ហ៊ុន ម៉ាណែត ដើរបញ្ចុះបញ្ចូលមន្ត្រី​ជប៉ុន បន្ទាប់​ពី​ជប៉ុន​ប្រកាស​ជំហរ​ជុំវិញ​​​ការ​បោះឆ្នោត​នៅ​កម្ពុជា

ក្នុងចំណោមប្រធានបទជាច្រើន សម្រាប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសជប៉ុននោះ ប្រធានបទដដែលៗមួយ ដែលទាក់ទងបញ្ហានយោបាយកម្ពុជា រួមមានការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ និងការពង្រឹកលទ្ធិប្រជាធិបតេយ្យ ក្នុងក្របខណ្ឌនីតិរដ្ឋ ត្រូវបានលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី លើកឡើងសឹងតែនៅគ្រប់ជំនួប ជាមួយមន្ត្រីជប៉ុន ជាច្រើនស្ថាប័ន។
ហ៊ុន ម៉ាណែត ដើរបញ្ចុះបញ្ចូលមន្ត្រី​ជប៉ុន បន្ទាប់​ពី​ជប៉ុន​ប្រកាស​ជំហរ​ជុំវិញ​​​ការ​បោះឆ្នោត​នៅ​កម្ពុជា
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 27, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាប់ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីទទួលខុសត្រូវ​ច្រើនក្រសួង ច្រើនវិស័យ (ពហុជំនាញ) សមាជិករដ្ឋសភា រហូតដល់មន្ត្រីក្រៅរដ្ឋាភិបាល របស់ប្រទេសជប៉ុន សុទ្ធតែទទួលជួបកូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីនោះ ក្នុងប៉ុន្មានថ្ងៃនេះ។ លោក ហ៊ុន ម៉ាណែត ដែលជាមន្ត្រីយោធារបស់កម្ពុជា បានជួបជាមួយមន្ត្រីរដ្ឋាភិបាលជប៉ុនទាំងនោះ ជាបន្តបន្ទាប់ ដើម្បីលើកឡើង ពីប្រធានបទដែលសំខាន់ ជុំវិញបញ្ហា​តែមួយគត់។

ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន ធ្វើឡើង​តាមការអញ្ជើញ របស់លោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមប្រជុំនៅក្នុងប្រទេស ម៉ុងហ្គោលី។ កាលពេលនោះ លោក ហ៊ុន សែន បានថ្លែងដោយមោទនភាពថា នាយករដ្ឋមន្ត្រីជប៉ុន បានហៅកូនប្រុសច្បងរបស់លោក ថាជា «អ្នកដឹកនាំ​បន្តវេន​ជំនាន់ក្រោយ»។

ប៉ុន្តែវត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងប្រទេសជប៉ុន នៅវេលានេះ ធ្វើឡើងនៅក្រោយបន្តិច ពីវត្តមានរបស់​ក្រុម​មេដឹកនាំ​​​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទាំង​លោក សម រង្ស៊ី អ្នកស្រី មូ សុខហួ និង​កញ្ញា កឹម មនោវិទ្យា ផង​ ដែលបាន​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​ជប៉ុន ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ និង​បាន​ជំរុញ​ ទៅ​ក្រុម​មេដឹកនាំ​ជប៉ុន ឲ្យ​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា​ឡើង​វិញ។

ប្រធានបទសំខាន់ និងដដែលៗ ដែលលោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងជំនួប ជាមួយមន្ត្រីជាន់ខ្ពស់ របស់ប្រទេសជប៉ុន ទាំងនោះ គឺ «បង្ហាញជូនភាគីជប៉ុន អំពីស្ថានភាពពិតប្រាកដ នៃបញ្ហានានា ដែលកើតមានកន្លងមក នៅកម្ពុជា ដែលផ្ទុយពីការលើកឡើង របស់អ្នកនយោបាយមួយចំនួន ដែលបានបំភ្លៃពីការពិត លើបញ្ហាទាំងនោះ» ឬ «ការអនុវត្តច្បាប់ ដើម្បីធានានូវស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាកត្តាសំខាន់បំផុត ក្នុងការធានារក្សានូវសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រជាពលរដ្ឋខ្មែរចង់បាន ហើយក៏ជាកត្តាចំបាច់ ក្នុងការធានាអោយប្រជាធិបតេយ្យនៅកម្ពុជា ប្រព្រឹត្តស្របតាមគោលការណ៏ នៃសង្គមនីតិរដ្ឋ»។

