រដ្ឋមន្ត្រីការបរទេសវៀតណាម នឹងមកប្រជុំគណៈកម្មការចម្រុះនៅកម្ពុជា
តាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានអោយដឹងថាលោក ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស នៃប្រទេសវៀតណាម នឹងមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣នៅភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ រដ្ឋមន្ត្រីការបរទេសវៀតណាម។ (រូបថត World Economic Forum)
កាទូត - លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ ( Pham Binh Minh ) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ នៃប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីក្រុងភ្នំពេញ។ ដំណើរមកចូលរួមកិច្ចប្រជុំ នៅកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសវៀតណាមនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីបរទេសនៃប្រទេសកម្ពុជា។
សេចក្តីជូនព័ត៌មានដដែល បានបង្ហាញថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣។ ក្រៅពីនេះ លោក ផាម ប៊ិញមិញ នឹងចូលជួបសំដែងការគួរសមជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៤