​​កូដកម្ម​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រីទាមទារ​​៩​​ចំណុច តម្លើង​ប្រាក់​ឈ្នួល​គោល

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) ច្រើនរយ​នាក់ បានធ្វើកូដកម្មមិនចូលធ្វើការ នៅមុខទីតាំងមួយកន្លែងរបស់ក្រុមហ៊ុន នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល ឲ្យបានយ៉ាងទាបបំផុត ១៥០ ដុល្លារអាមេរិក ក្នុងមួយខែ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀតផងដែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) ច្រើនរយ​នាក់ បានធ្វើកូដកម្មមិនចូលធ្វើការ នៅមុខទីតាំងមួយកន្លែងរបស់ក្រុមហ៊ុន នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល ឲ្យបានយ៉ាងទាបបំផុត ១៥០ ដុល្លារអាមេរិក ក្នុងមួយខែ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀតផងដែរ។


ពេលរថយន្ដសម្រាមទៅដល់ទីកន្លែងចាក់សម្រាមនៅស្ទឹងមានជ័យ កាលពីប៉ុន្មានឆ្នាំមុន។ (រូបថត ឯកសារ)

វិបត្តិការងារ​ - លក្ខខណ្ឌដែលបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមនេះ ទាមទាររួមមាន៩ចំណុច៖

ទី១. សុំដំឡើងប្រាក់ឈ្នួលគោល ១៥០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ។
ទី២. សុំទាមទារប្រាក់បំណាច់ឆ្នាំ អ្នកឈប់សម្រាកអត់អស់ថ្ងៃ គិតជាលុយ។
ទី៣. សុំកុំកាត់ថ្លៃសម្លៀកបំពាក់បុគ្គលិក កម្មករ កម្មការិនី។
ទី៤. សុំឲ្យមានប្រាក់ទ្រទ្រង់សុខភាព ប្រាក់ស្នាក់នៅ និងប្រាក់ធ្វើដំណើរ។
ទី៥. សុំឲ្យមានដំណោះស្រាយច្បាប់ចរាចរណ៍។
ទី៦. សុំដំឡើងប្រាក់ឈ្នួលគោល ឲ្យបាន២០០ ដុល្លារ ក្នុងមួយខែ ដល់បុគ្គលិក ផ្នែកបើកបរ ដោយរក្សាប្រាក់​អត្ថប្រយោជន៍ផ្សេងៗ។
ទី៧. សុំឲ្យមានកាត សម្រាប់សំគាល់កម្មករ-កម្មការិនី។
ទី៨. សុំផ្តល់ប្រាក់ឈ្នួលថ្ងៃបុណ្យ គុណស្មើនឹងថ្ងៃអាទិត្យ។
ទី៩. សុំឲ្យក្រុមហ៊ុនមានពេទ្យប្រចាំការ ឲ្យបានគ្រប់គ្រាន់។

ក្រោយការចរចា ក្នុងជំហ៊ានដំបូងរវាងភាគីក្រុមហ៊ុន និងតំណាងកម្មករ បុរសម្នាក់ដែលជាតំណាងកម្មករ បាន​បញ្ជាក់ទៅកាន់កម្មករថា ភាគីក្រុមហ៊ុនសុំពន្យាពេលដើម្បីពិចារណា និងការចរចាជាថ្មីជាមួយតំណាងកម្មករ នៅ​ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះសិន ទើបមានការសម្រេចថា យ៉ាងណា ចំពោះសំណើររបស់ភាគីកម្មករ។ ជា​មួយគ្នានោះ បុរសដែលជាតំណាងកម្មករដដែល ក៏បានស្នើដល់កម្មករ ឲ្យមានការអត់ធ្មត់ និងជៀសវាងការប្រើ​អំពើហិង្សា។

ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងតំណាងក្រុមហ៊ុនស៊ីនទ្រី ដើម្បីធ្វើការអត្ថាធិប្បាយ​បាននៅឡើយទេ។ តែបើយោងលើ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានពន្យល់ថា ក្រុមហ៊ុនស៊ីនទ្រីបានដំណើរការច្រើនឆ្នាំមកហើយ ព្រមទាំងមានការរីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះ​ក្រុមហ៊ុន គួរតែពិចារណាដំឡើងប្រាក់ឈ្នួលដល់កម្មករឲ្យបានសមរម្យ ព្រោះកម្មករបានលះបង់យ៉ាង​ធំធេង​​ សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន។

ប្រធានមជ្ឈមណ្ឌលរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា៖ «មែនទែនទៅ គ្នាអ្នកកើបសំរាមហ្នឹង មានផលប៉ះពាល់​ខ្លាំងណាស់ ដល់​សុខភាព។ ស្រុកយើងការងារណាលំបាក ប្រឈមគ្រោះថា្នក់ខ្លាំង គេមិនសូវឲ្យតម្លៃ តែស្រុកគេ គេឲ្យតម្លៃ និងគាំពារខ្លាំងណាស់ បានប្រាក់ខែច្រើន។ ដូច្នេះក្រុមហ៊ុន និងរដ្ឋាភិបាលគួរធ្វើការជាមួយគ្នា ដើម្បី​សម្រួលដល់ពួកគេឲ្យបានសមស្រប។ បើហូបមិនឆ្អែត មានកម្លាំងមកពីណា ទៅធ្វើការ៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...