ខ្សែអាត់សម្លេង ថោង សារ៉ាត់ ថាករណីខ្លួនជារឿង«ស្វាស៊ីបាយលាបមាត់ពពែ»
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 10, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងសម្លេងយំយែក លោកឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួន បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់គ្រួសាររបស់លោក ព្រមទាំងបានបដិសេធ នូវរាល់ការចោទប្រកាន់ទាំងអស់ របស់សមត្ថកិច្ចដែលចោទប្រកាន់ថា លោកគឺជាឃាតករសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
ឧកញ៉ាវ័យក្មេងរូបនោះ បាននិយាយថា មានតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ដែលអាចជួយរកយុត្តិធម៌ឱ្យខ្លួន និងក្រុមគ្រួសារបាន។ លោកសំណូមពរឱ្យនាយករដ្ឋមន្រ្តី ជួយធ្វើអន្តរាគមន៍ធ្វើការស៊ើបអង្កេតករណីនេះឡើងវិញ ព្រោះវាជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់គ្រួសាររបស់លោក ដែលត្រូវគេមូលបង្កាច់។
លោក ថោង សារ៉ាត់ ទទូចដល់បុរសខ្លាំងតែមួយ នៅកម្ពុជាថា៖ «សុំក្តីមេត្តាទៅ សុំត្រួតពិនិត្យឡើងវិញ ស៊ើបអង្កេតឡើងវិញគ្រប់ការងារហ្នឹង ការងារនេះអយុត្តិធម៌ខ្លាំងណាស់។ ខ្ញុំមិនដែលឃើញទេ ខ្ញុំមិនដែលឃើញអ្នកណា ដែលអាចធ្វើរឿងសទៅជាខ្មៅអញ្ចឹងទេហ៊ឺ។ ឥលូវយើងពិចារណា យើងគិតសាកមើល បើសិនជាអង្គរក្សខ្ញុំបាញ់មែននោះ កាមេរ៉ាគេចាប់បាន (...) ហេតុអីបានជាពួកគាត់ហ៊ានការពារខ្ញុំ ជិះម៉ូតូមិនខ្លាចគេមើលឃើញទេអី?»
អះអាងទៅនឹងការបដិសេធថា លោកមិនបានបញ្ជាឱ្យសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ឧកញ៉ាវ័យ៣៨ឆ្នាំ និងជាមន្រ្តីយោធារូបនេះ បញ្ជាក់ថា ប្រសិនបើជាកូនចៅរបស់លោក ជាឃាតករបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ មែននោះ មិនមែនអង្គរក្សរបស់លោក ហ៊ានដើរច្រង៉េងច្រង៉ាងពេញថ្នល់ និងជិះម៉ូតូតាមការពារនោះទេ។ លើសពីនេះទៅទៀត គេហ៊ានឱ្យសមត្ថកិច្ចនាំខ្លួន ទៅសួរនាំដោយមិនរត់គេចថែមទៀត។
ឧកញ៉ាដែលជាជាសង្ស័យទីមួយរូបនេះ បានត្អូញត្អែបន្តថា៖ «ហេតុអីគេដឹងថាត្រូវចាប់ហើយ គេមិនរត់? ហេតុអី គេហ៊ានទៅដល់កន្លែង ឱ្យសាកសួរទៀត ព្រោះពួកគាត់គិតថាពួកគាត់អត់បានធ្វើអញ្ចឹង? គាត់គិតថា វាមិនអាចទៅរួចទេ រឿងអីទៅយក ... ឃើញលឺថាយកភស្តុតាងឯណា ភស្តុតាងឯណាមានយកចេញទៅ ហើយមានខ្សែអាត់ឯណា ខ្ញុំនិយាយទូរស័ព្ទជាមួយខាងហ្នឹង មានមកពីណា? ហើយខ្ញុំមានជម្លោះដីធ្លីឯណាទៅ?»
«វាអាក្រក់ខ្លាំងណាស់! មិនដែលឃើញសម័យណាដូចសម័យហ្នឹងទេ»
ជាមួយសម្លេងយំខ្សឹបខ្សួល ដែលរៀបរាប់ថា ករណីរបស់ខ្លួន ជារឿងស្វាស៊ីបាយលាបមាត់ពពែ លោក ថោង សារ៉ាត់ បានចោទប្រកាន់តុលាការថា បានទាលុយគ្រួសាររបស់លោក ដើម្បីជាថ្នូរនិងការដោះលែងឪពុកម្តាយ។ ឧកញ៉ាវ័យក្មេងបានរៀបរាប់បន្តថា៖ «ខ្ញុំនិរទេសខ្លួនហើយ ប្រពន្ធជាប់ក្នុងហ្នឹង អត់មានអ្នកណាដកលុយធនាគារបានទេ រត់ទៅខ្ចីគេ ខ្ចីឯង រត់ទៅលក់គ្រឿងអល្លង្កាមួយចំនួន ដែលនៅសល់នោះ ដើម្បីយកទៅឱ្យតុលាការ ចាយវាយខ្ចាត់ខ្ចាយរាប់សិបម៉ឺនដុល្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃហើយ ប៉ាម៉ាក់ខ្ញុំអត់បានចេញ ហើយគេយកទៅទៀត។ ទារច្រើនណាស់ គាត់ហួងហែងស៊ីគ្រួសារខ្ញុំតែម្តង វាអាក្រក់ខ្លាំងណាស់ មិនដែលឃើញសម័យណាដូចសម័យហ្នឹងទេ។»៕