លួចរថយន្ដរបស់ម្ដាយ ដោយទាំងកូនស្រីតូចម្នាក់ទៅជាមួយ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មករា ២០១៦
- កែប្រែចុងក្រោយ: January 17, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវបានរកឃើញ ទាំងកណ្ដាលយប់ នៅកណ្ដាលចំណតរថយន្ដហាលវាលមួយ ដែលមានអាកាសធាតុ ចុះត្រជាក់ស្រៀវដល់ឆ្អឹង។ នាងតូច ដែលមានឈ្មោះ «Caraline Leon-Alcocar» បានបាត់ខ្លួនប្រមាណជិត៤ម៉ោង បន្ទាប់ពីនាងបាននៅក្នុងរថយន្ដតែម្នាក់ឯង ហើយរថយន្ដរបស់ម្ដាយនាងនេះ ត្រូវបានចោរម្នាក់លួចបើកចេញទៅ យ៉ាងប្រញាប់ប្រញាល ទាំងមិនមើលថា មានកុមារីតូចម្នាក់ អង្គុយនៅខាងក្រោយ។
ហេតុការណ៍ បានកើតឡើងនៅក្នុងក្រុង «Albuquerque» នៃរដ្ឋ«New Mexico» ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីដើមខែមករា កន្លងមកនេះ ហើយត្រូវបានស្ថានីយទូរទស្សន៍ «CBS News» របស់អាមេរិក យកមកធ្វើសេចក្ដីរាយការណ៍លំអិត នៅប៉ុន្មានថ្ងៃក្រោយមក។ ស្ថានីយ៍ទូរទស្សន៍បានឲ្យដឹងថា នៅមុនហេតុការណ៍នេះកើតឡើង ម្ដាយរបស់នាងតូច បានចុះចេញពីរថយន្ដ តែប៉ុន្មានជំហ៊ានប៉ុណ្ណោះ។ តែនៅពេលអ្នកស្រីដឹងថា ចោរបានលួចរថយន្ដ និងបើកចេញទៅនោះ អ្នកស្រីមិនអាចធ្វើអ្វីផ្សេងបាន ក្រៅតែពីរត់តាមរថយន្ដ និងស្រែកថា មានកូនស្រីតូចម្នាក់ របស់អ្នកស្រីនៅក្នុងនោះប៉ុណ្ណោះ។
បន្ទាប់ពីបានដឹងរឿងនេះភ្លាមៗ ក្រុមនគរបាល និងក្រុមអ្នកឈឺឆ្អាលជាង១០នាក់ បានបើកយុទ្ធនាការតាមស្វែងរក ទាំងកណ្ដាលយប់ថ្ងៃសៅរ៍ ហើយនៅបន្តិចក្រោយមក ពួកគេបានរកឃើញ រថយន្ដរបស់ស្ត្រីជាម្ដាយចតចោល នៅលើចំណតយានយន្ដមួយ។ តែបញ្ហា... នៅត្រង់ថា ពួកគេមិនបានរកឃើញកុមារី អាយុ៣ឆ្នាំ នៅក្នុងនោះទេ។ ការសង្ស័យនៅពេលនេះ មិនមែនមានត្រឹមតែ ជាករណីលួចរថយន្ដធម្មតាទេ តែគឺជាករណី«ចាប់ក្មេង»តែម្ដង។ ជាការសង្ស័យ ដែលជំរុញឲ្យក្រុមនគរបាល បង្កើនការរុករកទ្វេដងបន្ថែមទៀត។
រហូតលុះត្រាដល់ម៉ោង១ទៀបភ្លឺ (ព្រឹកថ្ងៃអាទិត្យ) ទើបគេប្រទះឃើញកុមារី «Caraline» នៅកណ្ដាលចំណតរថយន្ដហាលវាល នៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។ នាងតូចកំពុងអង្គុយផ្ទាល់ដី ក្នុងសភាពងងឹតឈឹង ជាមួយនឹងអាកាសធាតុត្រជាក់ញ័រមាត់។ នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានសារព័ត៌មានជាច្រើន យកមកចុះផ្សាយ គេបានស្ដាប់ឮកុមារីស្រែកតិចៗថា៖ «ខ្ញុំរងាណាស់ៗៗ»។
កុមារីមិនមានរបួសអ្វីទេ ហើយត្រូវបាននគរបាល យកទៅប្រគល់ឲ្យម្ដាយនាងវិញ នៅយប់ដដែលនោះ។ ចំពោះចោរ ដែលបានលួចរថយន្ដវិញ ក៏កំពុងត្រូវបាននគរបាល តាមប្រមាញ់យ៉ាងប្រកិតដែរ។ រូបភាពវីដេអូសុវត្ថិភាព នៅនឹងកន្លែងដែលចោរ បានលួចរថយន្ដចេញទៅ បានបង្ហាញពីជនល្មើស និងត្រូវបាននគរបាលដាក់ផ្សាយជាព័ត៌មាន ដើម្បីឈានទៅចាប់ជននេះ មកផ្ដន្ទាទោស។ អ្នកនាំពាក្យនគរបាលក្រុង បាននិយាយថា ប្រសិនបើបុរសដៃដល់ ត្រូវបានឃាត់ខ្លួននោះ បុរសនេះនឹងមានទោស ពីបទ«ចោរកម្ម» បទ«ចាប់ពង្រត់ និងធ្វើទារុណកម្មលើកុមារ»៕