សួន សេរីរដ្ឋា៖ នេះ​ជា​បុណ្យ​សព កែម ឡី មិន​មែន​សព កឹម សុខា ទេ

បើគ្រួសារ ប្រពន្ធកូន សាច់ញាតិមិនជំទាស់ នោះគឺគ្មាននណម្នាក់ ឬក្រុមណាមួយ ឬគណបក្សណា មាន​សិទ្ធិ​ចេញ​មក​ហួងហែង​បុណ្យ​សព របស់នរណាម្នាក់ឡើយ។ នេះជាការលើកឡើង របស់លោក សួន សេរីរដ្ឋា ទៅនឹង​សកម្មភាព​មួយ​ចំនួន របស់​ពលរដ្ឋ​ជាច្រើននាក់​ ដែលលោកហៅថា ជាការហួងហែង របស់«ក្រុមផ្កាប់​មុខ» ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅនឹងទីអារាម តំកល់សពលោក កែម ឡី។
សួន សេរីរដ្ឋា៖ នេះ​ជា​បុណ្យ​សព កែម ឡី មិន​មែន​សព កឹម សុខា ទេ
លោក សួន សេរីរដ្ឋា (រូបពាក់វែនតាខ្មៅ) បានទៅចូលរួមពិធីបុណ្យសពលោក កែម ឡី។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 12, 2016
  • ប្រធានបទ: បុណ្យសព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីវគ្គ«ស្បែកជើងហោះ» ឥឡូវនេះប្រធានគណបក្សមួយ បានចេញមុខមកបកស្រាយ និងពន្យល់ថា ហេតុការណ៍នេះ ជារឿងគួរឲ្យសោកស្ដាយ និងមិនគួរគប្បីទេ។ វគ្គ«ស្បែកជើងហោះ»នោះ បានកើតឡើង កាល​ពីរសៀលម្សិលម៉ិញ នៅខណៈពេលដែលកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានព្យាយាម​ចូល​ទៅ​គោរពវិញ្ញាណក្ខន្ធ សពលោក កែម ឡី ដល់ តែត្រូវបានក្រុមពលរដ្ឋ ដែលមានវត្តមាននៅទីតំកល់សព ប្រតិកម្ម​ខ្លាំងក្លា រហូតដល់អ្នកទាំងពីរ ត្រូវបានសមាជិកគ្រួសារសព និងព្រះសង្ឃជាច្រើនអង្គ ជម្លៀស​ខ្លួន​ចេញ ព្រម​ទាំង​បាន​ហែរហម​មកកាន់រថយន្ដ មុននឹងបានបើកចាកចេញ ពីវត្តដោយសុវត្ថិភាព។

» អានអត្ថបទដែលទាក់ទង៖ នៅពេលដែលពលរដ្ឋស្វាគមន៍ ធី សុវណ្ណថា នឹងស្បែកជើង...

នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ លោក សួន សេរីរដ្ឋា បានសម្ដែងការសោកស្ដាយ ចំពោះហេតុការណ៍នោះ និង​បានហៅសកម្មភាព​នោះ ថាជាការហួងហែង របស់ក្រុម «អ្នកផ្កាប់មុខ» ជាមួយនឹងគណបក្សសង្គ្រោះជាតិ។ ប្រធាន​គណបក្សអំណាចខ្មែរ បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់លោក​ថា៖ «ខ្ញុំសោកស្តាយ ដែលក្រុម​អ្នក​ផ្កាប់មុខ ជាមួយនឹង​គណបក្សសង្គ្រោះជាតិ នាំគ្នាហួងហែង ត្រួតត្រាគ្រប់គ្រង ពីធីបុណ្យសពលោក កែម ឡី ដោយមិនខ្លាចរអារចិត្តភរិយា និងកូនៗ ព្រមទាំងសាច់ញាតិរបស់សព ដែលពួកគេ​កំពុងមាន​ទុក្ខ​ជា​ទម្ងន់»។

