ពន្យា​ពេល​ហោះហើរ​របស់​យន្ដហោះ ព្រោះ​... ឃ្មុំ​មួយ​ក្បាល

កាលពីដើមសប្ដាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសឥណ្ឌូនេស៊ី ឈ្មោះ «Garuda» បានបង្ខំចិត្ត​ធ្វើការ​ពន្យា​ពេល​ជា​ច្រើន​ម៉ោង នៃការហោះបង្ហើបខ្លួនពីដី របស់យន្ដហោះមួយគ្រឿង ព្រោះមូលហេតុ... បណ្ដាលមកពី​សត្វ​ឃ្មុំ​មួយ​ក្បាល បាន​ហោះ​ចូលទៅក្នុងបំពង់មួយ សម្រាប់វាស់ល្បឿន និងសីតុណ្ហភាព​​ខាង​ក្រៅ​យន្ដហោះ។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៦
  • កែប្រែចុងក្រោយ: January 14, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាម៉ោង ១០ និង១០នាទីព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារសប្ដាហ៍មុន យន្ដហោះប្រភេទ ប៊ូអីង (Boeing 737 ) ដែលដឹកអ្នកដំណើរ ចំនួន១៥៦នាក់ ដល់ពេលត្រូវហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃ​ក្រុង «Kualanamu» ស្ថិតក្នុងភាគខាងជើង នៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ីហើយ។ ប៉ុន្តែ​ជើង​ហោះ​ហើរ ឆ្ពោះ​​ទៅ​​កាន់​​រដ្ឋធានី ចាការតា មួយនេះ ត្រូវបានពន្យាពេល ដល់ទៅ៤ម៉ោង។

អ្នកបើកបរយន្ដហោះ បានសម្រេចមិនឲ្យអ្នកដំណើរ ចូលមកក្នុងយន្ដហោះឡើយ បន្ទាប់ពីបានដឹងពីបញ្ហាមួយ ដែលបានកើតឡើង ទៅលើសម្ភារៈបំពាក់នៅលើតួយន្ដហោះ។ នោះ គឺសត្វឃ្មុំមួយក្បាល បានចូល​ទៅ​ក្នុង​បំពង់ សម្រាប់វាស់ស្ទង់សីតុណ្ហភាព និងល្បឿននៅខាងក្រៅយន្ដហោះ។

លោក ប៊េនី ប៊ូរ៉ារប៊ូតា (Benny Burarbutar) អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ «Garuda» ដែល​​ជា​​ម្ចាស់​ធ្វើអាជីវកម្ម ទៅលើយន្ដហោះខាងលើ បានថ្លែងឲ្យដឹង នៅពេលក្រោយមក ក្នុងសេចក្ដីជូនដំណឹង​មួយ​ថា៖ «ការ​អង្កេតបានបង្ហាញ ពីបញ្ហាបច្ចេកទេស ដែលបណ្ដាលមកពី សត្វល្អិតមួយក្បាល ស្ថិតនៅក្នុង​បំពង់ ភីតុត (Pitot)។ ក្រោមមូលហេតុនៃសុវត្ថភាព ក្រុមហ៊ុន បានសម្រេចចិត្តពន្យាពេល នៃជើង​ហោះ​ហើរ។»

អ្នកទទួលខុសត្រូវមួយរូបទៀត បានអះអាងថា សត្វឃ្មុំត្រូវបានយកចេញ នៅពេលក្រោយមក ហើយ​យន្ដហោះ​បានហោះ ឆ្ពោះទៅកាន់ទិសដៅ និងបានចុះចតនៅវេលារសៀល ដោយគ្មានហេតុភេទអ្វី កើតឡើង​ទៀត​ឡើយ។

បំពង់ «Pitot» ធ្លាប់ជាមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ធ្លាក់យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus A330 ) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ (Air France) ដែលហោះភ្ជាប់ទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល និងរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៩កន្លងទៅ។ យន្ដហោះ ដែលមានលេខ​ហោះ​ហើរ «AF447» បានធ្លាក់ទៅក្នុងមហាសមុទ្រអាត្លង់ទិក ដោយនាំអ្នកដំណើរ ២២៨នាក់ ឲ្យរងគ្រោះ​បាត់​បង់​ជីវិត ទៅជាមួយផង។ ដោយសារតែបំពង់ «Pitot» របស់យន្ដហោះ ត្រូវបានកក (ដោយធាតុអាកាស​ត្រជាក់​ខ្លាំង) យន្ដហោះអ៊ែរប៊ូស បានងើបខ្លួនហោះឡើង នៅក្នុងកំពស់យ៉ាងខ្ពស់ និងយ៉ាងលឿន រហូតធ្វើឲ្យបាត់បង់​លំនឹង មុននឹងធ្លាក់បោកខ្លួន ចូលក្នុងសមុទ្រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...