«សូម​កុំ​បាញ់! គាត់​គ្មាន​អាវុធ​ទេ! ហើយ​គាត់​ក៏​មិន​ធ្វើ​អ្វី​ដែរ!»

រឿងវ៉ាវនគរបាលបាញ់សម្លាប់ ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ចេះតែបន្តកើតមាន នៅអាមេរិក។ ករណី​បាញ់​សម្លាប់​​ចុង​ក្រោយ ទៅ​លើ​លោក «Keith Scott» នៅ​ក្រុង «Charlotte» នៃ​រដ្ឋ​ការ៉ូលីន​ខាង​ជើង (ភាគខាងកើត​អាមេរិក) ក៏កំពុង​បង្ក​ឲ្យ​មាន​សង្គ្រាម​ប៉ាកា ផ្ទុះ​ខ្លាំង​ឡើង បន្ទាប់​ពី​ភរិយា​របស់​ជន​រង​គ្រោះ បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន បង្ហាញ​ពី​សកម្មភាព​បាញ់​ឆៅ ពីសំណាក់​នគរបាល​ទៅ​លើ​ស្វាមី។ ជាការដាក់​សំពាធ​មួយ ​ទៅ​លើ​អាជ្ញាធរ​ ដើម្បី​ឲ្យ​បង្ហាញ​​វីដេអូ ដែល​ខ្លួន​ថត​បាន​ដែរ ពី​ហេតុការណ៍​នេះ។
រូបភាពដែលផ្តិតថតដោយភរិយា របស់ពលរដ្ឋ​អាមេរិកាំង​ស្បែកខ្មៅ នៅពេលដែល​នគរបាលបាញ់សម្លាប់ស្វាមីខ្លួន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 26, 2016
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សូមកុំបាញ់! គាត់គ្មានអាវុធទេ! ហើយគាត់ក៏មិនធ្វើអ្វីដែរ!» ប៉ុន្មានឃ្លានេះ ជាអ្វីដែលគេស្ដាប់ឮ នៅក្នុង​វីដេអូ​មួយ (វីដេអូ​ខាងលើ) ដែលត្រូវបានយកមកផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ។ ម្ចាស់សំលេងនេះ គឺ​ភរិយា​លោក «Keith Scott» ដែលកំពុងកាន់ទូរស័ព្ទថតហេតុការណ៍ និងនិយាយអង្វរ ទៅកាន់ក្រុម​​នគរបាល ដែល​កំពុង​ឡោម​ព័ទ្ធ​ស្វាមីរបស់ខ្លួន នៅក្នុងក្រុង «Charlotte» នៃរដ្ឋការ៉ូលីនខាងជើង (ភាគ​ខាង​កើត​អាមេរិក) កាល​ ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។

ប៉ុន្តែកងកម្លាំងនគរបាល មិនបានស្ដាប់តាមការអង្វរនេះទេ ដោយបានផ្ទុះអាវុធចំនួនបួនគ្រាប់ បាញ់​សំដៅ​ទៅ​លោក «Keith Scott» បុរសស្បែកខ្មៅ ឲ្យដួលចុះទៅលើដី នៅចំពោះភាពរន្ធត់ របស់ស្ត្រីជាភរិយា។ នគរបាល​បាននិយាយថា លោក «Keith Scott» មានអាវុធនៅក្នុងដៃ ហើយបានបង្ហាញ នូវ​«កាយ​វិការ​មួយ» ដែល​ជា​ការ​គម្រាម​ដល់ កងកម្លាំងអាជ្ញាធរ។

ការ​បាញ់ប្រហារនេះ បានបង្កឲ្យបណ្ដាជនអាមេរិកាំង ជាពិសេសពលរដ្ឋដែលរស់នៅ ក្នុងក្រុង«Charlotte» ផ្ទុះ​ជា​កំហឹងឡើង និងបានធ្វើការចុះដើរតាមផ្លូវ ប្រឆាំងតវ៉ា​នឹង​«ហិង្សា​ដោយ​អាជ្ញាធរ» ទៅលើបណ្ដា​ជន​ស្បែក​ខ្មៅ តាំងពីច្រើនថ្ងៃមកហើយ។

ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់លោក «Keith Scott» បានបដិសេធការលើកឡើងរបស់នគរបាល ដោយ​បាន​អះអាងថា នៅក្នុងដៃលោក «Keith Scott» គ្មានអាវុធទេ តែលោកមានកាន់ នូវសៀវភៅមួយក្បាល។

