រឿង​អាស្រូវ​នៅ​សហជីព ស៊ីខាវដូ រំខាន​ការ​ធ្វើ​កូដកម្ម​កម្មករខាងមុខ?

ជុំវិញករណីរឿងអាស្រូវ នៅសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌួ បានបន្ដ​មក​ទល់ពេលនេះ មិនទាន់ដាច់ស្រេចនៅឡើយ ជាពិសេសត្រូវបានក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យក​ទៅ​ជួយបន្ទរបន្ថែមនោះផងទៀត។ រឿងអាស្រូវដែលធ្វើឲ្យគេកាន់តែសង្ស័យថា នោះជាយុទ្ធវិធី «ពិសបង្ក្រាបពិស» ឬ«យកបន្លាជួសបន្លា» របស់ក្រុមអ្នកកាន់អំណាច ដើម្បីបន្ថយកម្លាំងបាតុកម្មកម្មករ នាពេលខាងមុខ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជុំវិញករណីរឿងអាស្រូវ នៅសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌួ បានបន្ដ​មក​ទល់ពេលនេះ មិនទាន់ដាច់ស្រេចនៅឡើយ ជាពិសេសត្រូវបានក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យក​ទៅ​ជួយបន្ទរបន្ថែមនោះផងទៀត។ រឿងអាស្រូវដែលធ្វើឲ្យគេកាន់តែសង្ស័យថា នោះជាយុទ្ធវិធី «ពិសបង្ក្រាបពិស» ឬ«យកបន្លាជួសបន្លា» របស់ក្រុមអ្នកកាន់អំណាច ដើម្បីបន្ថយកម្លាំងបាតុកម្មកម្មករ នាពេលខាងមុខ។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

ជម្លោះផ្ទៃក្នុង - បើទោះជាការចោទប្រកាន់ ដែលបានបែកធ្លាយចេញពីអតីតសមាជិកស្ថាបនិកពីររូប ដែលត្រូវ​បាន​លោក អាត់ ធន់ បញ្ឈប់ពីសហជីពស៊ីខាវឌូ  មិនសូវជាទទួលបានកាទាក់ទាញ និងការយកចិត្តទុកដាក់ ពីមជ្ឈដ្ឋាន​មួយចំនួនក៏ដោយ តែសម្រាប់អ្នកដែលមិនចូលចិត្តលោក អាត់ ធន់ និងក្រុមដែលស្និតនឹងគណបក្សកាន់អំណាច មិនបានបំភ្លេចរឿងនេះ ក្នុងការយកមកទន្ទេញឡើងវិញនោះឡើយ។ ការចោទប្រកាន់ ដែលនិយាយថា លោកអាត់ ធន់ ប្រធានសហជីពដ៏ល្បីឈ្មោះមួយនេះ មានជាប់ទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយ កិបកេងលុយកម្មករ​រោងចក្រ អ៊ីហ្គាមេន ចំនួន១៥ ម៉ឺនដុល្លា។

រូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេឃើញបង្ហោះថ្មីៗ អមជាមួយនឹងពាក្យពេជន៍​ បានបន្ទរការ​ចោទ​ប្រកាន់នោះ ដែលមានជាអាថ៌សរសេរថា «ក្រុមកម្មករ នៅរោងចក្រកាត់ដេរ អ៊ីហ្គាមេន ដែលមានទីតាំង​នៅ​ស្រុងស្អាង ខេត្តកណ្ដាល បានរៀបចំឯកសារជាផ្លូវច្បាប់ដើម្បីប្តឹងទៅតុលាការ និងគណកម្មការជាតិប្រឆាំងអំពើ​ពុករលួយ»។ ប៉ុន្តែមកដល់ពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ រកមិនទាន់បាន នូវប្រភពណាមួយ ដែលអះអាង​ទាក់ទងនឹងការរៀបចំឯកសារនេះនៅឡើយ។

