ធ្វើដូចម្ដេច ដើម្បីឲ្យពស់ថ្លាន់យក្សលេបទាំងរស់? (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 10, 2014
- ប្រធានបទ: ធម្មជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដែលអ្នកស្រឡាញ់បរិស្ថាន ផូល រ៉ូសូលី និងទូរទស្សន៍ ឌឹសខូវើរី របស់អាមេរិក បានបង្កើតនូវកម្មវិធីមួយ ដែលបានបង្អើលពិភពលោក មានឈ្មោះថា «លេបទាំងរស់»។ បើតាមពួកគេ បានអះអាងថា លោក ផូល រ៉ូសូលី ត្រូវបានលេបទាំងរស់ ដោយសត្វពស់ថ្លាន់យក្សដ៏ធំមួយក្បាល ដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវមួយ។ កម្មវិធីនេះ ត្រូវបានក្រុមអ្នកការពារធម្មជាតិ និងសត្វព្រៃ ធ្វើការរិះគន់ជាមុនហើយ ដោយពួកគេបានចាត់ទុកថា វាគ្រាន់តែជាការផ្សព្វផ្សាយ ដើម្បីប្រជាប្រិយភាពរបស់ខ្លួនប៉ុណ្ណោះ។
» វីដេអូ នៅខាងក្រោមបំផុត នៃអត្ថបទ។
កម្មវិធី ត្រូវបានចាក់បញ្ចាំងនៅយប់ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០១៤នេះ តែមិនបានឆ្លើយតបទៅនឹងអ្វី ដែលទូរទស្សនិកជនបានទន្ទឹងរងចាំ តាមការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ នៅក្នុងការផ្សព្វផ្សាយដំបូង បានឲ្យដឹងថា ផូល រ៉ូសូលី ត្រូវបានស៊ីលេបទាំងរស់ ដោយសត្វពស់យក្សមួយ។ តែសត្វពស់ដែលមានបណ្ដោយប្រវែង៦ម៉ែត្រ គ្រាន់តែសាកល្បងចង់រួមរឹត តារាទូរទស្សន៍រូបនេះ ដូចទៅនឹងចំណីដែលវាធ្លាប់បានធ្វើរាល់ដងប៉ុណ្ណោះ។ នៅមុនពេលសត្វពស់ចាប់ផ្ដើមលេបចំណីដ៏ចម្លែកមួយនេះ លោក ផូល ដែលទំនងជាភ័យទ្រាំលែងបាននោះ បានស្រែកឲ្យគេជួយរំដោះខ្លួន ចេញពីសត្វពស់។
លោក ផូល រ៉ូសូលី បាននិយាយពន្យល់ នៅក្នុងកម្មវិធីនោះថា៖ «ពស់ថ្លាន់នោះ បានរឹតខ្លួនខ្ញុំ ហើយបានបន្ដឹងកាន់តែខ្លាំងឡើងៗ រហូតខ្ញុំលែងអាចកម្រើកដៃរបស់ខ្ញុំតទៅទៀត»។ នៅពេលដែលពស់ថ្លាន់ញី បានបើកមាត់ដ៏ធំរបស់វា ត្របាក់កាសគ្របក្បាលរបស់លោក អ្នកស្រឡាញ់ធម្មជាតិរូបនេះ បានគិតថា ដៃរបស់លោកបានបាក់ទៅហើយ ទើបស្រែកសុំឲ្យក្រុមការងាររបស់ពួកគាត់ ជួយអន្តរាគមន៍។ លោក ផូល បានបញ្ជាក់ទៀតថា បើគ្មានអាវក្រោះពិសេស ដែលបានបង្កើតឡើងសម្រាប់កម្មវិធីនេះទេ ខ្លួនលោកទំនងជាមិនអាចទ្រាំរួច លើសពី១០វិនាទីឡើយ។
បើទោះជាទូរទស្សនិកជនសម្ដែងការខឹងសម្បារ តែលោក ផូល រ៉ូសូលី នៅតែបង្ហាញនូវភាពសប្បាយរីករាយ នឹងអ្វីដែលលោកបានធ្វើ។ នៅពេលនេះ លោកបានដឹងយ៉ាងច្បាស់ហើយថា អាវក្រោះការពារពិតជាអាចការពារដងខ្លួនរបស់លោកបាន។ ដូច្នេះលោកបានត្រៀមខ្លួនជាថ្មី ដើម្បីសាកល្បងឲ្យសត្វពស់លេបម្ដងទៀត ជាពិសេសជាមួយនឹងសត្វពស់មួយក្បាលទៀត ដែលក្រុមការងារបានជួបជាលើកទីមួយ និងមានទំហំធំជាង រហូតដល់ទៅ៧,៥ម៉ែត្រ និងមានទំងន់ដល់ទៅ១៣៥គីឡូក្រាម។
សម្រាប់នៅលើបណ្ដាញសង្គមវិញ ប្រតិកម្មរបស់ទូរទស្សនិកជនមានច្រើនហួសពីការស្មាន។ ប៉ុន្តែមិនសូវមានប្រតិកម្ម«វិជ្ជមាន»ប៉ុន្មានទេ។ ផ្ទុយទៅវិញ គេសង្កេតឃើញ ប្រតិកម្មទាំងនោះ សម្បូរទៅដោយការ«ចំអក»ឡកឡឺយយ៉ាងគគ្រឹកគគ្រេង៕