ជំនួបកំពូលថ្ងៃទីពីរ៖ «ធូរ»ក្នុងបរិយាកាសជំនួប តែ«តឹង»ខាងដំណោះស្រាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយជំនួបលើកទីពីរថ្ងៃទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានប្រើពេលជាងបីម៉ោង កាលពីព្រឹកថ្ងៃតី១៧ ខែកញ្ញានេះ តាមការបញ្ជាក់របស់មន្រ្តីនាំពាក្យនៃគណបក្សទាំងពីរ ថាមានលទ្ធផលជាវិជ្ជមាន ហើយនឹងឈានទៅរកការដោះស្រាយ នូវភាពជាប់គាំងផ្នែកនយោបាយមួយដ៏ប្រសើរ។ អ្នកនាំពាក្យទាំងពីររូបនេះបានបញ្ជាក់ដោយខ្លីថា ក្រោយការពិភាក្សា គណបក្សទាំងពីរមានការឯកភាពគ្នា លើការ«កំណែរទម្រង់ស្ថាប័នរដ្ឋ»មួយចំនួន ហើយសម្រាប់យន្តការបន្តរនោះទុក សម្រាប់ការជួបពិភាក្សាគ្នានូវមន្រ្តីថ្នាក់ជំនាញ ជាបន្តរបន្ទាប់លើកក្រោយទៀត។
ជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ (ខាងឆ្វេង) និងគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - បញ្ចប់ជំនួបប្រជុំកំពូលលើកទីពីរ ដោយមិនមានសេចក្តីប្រកាសរួម អ្នកនាំពាក្យនៃគណបក្សទាំងពីរលោក ប្រាក់ សុខុន និងលោក យឹម សុវណ្ណ បានផ្តល់កិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានទាំងតក់ក្រហល់ និងប្រញាប់ប្រញាល់ផងដែរ។
ចំណុចសំខាន់ក្នុងជំនួបតីពីរនេះ លោក ប្រាក់ សុខុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជំនួបនេះត្រូវបានបញ្ចប់ តែលទ្ធផលយ៉ាងណានោះ មិនទាន់មានការសម្រេចចេញជាផ្លូវការនៅឡើយនោះទេ ដោយរង់ចាំនូវពេលវេលាណាមួយសមរម្យ ដើម្បីបន្តរធ្វើការជួបពិភាក្សាគ្នាទៀត។ លោកបន្តរថា «គណបក្សទាំងពីរ កាន់តែយល់គ្នាបានជ្រៅហើយ។ (...) យើងកំពុងតែស្ថិតនៅលើផ្លូវមួយ ក្នុងការរកដំណោះស្រាយរួមគ្នា ដោយ ទុកពេលវេលានេះសម្រាប់គណបក្សទាំងពីរ ក្នុងការជួបពិភាក្សាគ្នាជាបន្តរទៀត។ (...) ស្ថាប័នត្រូវកំណែទម្រង់ទាំងនេះ ស្ថិតក្នុងក្នុងការពិភាក្សានូវឡើយ មិនទាន់ចេញជាលទ្ធផលទេ ម្លោះហើយមិនចង់ជូននូវព័ត៌មានណាដែលមិនល្អ ដល់អ្នកព៏ត៌មាននោះទេ។»
ឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹមសុ វណ្ណ បានលើកឡើងថា «ក្នុងកិច្ចពិភាក្សានាព្រឹកនេះ យើងលើកឡើងពីបញ្ហាសំខាន់ៗរបស់ជាតិ ពិសេសការកែរទម្រង់ស្ថាប័នជាតិ។ និងខំព្យាយាមធ្វើយ៉ាងណាឲ្យការត្រួសត្រាយ ផ្លូវមានភាពកាន់តែតូចទៅៗ ដោយត្រូវការនូវពេលវេលាជាច្រើនទៀត ព្រោះយើងមិនទាន់មានការស្រុះស្រួលគ្នា មួយរយភាគរយនោះទេ។ (...) លទ្ធផលសំខាន់នែកិច្ចប្រជុំនេះ គឺការដោះស្រាយបញ្ហាជាតិសំខាន់ៗ និងការកែទម្រង់ស្ថាប័នជាតិ។ (...) ទិសដៅមិនមែនតែចង់កែទម្រង់តែស្ថាប័ននោះទេ ចំណុចសំខាន់ជា យុត្តិធម៌។ ធ្វើម៉េចឲ្យប្រជាពលរដ្ឋទទួលបាននូវពាក្យថាយុត្តិធម៌។»
ទោះបីជាមានចំណោទសួរពីអ្នកសារព័ត៌មានទាក់ទងនិងថា តើស្ថាប័នណាខ្លះដែលត្រូវធ្វើការទម្រង់នោះ តែអ្នកនាំពាក្យទាំងពីរមិនបានបញ្ជាក់ទេ ដោយគ្រាន់តែនិយាយខ្លីថា «ចាំគណបក្សទាំងពីរបានឯកភាពគ្នាជាផ្លូវការសិន»។ ឯបញ្ហាប្រជុំសភាលោក ប្រាក់ សុខុន មិនទាន់ដឹងថាត្រូវពន្យាពេល ឬយ៉ាងណានោះទេ ព្រោះនោះជាការសម្រេចរបស់ព្រះមហាក្សត្រ។ ឯលោក យឹម សុវណ្ណ ថាការចូលរួមប្រជុំសភាដំបូងនោះ គណបក្សសង្រ្គោះជាតិនឹងពិចារណា ឯពេលវេលានៅសល់ប្រាំថ្ងៃទៀត នោះកិច្ចពិភាក្សាអាចនឹងមានជាបន្តរ មុនកិច្ចប្រជុំសភា ដំបូងនាថ្ងៃ២៣ ខែកញ្ញា ខាងមុខ។
