ឧទ្ធណ៍កោះហៅ សម រង្សី រឿងបរិហាកេរ្តិ៍ ហោ ណាំហុង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅ លោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន ឲ្យបង្ហាញខ្លួននៅសវនាការនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក ដើម្បីចូលរួមសវនាការ ពីដំណើររឿងបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មាន«មិនពិត» ពីលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសម រង្សី។ រូបថតគណបក្សសមរង្សី។
ដីកាកោះនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបានកម្ពុជាបានបដិសេធ នូវសំណើរបស់អាមេរិក ដែលស្នើឲ្យកម្ពុជាពិចារណាបទចោទលើ លោក សម រង្ស៉ី ដើម្បីឲ្យប្រធានគណបក្សប្រឆាំងរូបនេះ បានចូលរួមការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០១៣នេះ។ ជាសំណុំរឿងក្តី ចុងក្រោយតែមួយគត់ របស់លោក សម រង្ស៊ី នៅក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន។
ដីកាកោះ ដែលមិនបានបញ្ជាក់ពីឈ្មោះដើមបណ្តឹង ចុះថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៣ មួយនេះ ចេញដោយលោក ង៉ែត សារ៉ាត ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១ របស់មេបក្សប្រឆាំង។ សំណុំរឿងនេះ បានកើតមាន នៅបន្ទាប់ពីចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក សេង នាង បានតម្កល់នូវសេចក្តីសម្រេច របស់ចៅក្រមលើកមុន ដែលផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ឆ្នាំ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១។
អតីតមេធាវីការពារក្តី ឲ្យលោកសមរង្ស៊ី លោក ជូង ជូងី បានថ្លែងថា លោកបានទទួលព័តមានពីខាងគណបក្ស ថានឹងមានសវនាការរឿងលោក សម រង្សី នៅខែក្រោយ តែលោកពុំទាន់ទទួលបាន ព័ត៌មានជាផ្លូវការណាមួយថា នឹងឡើងការពារក្តីនោះឬយ៉ាងណាទេ ដោយហេតុថា មកទល់នឹងពេលនេះ លោកនៅពុំទាន់ទទួលបាន ការពឹងពាក់ពីលោក សម រង្សី នៅឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានបង្ហាញថានេះជា «រឿងនយោបាយ ជាឆាកល្ខោនមិនបានការ» គណបក្សសមរង្សី មិនខ្ចាយខ្វល់ចំពោះសំណុំរឿងក្តីនេះទេ។ ប៉ុន្តែលោកថា ករណីលោក សម រង្សី «ក្នុងរយៈពេលជាងប្រាំខែខាងមុខ នឹងធានាឲ្យមានវត្តមាន លោក សម រង្សី ក្នុងការបោះឆ្នោត» ដែលនឹងត្រូវដោះស្រាយ តាមរយៈការទូត និងការគាបសង្កត់ពីអន្តរជាតិ។
អ្នកគ្រប់គ្រងបច្ចេកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ថា លោកសមរង្សី ជាអ្នកនយោបាយ រឿងកន្លងមក ច្រើនទាក់ទងនឹងនយោបាយ។ ការបោះឆ្នោតមួយមានលក្ខណៈប្រជាធិបេតយ្យ យុត្តិធម៌ ទាល់តែមានការចូលរួម ពីមេបក្សប្រឆាំងសំខាន់ៗ។ មន្ត្រីរូបនេះបន្តថា គួរតែមានការដោះស្រាយ តាមរូបភាពនយោបាយមួយ អនុវត្តតាមព្រះរាជតម្រិះសម្តេចឪ អតីតព្រះមហាវីរក្សត្រ។ «លោក សម រង្សី នឹងអាចវិលចូលមកវិញបាន ប្រសិនណាជាគណបក្សកាន់អំណាច គាត់មានការយោគយល់ ហើយដោះស្រាយគ្នាតាមបែបអ្នកនយោបាយ និងបង្ហាញពីឆន្ទៈ ឲ្យមានការបោះឆ្នោតដោយសេរីនាពេលខាងមុខ»។
សូមរម្លឹកថា ក្នុងប្រទេសបារាំង លោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានប្តឹងលោកសម រង្សី ពីបទបរិហារកេរ្តិ៍ ទៅតុលាការបារំាង កាលពីឆ្នាំ២០០៨ ក្រោយពេលលោកសម រង្សីបានចេញសៀវភៅ មួយក្បាលដែលមានចំណងជើងថា«ឬសចាក់ក្នុងថ្ម» និងបន្ទាប់ពីលោក បានថ្លែងដោយផ្ទាល់មាត់ នៅឯវាលពិឃាដបឹងជើងឯកកាលពីថ្ងៃ១៧ មេសា ឆ្នាំ២០០៨ ដែលរៀបរាប់ពីឈ្មោះ លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកក្នុងរបបខ្មែរក្រហម ដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើន។ លោកសម រង្សី ក៏បានទាមទារឲ្យនាំលោកហោ ណាំហុង ទៅកាន់សាលាក្តីខ្មែរក្រហម។ ប៉ុន្តែលោក ហោ ណាំហុង បានធ្វើការបដិសេធវិញថា លោក និងក្រុមគ្រួសារជាជនរងគ្រោះ ហើយប្អូនស្រីពីរនាក់ក៍ត្រូវបានសម្លាប់ដោយ របបខ្មែរក្រហមនេះដែរ។
ក្នុងឆ្នាំ២០០៩-២០១០ លោក សម រង្សី ត្រូវតុលាការដំបូង និង ឧទ្ធរណ៍បារាំងសម្រេចឲ្យចាញ់ក្តីលោកហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងបានបង្គាប់ឲ្យលោកសម រង្សី បង់ជំងឺចិត្តទៅឲ្យលោកហោ ណាំហុងនូវទឹកប្រាក់ចំនួន«មួយយូរ៉ូ (ស្មើរនឹងប្រហែល៦០០០រៀលកម្ពុជា)»។ ឆ្នាំ២០១១ តុលាការកំពូលបារាំង បានច្រានចោលសេចក្តីសម្រេចរបស់សាលាដំបូង និង សាលាឧទ្ធរណ៍ នៃប្រទេសបារាំងនេះ។
ចំណែកនៅក្នុងប្រទេសកម្ពុជា មកដល់ពេលនេះ លោកសមរង្ស៊ី ត្រូវបានតុលាការសម្រេចផ្តន្ទាទោស កំបាំងមុខលើសំណុំរឿងបីផ្សេងគ្នា សរុបទោសដែលត្រូវជាប់ជាប់ពន្ធនាគារទាំងអស់ ជាងដប់ឆ្នាំ។ ទីមួយ ទាក់ទងបទចោទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តស្វាយរៀង ជាប់ពន្ធនាគារពីរឆ្នាំ បានចូលជាស្ថាពរ។ បទចោទទីពីរ រឿងក្លែងឯកសារផែនទី ជាប់ទោសប្រាំបីឆ្នាំ ដែលបច្ចប្បន្នកំពុងស្ថិតក្នុង សមត្ថកិច្ចតុលាការកំពូល និងទីបីសំនុំរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង ដែលនឹងបើកសវនាការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក។
រាល់ការចោទប្រកាន់ទាំងនេះ ត្រូវបានគណបក្សប្រឆាំង សង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិជាច្រើន ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ចាត់ទុកថា ជា«រឿងនយោបាយ»។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