នៅពេលដែលពលរដ្ឋស្វាគមន៍ ធី សុវណ្ណថា នឹងស្បែកជើង...
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 12, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណាក៏ដោយ កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ត្រូវបានក្រុមគ្រួសារសព ជម្លៀសឲ្យចូលក្នុងបន្ទប់ របស់ភរិយាលោក កែម ឡី ដើម្បីបញ្ជៀសអំពើហិង្សា។ បន្ទាប់មក ក្រុមគ្រួសារសព និងព្រះសង្ឃជាច្រើនអង្គ បានហែរហមអ្នកទាំងពីរ នាំទៅចូលរថយន្តវិញ មុននឹងអ្នកទាំងពីរ បានបើករថយន្តចាកចេញ ពីកន្លែងកើតហេតុ។
ហេតុការណ៍បានកើតឡើង ខណៈយុវជនល្បីឈ្មោះទាំងពីរ បានព្យាយាមចូលទៅរំលឹកវិញ្ញាក្ខន្ធ សពលោក កែម ឡី ដែលកំពុងត្រូវបានតំកល់ធ្វើបុណ្យ នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋជាច្រើននាក់ ដែលមានវត្តមាននៅក្នុងពិធីបុណ្យនោះ បានផ្ទុះប្រតិកម្មខ្លាំងៗ ដាក់អ្នកទាំងពីរ ហើយមួយចំនួនពីក្នុងចំណោមនោះ បានដោះស្បែកជើង ស្វាគមន៍យ៉ាងចាស់ដៃ ទៅលើតារាហ្វេសប៊ុក។
រូបភាពជាវីដេអូជាច្រើន ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម និងទទួលបានការចែករំលែក យ៉ាងសន្ធឹកសន្ធាប់។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ កញ្ញា ធី សុវណ្ណថា បានសរសេរប៉ុន្មានឃ្លា ដោយទំនងជាប្រតិកម្ម នឹងហេតុការណ៍នោះថា៖ «ទោះជាខ្ញុំដឹងថា មានឧបសគ្គ និងមានការវាយប្រហារខ្ញុំ (ក៏ដោយ) តែខ្ញុំត្រូវតែទៅដុតធូប លាលោកពូ កែម ឡី លើកចុងក្រោយ»។
បន្ទាប់មកទៀត តារាហ្វេសប៊ុកវ័យក្មេង ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរហៅក្រុមពលរដ្ឋទាំងនោះ ថាកំពុង«កាងសព»លោក កែម ឡី។ កញ្ញា ធី សវណ្ណថា បានសរសេរថា៖ «ក្រុម CNRP ដែលរិះគន់ ជេរគាត់ បែជាមកតាំងខ្លួនជាអ្នកស្រលាញ់ គោរពគាត់ និងលើកគ្នា មកកាងសពគាត់ រារាំងដេញខ្ញុំ មិនឲ្យគោរពសពគាត់»៕
-------------
» វីដេអូទាក់ទងនឹងហេតុការណ៍នេះ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម៖