ជំនួបខ្លះ ត្រូវបានកូនប្រុសច្បងនាយករដ្ឋមន្ត្រី ធ្វើការសរុបសេចក្ដីមកថា «កម្ពុជានៅតែបេ្តជ្ញាចិត្ត ប្រកាន់យកការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយ​ឈរ​លើគោលការណ៏ នីតិរដ្ឋប្រជាធិបតេយ្យ» ឬ «កាតព្វកិច្ចរបស់គណបក្សនយោបាយ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ក្នុងក្របខ័ណ្ឌនីតិរដ្ឋ» ជាដើម។

យ៉ាងណា គ្រប់មន្ត្រីរដ្ឋាភិបាលជប៉ុន មិនបានអង្គុយស្ដាប់លោក ហ៊ុន ម៉ាណែត លើកឡើង ពីភាសាដដែលៗ ដូចបាន​រៀបរាប់ខាងលើ ទាំងអស់នោះទេ។ ជាពិសេសនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េរ (Shinzo Abe) បានគូសបញ្ជាក់ជាថ្មីទៀត ប្រាប់គណៈប្រតិភូកម្ពុជា អំពីជំហររបស់ជប៉ុន ដែលគាំទ្រការបោះឆ្នោតជាតិ នៅកម្ពុជា នាពេលខាងមុខ។ បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីជប៉ុន ថែមទាំងផ្ដល់ «យោបល់មួយចំនួន ដើម្បីអោយកម្ពុជាយកទៅពិចារណា ក្នុងគោលបំណងធានា ឲ្យការបោះឆ្នោត នាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំង អំពីឆន្ទះប្រជាពលរដ្ឋ»​នោះ​ផង។

ជំហររបស់ប្រទេសជប៉ុន ត្រូវបានរដ្ឋាភិបាលជប៉ុន បង្ហើបឲ្យដឹង តាំងពីចុងខែមីនាកន្លងមក តាមរយៈដំណើរទស្សនកិច្ច នៅកម្ពុជា សម្រាប់​រយៈពេលខ្លីមួយ របស់លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន។ ក្រៅពីជំហរជប៉ុន ដែលចង់ឃើញការបោះឆ្នោតជាតិមួយ មានលក្ខណៈ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំង​ពីឆន្ទះ របស់ពលរដ្ឋម្ចាស់ឆ្នោតនោះ លោក កង់តារ៉ូ សូនូរ៉ា នៅបានចោទសួរលោក ហ៊ុន សែន ដោយត្រង់ៗ ពីលទ្ធភាពក្នុងការជួបចរចា ជាមួយអ្នកនយោបាយប្រឆាំង ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលបាន និងកំពុងកើតមាន នៅកម្ពុជា។  

បន្ទាប់ពីទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ជប៉ុនខាងលើ នៅក្នុងដំណើរទស្សនកិច្ច ក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេលខ្លី  របស់លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីដើមខែមេសានេះ ប្រមុខការទូតជប៉ុន ក៏បានឆ្លើយ ទៅកាន់សំនួរជាច្រើន របស់អ្នកយកព័ត៌មាន ដែលបានចោទសួរលោក ពីបញ្ហានយោបាយកម្ពុជា​នោះដែរ។

លោក កូណូ បានថ្លែងឡើងថា កម្ពុជា គឺជាមិត្តរបស់ជប៉ុន តាំងពីយូរឆ្នាំមកហើយ ហើយប្រទេសជប៉ុន ពិតជាមិនចង់ឃើញ មិត្តរបស់ខ្លួន ត្រូវប្រឈមនឹងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងការធ្លាក់ចុះដុនដាប នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នោះឡើយ។ រដ្ឋមន្ត្រីការបរទេសជប៉ុន បានឆ្លើយបញ្ជាក់ឡើងវិញ ពីការជជែករវាងរូបលោក និងលោក ហ៊ុន សែន ថាលោកបានគូសបញ្ជាក់ ពីជំហររបស់ប្រទេសជប៉ុន ចំពោះការបោះឆ្នោតជាតិខាងមុខ ហើយថា ប្រទេសជប៉ុន នឹងបន្តឃ្លាំមើលស្ថានភាពនេះ ជាបន្តទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...