វីដេអូរបស់ក្រុម​គ្រួសារ​បុរស​អាមេរិកាំង​ស្បែក​ខ្មៅ បានជំរុញឲ្យអាជ្ញាធរ ចាំបាច់ត្រូវបញ្ចេញ​វីដេអូ​របស់​ខ្លួន​ នៅថ្ងៃសៅរ៍នេះដែរ។ ជា​វីដេអូ ដែលថត​ដោយ​កាម៉េរ៉ាសុវត្ថិភាព ដាក់ជាប់នឹងរថយន្ដនគរបាល និង​នៅ​ជាប់​នឹងភ្នាក់ងារនគរបាល នៅ​ពេល​ដែល​ភ្នាក់ងារនោះ ចុះបំពេញភារកិច្ច។ ប៉ុន្តែរូបភាព ដែលបង្ហាញ​នៅ​ក្នុង​វីដេអូ មិន​បាន​បញ្ជាក់​ថា លោក «Keith Scott» ពិតជាមានកាំភ្លើងនៅនឹងដៃនោះទេ។

វីដេអូទីមួយ គេឃើញលោក «Keith Scott» បានចេញពីរថយន្ដ ហើយដើរថយក្រោយ មុននឹងត្រូវ​នគរបាល​បាញ់ ឲ្យដួលនឹងកន្លែង។ ហើយវីដេអូមួយទៀត បង្ហាញឲ្យឃើញ លោក «Keith Scott» បានដួលដេកនៅ​លើ​ដី ឡោមព័ទ្ធដោយ​ភ្នាក់ងារ​នគរបាល ​ជាច្រើននាក់ (វីដេអូទាំងពីរ ដាក់នៅខាងក្រោម)។ ក្រៅពី​វីដេអូ​ទាំង​ពីរ នគរបាល​នៅ​បាន​បញ្ចេញ​រូប​ថតផ្សេង​​​ទៀត ដែលបង្ហាញពីកាំភ្លើងខ្លី និងស្រោមកាំភ្លើង ដែលមានខ្សែ​ក្រវ៉ាត់ សម្រាប់​ដាក់​​ខាង​​ក្រោម​ក្លៀក។

នគរបាលបានបដិសេធ មិនបង្ហាញរូបភាពទាំងនេះ ពីពេលមុនមកទេ។ ហើយការ​សម្រេចបញ្ចេញរូបភាព មក​បង្ហាញ​ជាសាធារណៈ កាលពីថ្ងៃសៅរ៌ ត្រូវបាននគរបាលពន្យល់ថា ដោយសារមូលហេតុ​មកពីមនុស្ស​ម្នា​ចង់​ដឹង ចង់ឃើញ ករណី​ខាង​លើខ្លាំងពេក។ នគរបាលនៅបានបន្ថែមទៀតថា ភស្ដុតាង«ADN» ក៏នឹង​ត្រូវ​ផ្សាយ​​ឲ្យ​​ដឹង​ដូច​​គ្នា​ដែរ នាពេលខាងមុខ។

យ៉ាងណា សម្រាប់គ្រួសារលោក «Keith Scott» នៅតែបដិសេធ ពីរូបភាព ដែល​ផ្ដល់​ដោយ​នគរបាល។ លោក «Justin Bamberg» មេធាវីតំណាងឲ្យគ្រួសារលោក «Keith Scott» បានប្រកាស​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា រូបភាពទាំងនេះ មិនអាចបញ្ជាក់ ពីអ្វីដែលលោក «Keith Scott» មាន ​នៅ​ក្នុង​ដៃ​ឡើយ។ លោកមេធាវីបានបន្តទៀតថា ផ្ទុយទៅវិញ រូបភាពទាំងនេះ​បានបង្ហាញថា លោក «Keith Scott» មិន​បាន​បង្ហាញ​នូវ​កាយវិការ​អ្វី ដែលបង្កការគម្រាម ទៅដល់កងកម្លាំងអាជ្ញាធរនោះទេ។

សួមរំលឹកជូនថា លោក «Keith Scott» ត្រូវបាននគរបាលបាញ់សម្លាប់ កាលពីថ្ងៃទី២០ ខែកញ្ញានេះ ខណៈ​ពេលដែលនគរបាល កំពុងស្វែងរកមនុស្សម្នាក់ផ្សេងទៀត ដែលស្ថិតក្នុងអាគារស្នាក់នៅមួយ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងកើតហេតុ។ ការបាញ់សម្លាប់នេះ បានបន្ថែមតួលេខមួយថ្មី ទៅក្នុង​បញ្ជី​ដ៏​វែង​អន្លាយ នៃ​ការ​បាញ់​សម្លាប់ ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ ប្រឆាំងនឹងពលរដ្ឋអាមេរិកាំងស្បែកខ្មៅ នៅសហរដ្ឋអាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...