ហ៊ុន ម៉ានី ទៅ​ប្រជុំ​នៅ​​យួន ​ដើម្បី​រឹត​ចំណង​មិត្តភាព​យុវជន វៀតណាម-​ឡាវ-​កម្ពុជា

បើសិនជាលោក ហ៊ុន សែន ជាឪពុកទៅប្រទេសកូរ៉េខាងត្បូង ដើម្បីរឹតចំណងមេត្រីភាពជាមួយប្រទេសនាគនៅអាស៊ី​នោះ លោក ហ៊ុន ម៉ានី ជាកូនឯណេះវិញ ក៏មិននៅស្ងៀមដែរ។ លោកខិតខំរឹងចំណងមេត្រីភាព ដែល​ធ្លាប់​មាន​ជា​ប្រពៃណី​យូរ​លង់​កន្លង​មក ហើយក៏សម្រាប់រយៈពេលយូរអង្វែងទៅមុខទៀត នោះគឺចំណងមេត្រីភាព រវាងយុវជនកម្ពុជា-វៀតណាម និងឡាវ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 10, 2014
  • ប្រធានបទ: ទំពាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិត្តភាពចាក់ទឹកមិនលេច រវាង​ប្រទេស​ជាប់​ខាង​ទាំង​បី នឹង​ស្ថិត​ស្ថេរ​ជានិច្ច​និរន្ដរ ចិរកាល​រាប់​ម៉ឺន​ឆ្នាំ​ត​ទៅ។ ព្រោះ​បើ​រាប់​ចាប់​តាំង​ពី​បក្ស​កុម្មុយនីស​ឥណ្ឌូចិន ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៣០ នោះ​មក សម្ព័នភាព​និង​អត្ថន័យ​របស់​វា​មក​ដល់​​ថ្ងៃ​នេះ នៅ​តែ​មាន​សភាព​ផ្អែម​ល្អែម មិន​ខុស​ពី​ទឹក​ឃ្មុំ​ខែ​ចែត្រ​ប៉ុន្មាន​ឡើយ។ ព្រឹត្តិការណ៍​កំពុង​ចាក់​ឬស​បន្ត​ទៀត ទៅ​ក្នុង​យុវជន​រវាង​ប្រទេស​ទាំង​បី នៅ​ក្នុង​សន្និសីទ​មួយ​ដែល​មាន​ឈ្មោះ​ថា សន្និសីទ​ស្ដី​ពី​សហ​ប្រតិបត្តិការ​យុវជន វៀតណាម-​ឡាវ-​កម្ពុជា និង​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានី ហាណូយ ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី៨ រហូត​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ។

សន្នីសីទប្រចាំឆ្នាំនេះ កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង ដើម្បី​សហ​ប្រតិបត្តិការ​គ្នា​មួយ រវាង​សមមិត្ត ង្វៀន ដាក់វិញ (Nguyen Dac Vinh) អគ្គលេខា​នៃ​គណកម្មាធិការ​កណ្ដាល របស់​សហព័ន្ធ​យុវជន​កុម្មុយនីស​វៀតណាម សមមិត្ត វីឡៃវង្ស ប៊ូដាកខាំ (Vilayvong Bouddakham) អគ្គលេខា​នៃ​គណកម្មាធិការ​កណ្ដាល របស់​សហព័ន្ធ​យុវជន​ប្រជាមានិត​ឡាវ និង​លោក ហ៊ុន ម៉ានី ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា។ ប្រទេស​ទាំង​បី នឹង​ផ្លាស់​ប្ដូរ​វេន​គ្នា​ដើម្បី​រៀបចំ​សន្និសីទ​នេះ នៅ​ក្នុង​ប្រទេស​ផង​ខ្លួន មួយ​ឆ្នាំ​ម្ដង។ នេះ​បើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​របស់​វៀតណាម ហៅ​កាត់​ថា VNA។

សន្និសីទនេះ មិនត្រឹមតែបង្កើនចំណេះដឹង ខាង«បដិវត្ត និងប្រវត្តិ»របស់ប្រទេសមួយៗប៉ុណ្ណោះទេ ប៉ុន្តែក៏​មាន​ផងដែរ នូវការជំរុញឲ្យការច្របាច់បញ្ចូលគ្នាកាន់តែខ្លាំងឡើង អំពីចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហ​ប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍន៍ក្នុងប្រទេសទាំងបី។

អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងសន្នីសីទ ដែលមានចូលរួមពីតំណាងពីប្រទេសទាំងបី ចំនួន៦០នាក់នោះ បានសង្កត់ធ្ងន់ទៅលើ «បទពិសោធន៍ នៅក្នុងការរៀបចំសកម្មភាពស្ម័គ្រចិត្ត សម្រាប់សហគមន៍ និងសង្គម»។ បើតាមទីភ្នាក់ងារព័ត៌មានដដែល បានបញ្ជាក់ទៀតថា សន្នីសីទនេះ បានយល់ព្រមពង្រីកនូវការផ្លាស់ប្ដូរ តំណាងជាន់ខ្ពស់ និងសកម្មភាពវប្បធម៌ រវាងក្រុមយុវជនទាំងសងខាង ក៏ដូចជាបង្កើតឲ្យមានភាពជាដៃគូរ រវាងខេត្តនានា ដែលនៅជាប់នឹងព្រំដែននៃប្រទេសទាំងបី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...