«អាមេរិក មិនបាននៅពីក្រោយយុទ្ធនាការស្លៀកពាក់ខ្មៅទេ»
នៅក្នុងជំនួបមួយ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងបដិសេធ ថាសហរដ្ឋអាមេរិកមិនបានបញ្ជា ឬស្ថិតនៅពីក្រោយ យុទ្ធនាការស្លៀកពាក់ខ្មៅ ឬ«ថ្ងៃចន្ទពណ៌ខ្មៅ» របស់ក្រុមសមាគមអង្គការសង្គមស៊ីវិល កាលពីថ្ងៃចន្ទ ទី៩ ខែឧសភាកន្លងមកនេះទេ។ នេះបើតាមការអះអាង របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយពីជំនួបនោះ។
លោក សុន្ទរី បានស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូត ដែលថ្លែងនៅចំពោះរដ្ឋមន្ត្រីការបរទេសកម្ពុជា មកអះអាងថា សហរដ្ឋអាមេរិកបានយល់យ៉ាងច្បាស់ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។ អ្នកនាំពាក្យបានថ្លែងឲ្យដឹងថា៖ «ឯកឧត្តមអគ្គរដ្ឋទូត បានបដិសេធដាច់ខាត [...]