ជនរងគ្រោះថា ម៉ក់ សម្បត្តិ កុហកបោកប្រាស នៅអ.ស.ប
- ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៤
- កែប្រែចុងក្រោយ: February 04, 2014
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះពីការបាត់បង់ដ្លីធ្លី និងជនរងគ្រោះផ្សេងដែលមកសហគមន៍នានា បានធ្វើសន្និសិទកាសែតនៅសហគមន៍បឹងកក់នៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៤នេះ។ ការធ្វើសន្និសីទកាសែតនេះ គឺដើម្បីឆ្លើយតបទៅនឹងតំណាងរដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ ដែលឡើងទៅការពាររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលលោកបានបកស្រាយថា ប្រជាពលរដ្ឋនិងសកម្មជនដីធ្លីកម្ពុជា បានធ្វើបាតុកម្មទាមទារ និងប្រឆាំងការរឹបអូសយកដី និងផ្ទះសម្បែងកន្លងមក គឺជាក្រុមបង្កបញ្ហាសង្គម។
ថ្លែងក្នុងសន្និសិទកាសែតនៅព្រឹកនេះដែរ អ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ បានលើកឡើងដោយឆ្លើយទៅនិងមន្រ្តីរដ្ឋាភិបាលថា៖ «ការរំលោកសិទ្ធិមនុស្សមានជាបន្តបន្ទាប់ កំទិចផ្ទះប្រជាពលរដ្ឋ ដេញប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃ ចាប់ប្រជាពលរដ្ឋ វាយប្រជាពលរដ្ឋមិនដឹងចាស់មិនដឹងក្មេង ត្រង់ហ្នឹងហើយ ដែលអ្នកឯងបានអនុវត្តន៍ តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៩»។
អ្នកស្រីបានបន្ត ដោយធ្វើការចោទប្រកាន់ថា៖ «កុហកប្រជាពលរដ្ឋខ្មែរប៉ុណ្ណឹង វាគ្រប់គ្រាន់ហើយ កុំទៅកុហកអន្តរជាតិទៀត កុំអោយខ្មែរហ្នឹង វាអាម៉ាស់មុខ ដោយសារអស់លោកឯង ដែលគ្មានឆន្ទៈដោះស្រាយជូនរាស្រ្ត បើមានឆន្ទៈដើម្បីដោះស្រាយមែនពិត មិនមែនទៅនិយាយបំភ្លើសការពិតនោះទេ»។
កាលពីថ្ងៃទីពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤កន្លងទៅ លោក ម៉ក សម្បត្តិអនុប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាបានដឹកនាំប្រតិភូ នៃរដ្ឋាភិបាលកម្ពុជា ដើម្បីបកស្រាយពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជានៅឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប ដែលមានទីស្នាក់ការ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សកម្មជនដីធ្លី ដែលបានចូលរួមការបកស្រាយនៅថ្ងៃទី២៨ មករាដែរនោះ បានប្រតិកម្មថា៖ «យើងមិនត្រូវការតំណាងរដ្ឋាភិបាល ដូច លោក ម៉ក់ សម្បត្តិ នោះទេ ដែលនិយាយមិនការពិតកុហកបោកប្រាស់។ ការដែលគាត់និយាយកុហកប្រាប់ទៅអង្គការសិទ្ធិមនុស្សហ្នឹង គឺគាត់និយាយក្នុងនាមតំណាងអោយបុគ្គល បក្សពួកគាត់ប៉ុន្មាននាក់តែប៉ុណ្ណឹង ព្រោះពួកគាត់ប៉ុន្មាននាក់ហ្នឹង គ្មានការឈឺចាប់អីនោះទេ តែអ្នកដែលឈឺចាប់ គឺមានតែប្រជាពលរដ្ឋ ដែលរងគ្រោះដោយអំពើអយុត្តិធម៌ផេ្សង។»៕