«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»

អ្នកដែលបានចូលទៅទស្សនា កសិដ្ឋាន «Campbellsville» ដែលស្ថិតក្នុងរដ្ឋ «Kentucky (ភាគខាងកើត-កណ្ដាល នៃសហរដ្ឋអាមេរិក)» ប្រាកដជាភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលពួកគេ បានឃើញផ្ទាល់នឹងភ្នែក នូវសត្វកូនគោមួយក្បាល ដែលមានក្បាលពីរ និងដែលទើបនឹងកើត ឃើញពន្លឺថ្ងៃ នៅចុងខែកន្លងទៅ។ លោក ស្តេន ម៉ាកឃុប៊ិន (Stan McCubbin) ម្ចាស់កសិដ្ឋានខាងលើ បានរៀបរាប់ប្រាប់តាមទូរទស្សន៍ «WDRB» ឲ្យដឹងថា ដំបូងឡើយ អារម្មណ៍លោកបានរង់ចាំកូនគោភ្លោះ ដែលនឹងកើតចេញ ពីផ្ទៃម្ដាយរបស់វា។
នៅថ្ងៃដែលមេគោឆ្លងទន្លេនោះ លោក ស្ដេន បានចូលរួមជួយបង្កើតកូននេះ ដោយផ្ទាល់។ លោកបានថ្លែងឡើងថា៖ «ខ្ញុំភ្ញាក់ព្រើត សឹងតែដាច់ផ្ងារ នៅពេលឃើញកូនគោនេះ កើតដំបូង ដោយមានក្បាលពីរ»។ កូនគោញីមួយនេះ ត្រូវបានលោកដាក់ឈ្មោះ ឡាក់ឃី (Lucky)។ វាមានត្រជៀកពីរ ដូចធម្មតា តែមានក្បាលព្រែកជាពីរ ក្នុងនោះមានច្រមុះពីរ មាត់ពីរ និងភ្នែកបួន។ ភ្នែកពីរ ដែលនៅកណ្ដាល ហាក់ដូចជាជាប់គ្នា និងដូចជាមិនមើលឃើញអ្វីទេ។
កូនគោដ៏ចម្លែក អាចដើរបានខ្លះៗ តែមិនបានច្រើនទេ។ វាបានដួលចុះវិញ បន្ទាប់ពីវាដើរ បានប៉ុន្មានជំហាន។ បើតាមគ្រួសារលោក ម៉ាកឃុប៊ិន បានឲ្យដឹងថា សត្វដែលរងការប្រែរូប ដ៏ចម្លែករបៀបនេះ មិនអាចរស់បានទេ ហើយតែងតែស្លាប់ទៅវិញ នៅពេលកើតចេញពីពោះម្ដាយ។ តែនេះ មិនមែនជាករណីរបស់ កូនគោ ឡាក់ឃី នោះទេ។ វាបៅដោះ ស៊ីបាន និងមានសុខភាពល្អប្រសើរណាស់។ អ្នកស្រី ប្រ៊េនឌី (Brandy) ភរិយារបស់លោក ស្តេន បានឲ្យដឹងដែរថា៖ «យើងមានភ័ពវាសនាណាស់ ដែលហេតុការណ៍បែបនេះ បានកើតឡើង នៅក្នុងកសិដ្ឋានរបស់យើង»៕
» បទយកការណ៍ខ្លីមួយ ស្ដីពីកូនគោមុខពីរដ៏ចម្លែកនេះ៖