ជាចុងក្រោយអ្នកនាំពាក្យនៃគណបក្សទាំងពីរ បានបញ្ជាក់ថា ធ្វើការដកឃ្លាក្នុងការជជែកពីបញ្ហាខ្វែងគំនិតគ្នាសិន។ ដូចជាបញ្ហាបង្កើតគណៈកម្មាស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតជាដើម។ ទោះយ៉ាងណាលោកប្រាក់ សុខុន បានបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ មានភាព«វិជ្ជមាន»ច្រើន ទោះជានៅមានបញ្ហាខ្លះនៅមិនទាន់ដោះស្រាយ ហើយគណបក្សទាំងពីរ នឹងព្យាយាមប្តេជ្ញាធ្វើការដោះស្រាយរួមគ្នាជាបន្តរទៀត។
ក្រោយពីកិច្ចប្រជុំប៉ុន្មានម៉ោង មន្ទីររដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការបើកសម័យប្រជុំរដ្ឋសភានីតិកាលទីប្រាំ ដែលបានបញ្ជាក់ថា «ថ្ងៃច័ន្ទទី២៣ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោប្រាំបីព្រឹក រដ្ឋសភានីតិកាលទីប្រាំ នឹងបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតេយ្យ ព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ ជាមួយគ្នានេះក៏មានការផ្សាយបន្តរផ្ទាល់ តាមទួរទស្សន៍ និងវិទ្យុចាតិផងដែរ។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំប្រតិកម្មពីលោក យឹម សុវណ្ណបានទេចំពោះសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការនៃរដ្ឋសភាខាងលើ ដោយលោកកំពុងមានវត្តមានក្នុងទីលានប្រជាធិបតេយ្យ មិនអាចទំនាក់ទំនងគ្នាបាន។ ទោះជាយ៉ាងនេះក្តីលោក យឹម សុវណ្ណ និងលោក ប្រាក់ សុខុន បានបញ្ជាក់ក្រោយ ពីបញ្ចប់កិច្ចជំនួបកំពូលលើកទីពីរកាលពីព្រឹកម៉ិញថា បន្តយន្តការចរចាបន្ថែមទៀត ធ្វើយ៉ាងណា រកដំណោះស្រាយចុងក្រោយ ឲ្យបានមុនការបើកសម័យប្រជុំសភាលើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ។
កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញាម្សិលម៉ិញនេះ នៅចំពោះមុខម្ចាស់ឆ្នោតនាទីលានប្រចាធិបតេយ្យ លោក សម រស្ស៊ី លោក កឹម សុខា និងតំណាងរាស្រ្តដទៃទៀតនៃគណបក្សសង្គ្រោះជាតិ ក៏ដូចជាលោក យឹម សុវណ្ណ បានថ្លែងក្នុងសន្និសិទសារព័ត៌មាន ក្រោយជំនួបកំពូលលើកទីពីរក្នុងព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា បើមិនមានយន្តរការណាមួយ ដើម្បីស្វែងរក និងដោះស្រាយនូវវិបត្តិ និងភាពមិនប្រក្រតីនៃការបោះឆ្នោតជូនម្ចាស់ឆ្នោតទេ គ្រប់តំណាងរាស្រ្តទាំងអស់របស់គណបក្សសង្គ្រោះជាតិ នឹងធ្វើពហិការមិនចូលរួមប្រជុំសភាដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ តាមការអញ្ជើញរបស់ព្រះមហាក្សត្រនោះទេ។
សូមរម្លឹកថាសមាសភាពនៃការចូលរួមប្រជុំលើកទីពីរនេះ នៅរក្សាដែល។ គណបក្សប្រជាជនកម្ពុជាមានលោក ហ៊ុន សែន, លោក ស ខេង, លោក សាយ ឈុំ, លោក ឈាង វុន, លោក ប្រាក់ សុខុន, លោក សោម សឿន និងលោក សក់ សេដ្ឋា។ គណបក្សសង្គ្រោះជាតិមានលោក សម រង្ស៊ី, លោក កឹម សុខា, លោក យឹម សុវណ្ណ, លោក ស៊ុន ឆ័យ, លោក ប៉ុល ហំម, អេង ឆៃអៀង និងលោក គួយ ប៊ុនរឿន៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