បណ្ដាំ កែម ឡី៖ ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 13, 2016
- ប្រធានបទ: សំដីមាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចលនាប្ដូររូបថត (ទាំងរូបថត Profile និងរូបថត Cover) របស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដូរមកដាក់រូបថតលោក កែម ឡី បានកើតឡើងយ៉ាងព្រោងព្រាង បន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កណ្ដាលរាជធានីភ្នំពេញរួចមក។ ពីក្នុងចំណោមរូបថតទាំងនោះ មានឃ្លាមួយ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម យកមករចនាដាក់អមជាមួយ នឹងរូបថតលោក កែម ឡី និងបានបង្កចំងល់ ដល់អ្នកផងផ្សេងទៀតថា ហេតុអ្វីបានជាមានឃ្លាមួយនេះ ហើយឃ្លាមួយនេះ មានន័យយ៉ាងដូចម្ដេច។
ជាការពិតហើយ ប្រសិនជារូបអ្នក បានរងគ្រោះរង្គោះ ទាំងខាងផ្លូវកាយ និងខាងផ្លូវចិត្ត នៅចំពោះបញ្ហាអ្វីមួយ អ្នកចាំបាច់ណាស់ នូវការលួងលោម និងស្វែងរកឲ្យដឹងថា តើមានវិធីអ្វី ដើម្បីអាចរំដោះគ្រោះនេះបាន។ ដូច្នេះហើយ ទើបលោក កែម ឡី តែងឧស្សាហ៍បាននិយាយ ទៅកាន់មនុស្សទាំងនោះ ជាពិសេសមនុស្ស ដែលនៅជុំវិញលោកថា៖ «ចូរជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត»។ ឃ្លានេះ មានន័យជាភាសាអង់គ្លេសថា៖ «Wipe Your Tears, Continue Your Journey»។
ប៉ុន្តែអត្ថន័យ នៃឃ្លាបណ្ដាំរបស់លោក មិនមានត្រឹមតែជាការងើបចេញ ពីសភាពរងគ្រោះនឹងបញ្ហាអ្វីមួយនោះទេ តែវាមានអត្ថន័យ ដើម្បីប្រែក្លាយការឈឺចាប់ របស់រូបអ្នកផ្ទាល់ ឲ្យទៅជាថាមពល ដើម្បីសម្រេចបាន នូវការខំប្រឹងតស៊ូរបស់អ្នក។
អ្នកជិតដិតមួយរូប របស់លោក កែម ឡី គឺលោក ប៉ា ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ (ហៅកាត់ថា VOD) បានថ្លែងរំលឹកពីឃ្លានេះ នៅក្នុងកម្មវិធី «វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី» មកបញ្ជាក់ថា៖ «វាមានគំនិត និងទស្សនៈជាច្រើនណាស់ ដែលខ្ញុំរៀនពីគាត់ (លោក កែម ឡី) ប៉ុន្តែចំណុចមួយដែលខ្ញុំ ចង់លើកយកមកដដែលៗណ្នឹង គឺបណ្ដាំរបស់គាត់ ដែលថា "ចូរអ្នកជូតទឹកភ្នែករបស់អ្នក ដើម្បីបន្តដំណើរទៅមុខ"»។
លោក ប៉ា ងួនទៀង ដែលជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងនោះ បានបន្តពន្យល់ទៀតថា៖ «មានន័យថា គាត់ចង់រំលឹកយើងថា រាល់ពេលដែលយើងរងនូវការឈឺចាប់ ចូរប្រែក្លាយការឈឺចាប់នេះ ឲ្យវាទៅជាថាមពល ឲ្យយើងគិតរិះរកវិធី នៃការបញ្ចប់ការឈឺចាប់នេះ តាមរយៈការធ្វើដំណើរទៅមុខ និងរកវិធីផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន»។
បើតាមការអះអាងខាងលើ សំដីមួយឃ្លានេះ របស់លោក កែម ឡី មានលក្ខណៈជាសកល និងអាចឲ្យមនុស្សនៅគ្រប់ជាតិសាសន៍ នៅលើពិភពលោក យកមកទុក ជាការពិចារណាផ្ទាល់ខ្លួនបាន។ ជាការប្រៀបធៀប ទៅនឹងទស្សនៈវិជ្ជាជាសកលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកឃ្លាមួយនេះ មកជម្រាបជូនដូចតទៅ៖ «បើអ្នកធ្លាក់មកដល់ដីហើយ អ្នកមានជម្រើសតែមួយគត់ នោះគឺត្រូវប្រឹងងើបឡើងមកវិញ ព្រោះអ្នកមិនមានទីណាទៀត ដែលត្រូវធ្លាក់ឲ្យជ្រៅជាងនេះឡើយ»៕