ភរិយា កែម ឡី បញ្ជាក់​ជា​ថ្មី ថា​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ

ប្រតិកម្មរបស់អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវនៅកណ្ដាលរាជធានី កាលពីជិត២ឆ្នាំមុន ធ្វើឡើងក្រោយដីកាកោះមួយ របស់ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ កៅហៅអ្នកស្រី ឲ្យចូលរួមសវនាការ​ជំនុំជម្រះ លើករណីជនជាប់ចោទ ជួប សម្លាប់ នៅថ្ងៃទី៣ ខែមេសាខាងមុខ។
ភរិយា កែម ឡី បញ្ជាក់​ជា​ថ្មី ថា​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ
រូបថតអនុស្សាវរីយ៍មួយ ដែលលោក កែម ឡី និងភរិយា បានថតនៅមុខប្រាសាទអង្គរ ដ៏ល្បីល្បាញរបស់ខ្មែរ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 30, 2018
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសូម្បីតែគិត «ថាចង់ប្ដឹង» ក៏អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី មិនដែលគិតដែរ។ ប្រតិកម្មរបស់ភរិយាមេម៉ាយ របស់លោក កែម ឡី ធ្វើឡើងជាថ្មីទៀត នៅចំពោះសំណុំរឿងឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ ទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កណ្ដាលរាជធានីភ្នំពេញ។ ក្នុងការបាញ់សម្លាប់ ដ៏កក្រើកខាងលើ មនុស្សតែម្នាក់គត់ ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ និងត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។

ប៉ុន្តែសម្រាប់តុលាការកម្ពុជា បានចាត់ទុកអ្នកស្រី ប៊ូ រចនា ថាជាដើមបណ្ដឹង រដ្ឋប្បវេណី រួចជាស្រេចហើយ រាប់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍។ នៅក្នុងដីកាកោះមួយ របស់លោក ហ៊ឹង ប៊ុនជាង ព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ បានកោះហៅភរិយាលោក កែម ឡី រូបនេះ ឲ្យចូលរួមសវនាការជំនុំជម្រះ លើករណីបណ្ដឹងឧទ្ធរណ៍ របស់ឈ្មោះ ជួប សម្លាប់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ជាកំណត់។

ដីកា​នោះ​ ​បាន​សរសេរពន្យល់បន្តិច ក្នុងផ្នែកខាងក្រោមសន្លឹកថា៖ «បុគ្គល​ពាក់​ព័ន្ធ​ ត្រូវ​បាន​កោះ​ហៅ ​ក្នុង​ឋានៈ​ជា​ជន​រងគ្រោះ»។ តែបន្ទាប់មក ដីការបានសរសេរគម្រាម នៅក្នុងរង្វង់ក្រចកថា៖ «ការ​មិន​ចូល​​បង្ហាញ​ខ្លួន​ នៅ​ពេល​សវនាការ​ ការ​មិន​ព្រម​ឆ្លើយ ​ឲ្យ​ព័ត៌មាន ក្នុង​ឋានៈ​សាក្សី ឬ​ការ​ឆ្លើយ ​ឲ្យ​ព័ត៌មាន​ក្លែង​ក្លាយ ​​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់»។

អ្នកស្រី ប៊ូ រចនា ដែលកំពុង​រស់ ជាមួយកូនប្រុសទាំង៥ នៅ​ប្រទេស​អូស្ត្រាលី​ ក្នុង​នាម​ជន​ភៀស​ខ្លួន បានប្រតិកម្មខ្លាំងៗ តបនឹងដីកាខាងលើ ​ដោយថ្លែង​ថា អ្នក​ស្រី​មិន​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង ឬក៏​បានគិត ថាចង់​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​កាន់​តុលាការ ក្នុងប្រទេសកម្ពុជា​ម្តង​ណា​នោះ​ទេ​។

អ្នក​ស្រី​បាន​សរសេរ​សារ​ នៅ​លើ​គណនីហ្វេសប៊ុក​​អ្នក​ស្រី​ថា៖ «នាង​ខ្ញុំ​សុំ​បញ្ជាក់​ថា តាំង​ពី​ស្វាមី​នាង​ខ្ញុំ​ ត្រូវ​បាន​ឃាតករ​បាញ់​​សម្លាប់​ រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជិត​ ២​ ឆ្នាំ​ហើយ កុំ​ថា​ឡើយ​ចង់​ទៅ​ដាក់​ពាក្យ​បណ្តឹង សូម្បី​តែ​គិត​ថា​ ទៅ​ប្តឹង ​ក៏​មិន​ដែល​គិត​ផង ពីព្រោះ​នាង​ខ្ញុំ​ដឹង​ច្បាស់​ហើយ ​ថា​ តុលាកា​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​គ្មាន​សមត្ថ​ភាព​ចាប់​ឃាតករ​ពិត និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន​ឡើយ»។

ប្រតិកម្មបែប​នេះ មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ។ កាលពីចុងខែកញ្ញា ឆ្នាំ២០១៦ តុលាការរាជធានី ក៏បានចេញដីកា កោះហៅអ្នកស្រី ប៊ូ រចនា ឲ្យចូលខ្លួនដែរ ដោយដាក់នៅក្នុងដីកានោះ ហៅអ្នកស្រី ថាជា«ដើមបណ្ដឹងរដ្ឋប្បវេណី» ដូចគ្នា។ កុំថាឡើយអ្នកស្រី ប៊ូ រចនា បើសូម្បីក្រុមគ្រួសារអ្នកស្រី ក៏បានចេញមុខមកបដិសេធ នៅពេលនោះដែរ ថាមិនមានពួកគេណាម្នាក់ ដាក់បណ្ដឹង​ចូលទៅកាន់​តុលាការនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...