលខាងមុខ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា បានលើកឡើងដែរថា បើដំណោះស្រាយនៃការតវ៉ាដោយ«អហិង្សា»នេះ នៅតែមិនអាចមានលទ្ធផលនោះ វាអាចនឹងកើតមានចលនាតវ៉ាថ្មីមួយ ដោយសន្តិវិធី ពីអង្គការ សមាគម រួមជាមយយនឹងកម្លាំងប្រជាពលរដ្ឋនេះ។ លោកបានបន្ថែមទៀតថា៖ «ស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនោះ នឹងធ្វើយុទ្ធនាការប្រហាក់ប្រហែលគ្នា ក្នុងពេលឆាប់ៗនេះប្រឆាំងការឃុំខ្លួន»។
ពលរដ្ឋរងដែលបានចូលរួម ក្នុងការតវ៉ានោះ មានដូចជា សហគមន៍បឹងកក់ បុរីកីឡា ថ្មគោលជាដើម តែក៏មានការចូលរួមផងដែរ ពីខាងអង្គការសមាគម កម្មករកម្មការិនីរោងចក្រ និងព្រះសង្ឃ។
រាប់តាំងពីថ្ងៃទី២៩ខែកញ្ញា ដល់១៣ខែវិច្ឆិកា មានពលរដ្ឋចំនួន១៨នាក់ហើយ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុងនោះមានស្ត្រីក្នុងរឿងដីធ្លី១០នាក់ សកម្មជនគណបក្សនយោបាយ៥នាក់ និងព្រះសង្ឃ៣អង្គ។ ពលរដ្ឋដែលត្រូវបានចាប់ខ្លួនទាំងនោះ មាន១១នាក់ ត្រូវបានផ្តន្ទាទោស និងកំពុងជាប់ពន្ធនាគារព្រៃសរ រីឯ៧ នាក់ទៀត ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការ។
នៅមានបន្តទៀត...
ការចាប់ចង នៅមិនទាន់ចប់នៅឡើយទេ ព្រោះសាលាដំបូងរាជធានីភ្នំពេញ ទើបនឹងចេញដីការថ្មីមួយទៀត កោះហៅមន្រ្តីគណបក្សសង្គ្រោះជាតិម្នាក់ទៀត ឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ។ ដីកាដែលចុះថ្ងៃទី៨ ធ្នូ ដោយតំណាងអយ្យការ លោក កែវ សុវជាតិ បានកោះហៅលោក សាន សីហៈ អាយុ ២៦ឆ្នាំ មានតួនាទីលេខាធិការគណបក្សសង្គ្រោះជាតិ ឲ្យចូលទៅបង្ហាញខ្លួន ពីបទចូលរួមចលនាកុប្បកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ មន្ត្រីគណបក្សប្រឆាំងរូបនេះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ តាមមាត្រា៤៥៦ និង ៤៥៧ នៃក្រមព្រហ្មទណ្ឌ។
ការចាប់ និងការឃុំខ្លួនជាបន្តបន្តាប់នេះ ត្រូវបានអង្គកាសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា ជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលោភបំពានលើប្រព័ន្ធតុលាការ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៤ របស់អង្គការលីកាដូ បានបង្ហាញនូវការសោកស្ដាយរបស់ខ្លួន ចំពោះទង្វើរបស់អាជ្ញាធរ និងចាត់ទុកថាការចាប់ និងឃុំខ្លួននេះ«មិនត្រឹមត្រូវ» ព្រោះវាជាបញ្ហាបន្តិចបន្ទួចប៉ុណ្ណោះ។ នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ កញ្ញា ណាលី ពីឡូក បានថ្លែងបញ្ជាក់ថា៖ «ការចាប់ខ្លួន និងការផ្តន្ទាទោសថ្មីៗទាំងនេះ បង្ហាញថាប្រព័ន្ធយុត្តាធិកា នៅតែស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងពីអាជ្ញាធររដ្ឋ។ អ្នកណាក៏ដោយ ដែលមិនពេញចិត្តនឹងអាជ្ញាធររដ្ឋ ឬមិនគាំទ្រនឹងអ្នកដែលមានអំណាច និងមានលុយ នោះអ្នកនោះនឹងមានគ្រោះថ្នាក់ អាចជាប់ពន្ធនាគារ។»
រីឯលោក សួន ប៊ុនស័ក្ដិ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្ស (CHHRAC) បានចាត់ទុកសកម្មភាព របស់មន្រ្តីអាជ្ញាធរសារធារណៈនេះថា ជារូបភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់របស់រដ្ឋាភិបាលកំពុង«រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «រដ្ឋាភិបាលគប្បីពិនិត្យឡើងវិញពីវិធីសារនានា ស្ដីពីសិទ្ធិមនុស្ស ដែលខ្លួនបានទទួលស្គាល់»។
ចាប់ចង ដើម្បីបម្រើនយោបាយ?
សម្រាប់អាជ្ញាធរ និងរដ្ឋាភិបាលវិញ បានហៅចំណាត់ការទាំងនេះ ថាជាការអនុវត្តន៍ច្បាប់របស់កម្ពុជា។ មេបញ្ជាការរងកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងពីប្រទេសកូរ៉េខាងត្បូងថា ការចាប់ខ្លួនអ្នកទាំង១៨នាក់ ដើម្បីតែការពារសណ្តាប់ធ្នាប់សន្តិសុខជាតិ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា៖ «ជាងមួយឆ្នាំហើយ ដែលគាត់ធ្វើសកម្មភាពទាំងអស់ ដែលយើងមិនធ្វើអីទេ យើងយោគយល់ខ្លាំងណាស់។ សាកធ្វើនៅកូរ៉េមើល អត់ច្បាប់ ចេញទៅរញ៉េរញ៉ៃអត់ច្បាប់មើល បើគាត់វ៉ៃខ្នោះឡើងឡាន!»
យ៉ាងណាក៏ដោយ ក៏ការជជែកទៅជជែកមកខាងលើ បានត្រឹមតែជាភាសាមួយ ដែលស្ដាប់គ្នាមិនសូវឮប៉ុណ្ណោះ ព្រោះហេតុការណ៍ទាំងនេះ អាចជាកិច្ចកលឧបាយនៅក្នុងនយោបាយ។ ដូចមន្ត្រីអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា អ្នកដែលបានចាប់ខ្លួនទាំងនោះ គ្រាន់តែជាកូនអុក ឬគ្រាប់ឡុកឡាក់ នៃអ្នកនយោបាយប៉ុណ្ណោះ។ លោកស្នើដល់អ្នកនយោបាយទាំងអស់ ឈប់ប្រើប្រាស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍«នយោបាយ»របស់ខ្លួនតទៅទៀត៕