លោក បានបន្តទៀតថា៖ «នេះគឺបុណ្យសពលោក កែម ឡី មិនមែនជាបុណ្យសពលោក កឹម សុខា ប្រធាន​ស្តីទី គណបក្សសង្គ្រោះជាតិទេ»។

ប្រធានគណបក្សអំណាចខ្មែរ ដែលបានទៅចូលរួម​គោរពសពលោក កែម ឡី កាលពីម្សិលម៉ិញដែរនោះ បាន​ពន្យល់ករណីនេះថា៖ «រឿង ធី សុវណ្ណថា និង កឹម សុខា ជារឿងដោយឡែក។ តែខ្ញុំមិនដែលឮថា ធី សុវណ្ណថា នាង​មាន​បញ្ហា ឬមានទំនាស់ ជាមួយនឹងលោកបណ្ឌិត កែម ឡី ទេ។ តែក្រុមអ្នកផ្កាប់មុខ ជាមួយ សម រង្ស៊ី និង កឹម សុខា ក្នុងគណបក្សសង្គ្រោះជាតិនេះវិញទេ ដែលធ្លាប់លាបពណ៌ថា លោក កែម ឡី លក់ក្បាលឲ្យ ហ៊ុន សែន នោះ។ សូមចេះខ្មាសខ្លួន ហើយក្លាហានហ៊ានងើបមុខ ទទួលយកការពិតផង កុំយកសព​បុគ្គល​ឯករាជ្យ​ម្នាក់ ដែល​​ជា​​អ្នក​រង​គ្រោះ ដោយពួកអ្នកនយោបាយ មកធ្វើអាជីវកម្មនយោបាយថែមទៀត។»

ការលើកឡើង របស់លោក សួន សេរីរដ្ឋា បានរងប្រតិកម្មមកវិញយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។ ម្ចាស់គណនី «ជាតិ ខ្មែរ» បានសរសេរថា៖ «រឿងដែលគេដេញពួកវាចេញ គឺទាក់ទងនឹងជន​ដែល​ស្លាប់ (លោក កែម ឡី) និងបក្សពួក ​ដែលគេសង្ស័យថា​​ជាអ្នកធ្វេីឃាត និងពួក ធី សុុវណ្ណថា ដែលគាំទ្រ​ជន​សង្ស័យ​​ទាំងនោះ មិនមែនទាក់ទងនឹងគណបក្សណាទេ»។ រីឯគណនី «Heang Ratheany» បានសរសេរថា៖ «ប្រជា​​ពលរដ្ឋ ដែលទៅបុណ្យសព​លោក កែម ឡី មិនមែនសុទ្ធ តែជាអ្នកគាំទ្រគណបក្ស​សង្រ្គោះជាតិ​នោះ​ទេ។ ខ្ញុំថា បើ​លោកមិននិយាយពាក្យទាំងនេះ ប្រហែលចំណេញច្រើន។ ក្នុងកាលៈទេសៈនេះ លោកនិយាយ​ពា​ក្យ​ទាំង​នេះ ក្រោយពីលោកបានទៅ(រួច)ហើយ។ សំណាងហើយ ដែលលោកមិនខ្មាស់គេ ដូច ធី សុវណ្ណថា...។»

សម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានវិញ បានសរសេរថា៖ «ទើបសម័យនេះទេ ដែល​ឃើញ​មានគេកាងបុណ្យសព! សម័យដើម បើបុណ្យការ​គេមិនហៅ គឺមិនទៅ តែបុណ្យសពវិញ ទោះគ្មានការ​អញ្ជើញ​ ក៏ខ្មែរតែងទៅចូលរួមដែរ។ ហេតុអ្វីបានជាខ្មែរខ្លះ ដូរប្រពៃណីដ៏ល្អ របស់ខ្លួនយ៉ាងនេះ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...