ជនទាំង២១ ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ និងរងការរើសអើងក្នុងពន្ធនាគារ
លោក វ៉ន ពៅ និងជនជាប់ឃុំ២នាក់ ក្នុងចំណោម២១នាក់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ដែលបានឃាត់ខ្លួននៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បានកំពុងធ្លាក់ខ្លួនឈឺដោយសារពុំមានថ្នាំព្យាបាលជំងឺគ្រាប់គ្រាន់។
ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិ - លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងចេញពីពន្ធនាគារ ថា ជនជាប់ឃុំ ៣នាក់ក្នុងចំណោម២១ នាក់នោះ មានរូបលោក ដែលរាគរុះ វិលមុខ និង រលាកបំពងក, លោក ចាន់ ពុទ្ធិស័ក្ត តំណាងប្រជាសហគមន៍បឹងកក់ ហើមនិងស្ពឹក និងលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ញាក់ដៃ ញាក់ជើង ចុកក្នុងមុខរបួសដែលធ្លាប់វះកាត់ និងអស់កម្លាំងវិលមុខ ដែលធ្វើឲ្យគាត់ពុំអាចទទួលទានអាហារបាន។ លោកបានថ្លែងថា៖ «បងពៅឈឺធ្ងន់ជាងគេ ហើយមូលហេតុដែលបង្កឲ្យជំងឺកាន់តែដុនដាបនោះ ដោយសារកង្វះថ្នាំព្យាបាល បន្ទប់តូចចង្អៀត អាកាសធាតុក្តៅ»។
លោកបានថ្លែងឲ្យដឹងទៀតថា ពួកគាត់ទទួលបានថ្នាំព្យាបាលពីពេទ្យរបស់អង្គការលីកាដូដែរ បន្តែពុំមានថ្នាំគ្រប់គ្រាន់ទេ។ កាលពីថ្ងៃអាទិត្យ នៅពេលដែលលោកវ៉ន ពៅ ធ្វើទុកខ្លាំងនោះ ខាងពន្ធនាគារក៏បានយកស៊ឺរ៉ូមមកចាក់ព្យូរឲ្យគាត់ដែរ តែមិនអាចទប់ស្កាត់នូវជម្ងឺចាស់របស់គាត់បាននោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បន្ទប់ទំហំ៦ម៉ែត្រ គុណនិង ១០ ម៉ែត្រ ដាក់អ្នកទោសពី១១៥នាក់ទៅ១២០នាក់ ហើយថ្ងៃខ្លះពួកយើងពុំមានទឹកងួត និង សម្រាប់ចូលបន្ទប់ទឹកនោះទេ។ ពួកយើងរស់នៅក្នុងពន្ធនាគារនេះ គេមានការរើសអើងជាងអ្នកទោសដទៃ»។
លោកបានថ្លែងឲ្យដឹងថា លោកសុំអំពាវនាវ ទៅដល់រដ្ឋាភិបាល បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមេត្តាជួយអន្តរាគមន៍ ឲ្យពួកលោកបាននៅក្រៅឃុំ ដើម្បីបានទៅព្យាបាលជម្ងឺ ជាពិសេសលោកវ៉ន ពៅ តែម្តង ពីព្រោះស្ថានភាពជំងឺរបស់គាត់កំពុងតែធ្ងន់ធ្ងរ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំសូមអំពាវនាវ ទៅរដ្ឋាភិបាលមេត្តាកុំយកពួកយើងជាល្បែងនយោបាយ ពួកយើងធ្វើការឯករាជ្យ មិនបំរើឲ្យគណបក្សនយោបាយណាមួយនោះទេ។ ពួកខ្ញុំជាជនរងគ្រោះ ក្នុងការបង្ក្រាបរបស់សមត្ថកិច្ច ដូច្នេះខ្ញុំសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ ដល់ពួកខ្ញុំនៅថ្ងៃទី២៥ ខាងមុខនេះ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
លោក គៀ សុវណ្ណា ប្រធានពន្ធនាគារត្រពាំងផ្លុង អះអាងថា លោក វន់ ពៅ ពិតជាមានអាការៈបែបនេះមែន ប៉ុន្តែនៅពេលនេះ អាការៈរបស់គាត់បានធូរស្រាលហើយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «គាត់រលឹកគ្រួសាររបស់គាត់ ទើបគាត់គិតច្រើន»។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើល ការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ បានមានប្រសាសន៍ថា អង្គការរបស់លោក តែងតែបញ្ជូនគ្រូពេទ្យឲ្យទៅព្យាបាលអ្នកទាំង២១នាក់ និងទណ្ឌិតផ្សេងៗទៀត ព្រមទាំងមន្ត្រីពន្ធនាគារ រៀងរាល់សប្តាហ៍ ចំណែកឯអាការៈរបស់លោក វន់ ពៅ មិនមានស្ថានភាពធូរស្រាលទេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើយើងមើលពីផ្លូវច្បាប់ ពួកគាត់នោះមិនត្រូវជាប់គុកនោះទេ គឺគួរតែកំលាំងសមត្ថកិច្ច និងអ្នកដែលបាញ់សម្លាប់កម្មករ និងធ្វើឲ្យរបួសនោះវិញទេ ដែលត្រូវជាប់គុក ប៉ុន្តែដោយសារពួកគាត់ទាំង២១នាក់នេះ ត្រូវបានគេយកជាឧបករណ៍នយោបាយ ទើបពួកគាត់ជាប់ឃុំបែបនេះ»។
សូមរម្លឹកផងដែរថា លោក វ៉ន ពៅ ត្រូវបានតុលាការបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំចំនួន ៤ លើករួចមកហើយ គឺនៅសាលាដំបូងរាជធានី ចំនួនពីរលើក និងនៅសាលាឧទ្ធរណ៍ចំនួនពីរលើក ដោយពុំមានវត្តមានជនជាប់ចោទ ហើយតុលាការក៏បានបដិសេធបណ្តឹងសុំនៅក្រៅឃុំនោះទាំងបួនលើកផងដែរ។ អ្នកទាំងអស់នោះសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ខាងមុខនេះ។
កាពីថ្ងៃទី ១៩ ខែមេសា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) ប្រកាសបើកយុទ្ធនាការ នៅដើមខែក្រោយនេះ ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ឈប់យកប្រព័ន្ធតុលាការ មកគំរាមកំហែង សកម្មជនសហជីព និងរកការដោះលែងកម្មករ និងសកម្មជនសិទ្ធិមនុស្ស២១នាក់៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៤