ហ៊ុន សែន ចំអកបក្សប្រឆាំងពីអង្គរក្សនិងតៃកុងឡាន ថាប្រាក់ឈ្នួលតិច
ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ចំអក ទៅនឹងការសុំដំឡើងប្រាក់ឈ្នួលរបស់កម្មករ ទាមទារ១៦០ដុល្លារ ក្នុងមួយខែ ដោយផ្តោតទៅលើ មេដឹកនាំគណបក្សប្រឆាំងថា អង្គរក្សនិងតៃកុងឡានរបស់ខ្លួន បានប្រាក់ខែត្រឹមតែ៨០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា ឆ្នាំ២០១២។ (រូបថតផ្ដិតពីវីដេអូទូរទស្សន៍ជាតិ)
វិបត្តិការងារ - ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនមានលទ្ធភាព ក្នុងការបើកប្រាក់ឈ្នួលឲ្យកម្មករ ដល់ទៅ១៦០ដុល្លារនោះទេ។ លោកនាយករដ្ឋមន្ត្រី ព្រមទាំងរិះគន់និងចំអកអ្នកទាមទារប្រាក់ឈ្នួល ឲ្យកម្មករដល់ទៅ១៦០ដុល្លារថា អ្នកនិយាយម៉េចក៏បានដែរ ចង់ឡើងម្នាក់២លាន ៣លាន ៥លាន ស្រេចតែចិត្តចង់ ប៉ុន្តែអង្គរក្សនិងតៃកុងឡានរបស់ខ្លួនឯង បានតែ៨០ដុល្លារទេ។ លោកបានថ្លែងចំអកទៀតថា៖ «៨០ដុល្លារគាត់ទើបសុំឡើងផង ទៅតាមទារ១៦០ បើអ្នកនៅជាមួយខ្លួនបានត្រឹមតែ៨០ ហើយបើអ្នកដាំបាយឲ្យខ្លួនកាន់តែយាប់ទៀត ឲ្យគ្នាតែ២៥ម៉ឺនទេក្នុងមួយខែ ហើយគេមិនព្រមនៅជាមួយ គេរត់ទៅផ្ទះវិញ ឲ្យរកថែមទៀតពីកំពតមកអាហ្នឹងខ្ញុំដឹង»។
លោកបាននិយាយដូច្នេះថា៖ «មុននឹងឲ្យគេ១៦០ដុល្លារ ម៉េចក៏មិនឲ្យអ្នកក្បែរខាងទៅ។ អាហ្នឹងមានតែរឿងអ្នកលក់គុយទាវ ទៅស្ម័គ្រស្មោះនឺងបាតុកម្ម ទារ១៦០។ ពេលត្រឡប់មកវិញ អ្នកនៅហាងខ្លួនទារ១៦០ដែរ។»។
ឆ្លើយតបទៅនឹងការចំអក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា បុគ្គលិកទាំងអស់របស់គណបក្សសង្គ្រោះជាតិ គឺធ្វើការស្ម័គ្រចិត្តដើម្បីជួយបក្ស និងជួយជាតិ គឺពួកគាត់លះបង់ពេលវេលារបស់ពួកគាត់ដើម្បីជួយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បុគ្គលិករបស់យើង ពុំមែនជាបុគ្គលិករដ្ឋាភិបាល ដែលប្រព្រឹត្តិអំពើពុករលួយនោះទេ គឹពួកគាត់ស្ម័គ្រចិត្តធ្វើការដើម្បីជាតិ គាត់មានអាជីពផ្សេងក្រៅពីការងារស្ម័គ្រចិត្តនេះ»។
ចំនែកឯលោក ចៅ តុល មេបញ្ជាការរងកងអង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកមិនអាចនិយាយបានទេថា តើមន្ត្រីម្នាក់ទទួលបានប្រាក់ខែប៉ុន្មាន ពីព្រោះការទទួលបានប្រាក់ខែគឺយោងទៅតាមឋាន្តរស័ក្តិរបស់ពួកគេ។ លោកបានថ្លែងថា ៖ «យើងមិនអាចនិយាយ ចំនួនប្រាកដ បានទេ»។
លោក មឿន តុលា ប្រធានកម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងឲ្យដឹងថា ប្រសិនបើអង្គរក្សរឺក៏អ្នកបើករថយន្ត ឲ្យគណបក្សប្រឆាំងទទួលបានប្រាក់បៀវត្ស ត្រឹមតែ៨០ដុល្លារក្នុងមួយខែ ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងនោះ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងប្រទេសមិនបានល្អ ដោយសារតែពុំបានគិតអំពីថវិការចំពោះគណបក្សប្រឆាំង ដើម្បីឲ្យធ្វើការកែទម្រងរដ្ឋាភិបាល។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលប្រាក់ខែអង្គរក្សរបស់គណបក្សប្រឆាំងទទួលបាននោះ គឺពុំមែនជាប្រាក់ខែទេ គឺជាប្រាក់លើកទឹកចិត្តដោយសារពួកគាត់សង្ឃឹមថា នៅថ្ងៃមួយនឹងមានការផ្លាស់ប្តូរសង្គមនេះ»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៤