អ្នកស្រីរឿន ចាន់ថន អតីតស្ថាបនិកស៊ីខាវឌូមួយរូប ពីក្នុងចំណោមអតីតស្ថាបនិកពីររូប ដែលត្រូវលោក អាត់ ធន់ ដកចេញពីសហជីពកាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងមកនោះ ក៏មិនបានបរិយាយអ្វីច្រើនដែរ តបនឹងការសាកសួររបស់​ទស្សនាវដ្ដីនៅថ្ងៃទី១០ ខែមិនានេះ។ អ្នកស្រីគ្រាន់តែបានបញ្ជាក់ថា «រឿងនេះប្រាប់មិនបានទេ ខ្ញុំសុំលាក់សិន» ដែលមានលក្ខណៈខុសប្លែក ពីការជួបសម្ភាសកាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ ជាមួយនឹងការថ្លែងរបស់អ្នកស្រី ប្រកបដោយភាពជឿជាក់ថា «ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយ ក្នុងការទាមទាររកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ»។

សម្រាប់លោក ឯក សុភក្តី អគ្គលេខាធិការសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាវិញ បានពន្យល់ថា «ស៊ីខៅឌូ មិនមានអ្វីត្រូវដោះស្រាយជាមួយគាត់ (អតីតសមាជិកស្ថាបនិក) ទេ ព្រោះគាត់មិនបានទាមទារអ្វី ពី​ ស៊ីខាវឌូ» ។

អគ្គលេខារូបនេះ បានប្រកាសគាំទ្រជំហររបស់ប្រធានរបស់ខ្លួន លោក អាត់ ធន់ ដែលបានបញ្ឈប់បុគ្គលិកទាំងពីររូប ដោយសារតែពួកគាត់ទាំងពីរមិនចុះកិច្ចសន្យាការងារ ដើម្បីទទួលខុសត្រូវក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ លោក ឯក សុភក្ដី បានបកស្រាយថា «ស្ថាប័នមួយដែលមានបុគ្គលិក ជិត១០០នាក់ ដែលគេចុះកិច្ចសន្យាការងារ និងការ​ទទួលខុសត្រូវក្នុងការអនុវត្តការងារ ដើម្បីទទួលបានប្រាក់ឈ្នូលតាមសមត្ថភាពទទួលខុសត្រូវរបស់ខ្លួន ចុះបុគ្គលិក ២នាក់ ហេតុម៉េចបានជាមិនចុះកិច្ចសន្យាការងារ? ក្រោយពីការបញ្ឈប់គាត់ គាត់មិនមានចេតនាដោះស្រាយ​រឿង​បញ្ឈប់គាត់ បែជាគាត់លើកករណីផ្សេងមកនិយាយ តើនេះវាជាការទាមទាររកយុត្តិធម៌ ឬជាការបរិហាកេរ្ត៏ បង្ខូច​ស្ថាប័ន?»

ជុំវិញយុទ្ធសាស្ត្រ«ពិសបង្ក្រាបពិស» ឬ«បន្លាជុសបន្លា» ដែលតែងតែកើតមានឡើង ពីសំណាក់អ្នកកាន់​អំណាច ធ្វើទៅលើក្រុមណាមួយ ដែលមានជំហរមិនស្របខ្លួននោះ ជាពិសេសនៅពេលដែលសម្ព័ន្ធសហជីទាំង១៨ កំពុង​អំពាវនាវអោយកម្មករធ្វើកូដកម្មនាពេលខាងមុខនោះផង មិនត្រូវបានលោក ឯក សុភក្តី បកស្រាយឲ្យបាន​ច្បាស់​ទេ។ តែលោកគ្រាន់តែនិយាយថា «ប្រហែលជាគាត់មានចេតនា ចង់ឲ្យស្ថាប័នមួយស្ទះការងារ មិនអាច​ដំណើរការ​បានទៅមុខហើយមើលទៅ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...