គ.ជ.ប ទទួលស្គាល់ ដាង ចំរើន ជាតំណាងរាស្រ្តមណ្ឌលកំពត ជំនួស វ៉ាន សំអឿន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 18, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមលិខិតផ្លូវការដែលចុះហហត្ថលេខាដោយលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ក្នុងព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបទទួលបាននេះ បានសរសេរថា គ.ជ.ប ទទួលស្គាល់លោក លោក ដាង ចំរើន កើតថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៥ ត្រូវបានជាប់ជាតំណាងរាស្រ្តមណ្ឌលកំពត។
លោក អេង ឆៃអៀង អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែកុម្ភៈបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានជ្រើសរើសលោក ដាង ចំរើន បេក្ខភាពឈរជាតំណាងរាស្រ្តលេខបួន មណ្ឌលកំពត ជំនួសលោក វ៉ាន សំអឿន ដែលបានលាលែងចេញពីសមាជិករដ្ឋសភា។ លោកក៏បានបង្ហាញផងដែរថា ការលាលែងចេញពីតំណាងរាស្រ្តរបស់លោក វ៉ាន សំអឿន នេះ មិនត្រូវបានខាងគណបក្សដឹងជាមុនឡើយ។
លោក ឆៃអៀង បានបន្តទៀតថា សម្រាប់គណបក្សដែលមាននិន្នាការប្រជាធិបតេយ្យសេរី មិនមានការហាមឃាត់ សិទ្ធិសេរីភាពនៃអ្នកនយោបាយណាម្នាក់ របស់គណបក្សខ្លួននោះឡើយ។ ឯកាលាលែងរបស់លោក វ៉ាន សំអឿន នេះជាសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់គាត់ ដែលគណបក្សមិនអាចជ្រៀតជ្រែកបាន។ លោកនិយាយទៀតថា៖ «ឈ្មោះ ដាង ចំរើន ជាតំណាងរាស្រ្តថ្មី ជំនួសលោក វ៉ាន សំអឿន ត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ នៃគណបក្សសង្គ្រោះជាតិ បានដាក់ទៅ គ.ជ.ប តាំងពីព្រឹកម៉ិញម្លេះ។»
សូមរំលឹកថា លោក វ៉ាន សំអឿន អនិជជនខ្មែររស់នៅអាមេរិក ជាអតីតសមាជិករដ្ឋសភាមណ្ឌលកំពត មកពីគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា។ កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងលិខិត ផ្លូវការមួយ ដែលបានដាក់ទៅរដ្ឋសភា សុំលាលែងតំណែង ជាសមាជិកតំណាងរាស្រ្តមណ្ឌលកំពត តែប៉ុណ្ណោះ តែលោកនៅមិនទាន់បញ្ជាក់ថា លាលែងពីសមាជិកគណបក្សសង្គ្រោះជាតិនោះទេ។ លិខិតនោះ បានសរសេរយ៉ាងខ្លីថា៖ «ខ្ញុំបាទគ្មានឱកាស នឹងបម្រើប្រទេសជាតិនៃយើង តាមឆន្ទៈ និងបទពិសោធន៍របស់ខ្ញុំបាទ»។
ចំណែកឯលោក ដាង ចំរើន វិញ គឺជាយុវជនមួយរូប ដែលបានចូលរួមក្នុងឆាកនយោបាយ ក្នុងឆ្នាំ២០០៧នេះ។ បន្ទាប់ពីបានលាលែង ពីតំណែងជាចៅសង្កាត់រងជ្រោយចង្វា មកពីគណបក្ស សម រង្ស៊ី យុវជន ចំរើន បានចូលរួមធ្វើនយោបាយ ក្នុងថ្នាក់ជាតិវិញ ជាមួយគណបក្ស សម រង្ស៊ី ដដែល តែនៅក្នុងខេត្តព្រៃវែង។ បន្ទាប់មក លោកក៏បានឡើងទៅខេត្តកំពតវិញ ដោយឈរឈ្មោះ ជាតំណាងរាស្រ្តក្នុងលំដាប់លេខរៀងទី៤៕