សុខ ទូច៖ អ្នកនយោបាយខ្មែរគួរកេងចំណេញ ពីវិបត្តិនយោបាយថៃ
អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានលើកឡើងថា អ្នកនយោបាយកម្ពុជាគួរប្រើភាពវៃឆ្លាតរបស់ខ្លួន ទាញយកផលចំណេញ ពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃសម្រាប់ប្រទេសកម្ពុជា ក្នុងកាលៈទេសៈដ៏សំខាន់នេះ។ ព្រោះស្ថានការណ៍នយោបាយរបស់ប្រទេសថៃ កំពុងមានភាពរំជើបរំជួលខ្លាំង និងបានជះឥទ្ធិពលមិនល្អដល់កំណើនសេដ្ឋកិច្ចថៃ។ ហើយប្រទេសជិតខាងមួយនេះ ក៏ធ្លាប់កេងចំណេញយ៉ាងសម្បើម ពីជម្លោះផ្ទៃក្នុងរបស់កម្ពុជាកាលពីអតីតកាលដូចគ្នាដែរ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងនៅមុខព្រះមហាក្សត្រ នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ទី៥ខែធ្នូឆ្នាំ២០១៣។ (រូបថត Indranil Mukherjee/AFP)
នយោបាយកម្ពុជា - លោក សុខ ទូច ជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះថា កាលពីកម្ពុជាមានសង្រ្គាមស៊ីវិលជ្រាលជ្រៅ និងការស្វះស្វែងរកសន្តិភាព ប្រទេសថៃបានប្រើប្រាស់យុទ្ធសាស្រ្តគ្រប់រូបភាព ដើម្បីកេងចំណេញពីការបង្ហូរឈាមរវាងភាគីខ្មែរនិងខ្មែរ។ ដូច្នេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយកម្ពុជា គួរប្រើភាពវៃឆ្លាត ដោយដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់កម្ពុជាឲ្យបានឆាប់ ដើម្បីអាចឲ្យប្រទេសកម្ពុជាដំណើរការទៅមុខជាប្រក្រតី។
លោក សុខ ទូច បញ្ជាក់ថា៖ «នៅពេលយើងឈ្លោះគ្នា យើមិនអាចទាញផលចំណេញបានទេ។ តែបើយើងអត់ឈ្លោះ យើងអាចទាញផលចំណេញបានច្រើន។ នៅពេលប្រទេសជិតខាងមានជម្លោះ គេសម្លឹងឃើញ ច្រើន ទាំងខាងសង្គម នយោបាយ ខាងសេដ្ឋកិច្ច វិនិយោគ និងនយោបាយការបរទេស។ អ្នកវិនិយោគ គេមិនចង់វិនិយោគ នៅប្រទេសណាដែលមានបញ្ហាច្រើននោះទេ។ ប្រទេសថៃមានវិបត្តិ៣ គឺទី១. វិបត្តិគ្រោះធម្មជាតិញឹកញាប់ ទី២. វិបត្តិនយោបាយ និងទី៣.វិបត្តិរាជវាំង។ ញ្ចឹងបញ្ហាទាំងនេះហើយ ដែលនាំឲ្យកម្ពុជាចំណេញ។»
គួរកត់សម្គាល់ថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ប្រទេសថៃបានរៀបចំបោះឆ្នោតមុនអាណត្តិ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយរវាងក្រុមប្រឆាំងអ៊ាវលឿង និងក្រុមគាំទ្ររដ្ឋាភិបាលអ៊ាវក្រហម។ ដំណើរការបោះឆ្នោតដ៏ប្រទាំងប្រទើស បានជម្រុញឲ្យមជ្ឈដ្ឋានជាតិថៃ និងអន្តរជាតិ មើលឃើញថា វិបត្តិនយោបាយផ្ទៃក្នុង របស់ថៃ ដែលបានអូសបន្លាយតាំងពីក្រោយការធ្វើរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០០៦ ទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទំនងជាមិនអាចបិទបញ្ចប់ដោយងាយៗ តាមរយៈការបោះឆ្នោត ក្រោមបរិយាកាសអាប់អួនេះ បានទេ។
រីឯវិបត្តិនយោបាយនៅកម្ពុជា រហូតមកដល់ពេលនេះ បើទោះជាសញ្ញាណនៃការចរចាឡើងវិញ រវាងគណបក្សទាំងពីរ ស្ថិតនៅក្នុងភាពស្រពិចស្រពិលក៏ពិតមែនក្តី ក៏អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកវិភាគឯករាជ្យកម្ពុជា មានជំនឿចិត្តថា គណបក្សទាំងពីរ ទំនងជាវិលទៅរកតុចរចាវិញក្នុងពេលឆាប់ៗខាងមុខ នេះ ព្រោះមានសម្ភាធពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែខ្លាំងឡើងៗ ស្របពេលគណបក្សទាំងពីរក៏ថមថយ ឥទ្ធិលដូចគ្នា។
ចំពោះវិបត្តិនយោបាយកម្ពុជាដែលបានអូសបន្លាយពេលជាង៦ខែ គិតពីក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ ត្រូវបានលោក សុខ ទូច បញ្ជាក់ថា៖ «បញ្ហានេះអាចដោះស្រាយទៅរួច តែឥឡូវខ្ញុំមិនទាន់លំអិតនោះទេ វានៅក្រោយវាំងនន។ យើងនឹងសុំឲ្យអ្នកនយោបាយគ្រប់ភាគី ដោះស្រាយបញ្ហានេះជាមួយគ្នា។ មានដំណោះស្រាយ មិនអត់ទេ យើងតម្កល់ផលប្រយោជន៍ជាតិជាធំ តែបើប្រើនយោបាយឈ្នះចាញ់មិនអាចទៅរួចទេ យើងឃើញហើយកន្លងមក យើងមិនអាចរកដំណោះស្រាយបានទេ៕»
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