«បីសាចព្រៃផ្សៃ»វ៉ៃទារកនៅអ៊ូហ្គង់ដា ជាប់គុក៤ឆ្នាំ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 22, 2014
- ប្រធានបទ: ហិង្សាលើកុមារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពដែលបង្ហាញតាមវីដេអូ របស់ឪពុកម្ដាយទារក ដែលដាក់ម៉ាសីនថតត្រួតពិនិត្យទៅលើ ការថែរក្សាកូនរបស់ខ្លួន ពីសំណាក់ស្ត្រីបម្រើម្នាក់នេះ មានលក្ខណៈព្រៃផ្សៃ និងធ្វើឲ្យអ្នកទស្សនាពិបាកអត់ទ្រាំ នឹងមិនធ្វើប្រតិកម្មណាស់។ ស្ត្រីបម្រើមើលថែក្មេងនោះ ឈ្មោះ ចូលី ទូមូហៀវេ (Jolly Tumuhiirwe) វ័យ២២ឆ្នាំ ត្រូវបានតុលាការប្រទេសអ៊ូហ្គងដា (ទ្វីបអាហ្វ្រិកកណ្ដាល) កាត់ទោសឲ្យជាប់ក្នុងពន្ធនាគារ៤ឆ្នាំ កាលពីដើមសប្ដាហ៍មុន ពីបទធ្វើទារុណកម្មលើទារកអាយុទើបនឹង១៨ខែ ដោយទះបោកធាក់ទាត់ទារកនោះ រមៀលនឹងដី។
ទោសកំហុសរបស់នារីបម្រើមើលក្មេង ដែលត្រូវបានក្រុមអ្នកទស្សនាវីដេអូ ផ្ដល់រហស្សនាមថា ជា«បីសាចព្រៃផ្សៃ»នោះ អាចជាប់ទោសរហូតដល់ទៅ២៥ឆ្នាំ បើតាមច្បាប់របស់ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះ។ អាជ្ញាធរនគរបាល បានកំណត់ទោសដំបូងរបស់នាង ចូលី ពីបទប៉ុនប៉ងធ្វើមនុស្សឃាត។
ប៉ុន្តែ នាង ចូលី បានទទួលស្គាល់កំហុសរបស់ខ្លួន នៅក្នុងសវនាការ។ រីឯចៅក្រមវិញ បានបន្ថយទោសរបស់នាង មកត្រឹមជាបទ«ធ្វើទារុណកម្មខុសច្បាប់» និងបានចាត់ទុកទង្វើរបស់នាង ថា«គ្មានហេតុផល»និង«មិនអាចអត់អោន»។ ទោស៤ឆ្នាំឆ្នាំក្នុងពន្ធនាគារនេះ ជាទណ្ឌកម្មឆ្លើយតបទៅនឹង «ភាពសាហាវព្រៃផ្សៃ គ្មានមនុស្សធម៌» ដែលនាង ចូលី បានធ្វើទៅលើទារកមិនដឹងអីតូចមួយ។
ឪពុកម្ដាយរបស់ទារក បានបង្ហាញការស្រងាកចិត្តយ៉ាងខ្លាំង នៅចំពោះសាលក្រមសម្រេចរបស់តុលាការ ដោយចាត់ទុកថា ជាការផ្ដន្ទាទោសដែលមានកម្រិតស្រាល ប្រៀបធៀបទៅនឹងទង្វើរបស់នាង ចូលី។ សំណាងល្អ ដែលទារកនោះ មានសុខភាពល្អធម្មតាវិញ បន្ទាប់ពីបានចូលទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យមួយរយៈមក។
សូមទស្សនាវីដេអូខាងក្រោម (ហាមអ្នកមានអារម្មណ៍ឆាប់ប៉ះទង្គិច និងកុមារទស្សនា)៖
ចំពោះអ្នកចូលរួមឈឺឆ្អាលច្រើននាក់ បានបញ្ចេញយោបល់របស់ពួូកគេថា ហេតុការណ៍បែបនេះតែងកើតជារឿយៗ នៅក្នុងសង្គមនៃប្រទេសអ៊ូហ្គង់ដា ជាពិសេសជាមួយនឹងអ្នកបម្រើ ដែលមករស់នៅក្នុងផ្ទះជាមួយ ហើយទទួលបានប្រាក់ខែតិច។ អ្នកខ្លះទៀតថា បន្ថែមទៀតថា «អំពើហិង្សាទៅលើកុមារ មិនមែនមានតែនៅផ្ទះជាមួយអ្នកបម្រើទេ តែក៏កើតមានជាទូទៅដែរ នៅក្នុងសាលារៀន ដែលគ្រូបង្រៀនបានវាយយ៉ាងចាស់ដៃ ទៅលើកូនសិស្សតូចៗរបស់ខ្លួន» ប៉ុន្តែទង្វើទាំងនេះ កម្រនឹងត្រូវបានគេចាប់ឲ្យទទួលទោសទណ្ឌណាស់។
រីឯឪពុករបស់ទារករងគ្រោះវិញ បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបានចែករំលែកវីដេអូនេះ ដើម្បីឲ្យឪពុកម្ដាយផ្សេងទៀត ដឹងពីមេរៀន។ លោកបានព្រមានទៅកាន់ អ្នកមើលក្មេងដទៃៗទៀតថា៖ «អ្នកមិនអាចមករស់នៅជាមួយគេ ក្នុងផ្ទះគេ ហើយទៅធ្វើទារុណកម្មកូនរបស់គេ រួចគិតថាអ្នកអាចរួចខ្លួននោះទេ»។ លោកសង្ឃឹមថា រយៈពេល៤ឆ្នាំ នៅក្នុងពន្ធនាគារ នឹងជួយឲ្យស្ត្រីមើលក្មេងនេះគិតឡើងវិញ ហើយចូលមករួមរស់ក្នុងសង្គមដូចគេឯង ជាពិសេសនាងត្រូវគិតគូរ ពីពេលដែលនាងត្រូវក្លាយជាម្ដាយដែរ៕