សម រង្ស៊ី៖ «ហ៊ុន សែន ចង់ចាប់ពង្រត់ខ្ញុំតាមរបៀបយួន»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 28, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របបកុម្មុយនីសវៀតណាម ធ្លាប់បញ្ជូនភ្នាក់ងារសម្ងាត់ ឲ្យទៅចាប់ពង្រត់អ្នកប្រឆាំងខ្លួន ពីប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យប្រទេសទាំងពីរ មើលមុខគ្នាមិនចំរហូតមកដល់ថ្ងៃនេះ។ ហើយលោក ហ៊ុន សែន ក៏ចង់អនុវត្តន៍តាមរបៀប «ចៅហ្វាយនាយ» របស់លោកដូចគ្នា ដោយអះអាង នឹងបញ្ជូន«ចារកម្ម» ឲ្យចេញទៅចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាអតីតប្រធានគណបក្សប្រឆាំងរូបនេះ ហ៊ានធ្វើដំណើរ មកកាន់ប្រទេសណាមួយ នៅក្នុងទ្វីបអាស៊ី។
ខាងលើនេះ ជាការអះអាងឡើងរបស់លោក សម រង្ស៊ី មេដឹកនាំនយោបាយ ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រតិកម្មតប ទៅនឹងការលើកឡើងដូច្នេះ របស់បុរសខ្លាំងកម្ពុជា កាលពីសប្ដាហ៍មុន។ នៅចំពោះក្រុមកម្មករច្រើនពាន់នាក់ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន មិនឲ្យលោក សម រង្ស៊ី រួចខ្លួនដូច្នេះថា៖ «អ្នកឯងមិនរួចខ្លួនទេ។ ហើយសុំ កុំមកក្បែរប្រទេសអាស៊ីខ្លាំងពេក កុំភ្លេចឲ្យសោះ ថាអ្នកឯងមក... ធម្មតាការបញ្ជូនចារកម្មចេញ ដើម្បីចាប់ខ្លួនអ្នកឯង ចាប់បានតើ។ រឿងអី ដែលអ្នកឯងអំពាវនាវឲ្យកងទ័ព ឲ្យបែរអាវុធមកប្រឆាំងរដ្ឋាភិបាល?»។
» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ព្រមានប្រើចារកម្ម ឲ្យទៅតាមចាប់ខ្លួន សម រង្ស៊ី
លោក «John Brown» អ្នកឆ្លើយឆ្លងព័ត៌មានមួយរូប ពីប្រទេសកម្ពុជា និងពីតំបន់អាស៊ីអាគ្នេយ៍ បានហៅគម្រោងរបស់លោក ហ៊ុន សែន ទៅចាប់ពង្រត់ អ្នកប្រឆាំងនៅបរទេស ថាកាន់តែធ្វើឲ្យគេ មើលឃើញច្បាស់ឡើង ពីផ្នែកមួយ នៃអំណាចដឹកនាំ តាមបែប«ហ្វាស៊ីស» របស់លោក ហ៊ុន សែន នៅកម្ពុជា។
Cambodia : Apparently kidnapping opposition members is just one of the fascist tools in Hun Sen's authoritarian tool box. #Cambodia #HunSanity #Democracy #Dictatorship #Authoritarianism #Fascism #SamRainsy #Kidnapping #Crime #SRP #SamRainsyParty #History https://t.co/P333nK0JRY
— John Brown (@JohnBrownPJ) 26 novembre 2017
សម្រាប់លោក សម រង្ស៊ី បានចេញមុខមកពន្យល់ដោយផ្ទាល់ថា លោក ហ៊ុន សែន ចង់អនុវត្តតាមរបៀបប្រទេសវៀតណាម ដូចដែលប្រទេសនេះ បានចូលមកចាប់ពង្រត់អ្នកប្រឆាំងម្នាក់ កាលពីអំឡុងខែសីហាកន្លងទៅ នៅក្នុងប្រទេសអាល្លឺម៉ង់។ មេដឹកនាំប្រឆាំងបានព្រមានតបវិញ ថានឹងយកករណីនេះ ឡើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ «ICC»។
អតីតប្រធានបក្សប្រឆាំងរូបនេះ បានសរសេរជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «លោក ហ៊ុន សែន កំពុងគម្រាមចាប់ពង្រត់ខ្ញុំ នៅឯបរទេស។ គាត់កំពុងអនុវត្តន៍ តាមបែបរបបកុម្មុយនីស្ដវៀតណាម ដូចក្នុងករណីអ្នកប្រឆាំងវៀតណាមម្នាក់ ដែលត្រូវបានចាប់ពង្រត់ចេញ ពីប្រទេសអាល្លឺម៉ង់ កាលពីខែសីហា ដោយភ្នាក់ងារសម្ងាត់វៀតណាម របស់ក្រុង ហាណូយ។»។
Hun Sen will face the International Criminal Court if he tries this. #Cambodia #SamRainsy @ouvirak @scobienz1 pic.twitter.com/ZvFTK2A9iv
— Rainsy Sam (@RainsySam) 25 novembre 2017
អ្នកប្រឆាំងជាតិវៀតណាមម្នាក់ ដែលលោក សម រង្ស៊ី លើកឡើងនោះ ត្រូវគេស្គាល់ឈ្មោះ «Trinh Xuan Thanh» វ័យ ៥១ ឆ្នាំ ដែលជាអតីតសមាជិកជាន់ខ្ពស់មួយរូប របស់គណបក្សកុម្មុយនិស្តវៀតណាម និងធ្លាប់ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន «PetroVietnam» ដែលជាក្រុមហ៊ុនថាមពលរបស់រដ្ឋវៀតណាម។ លោក Trinh Xuan Thanh ត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវ លើការបាត់បង់ទឹកប្រាក់ជិត ១៥០ លានដុល្លារអាមេរិក នៅពេលដែលលោក បានដឹកនាំនាយកដ្ឋានមួយ នៃក្រុមហ៊ុន «PetroVietnam» នេះ។
សារព័ត៌មាននៅបស្ចឹមលោក ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា ជនប្រដាប់អាវុធមួយក្រុម បានចូលទៅជិត ហើយចាប់ខ្លួនលោក «Trinh Xuan Thanh» នៅឯឧទ្យាន «Tiergarten» ដែលជាឧទ្យានសំបូរព្រៃឈើដ៏ធំមួយ កណ្ដាលរដ្ឋធានីប៊ែឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅ។ ការចាប់ខ្លួននេះ ធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ មុនពេលលោកត្រូវដល់ថ្ងៃបង្ហាញខ្លួន នៅក្នុងសវនាការ អំពីការស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយរបស់លោក នៅក្នុងប្រទេសអាល្លឺម៉ង់។
របបកុម្មុយនីស្ដវៀតណាម បានហៅហេតុការណ៍នេះ ថាជាការធ្វើមាតុភូមិនិវត្តន៍ របស់លោក «Trinh Xuan Thanh» ដោយបំណងផ្ទាល់ខ្លួនរបស់លោក។ តែសម្រាប់ប្រទេសអាល្លឺម៉ង់វិញ បានចេញរបាយការណ៍មួយអះអាងថា ខ្លួនមានភស្តុតាងយ៉ាងច្បាស់ថា គឺភ្នាក់ងារសន្តិសុខវៀតណាម និងបុគ្គលិកស្ថានទូត របស់ប្រទេសកុម្មុយនីស្ដមួយនេះ ជាអ្នកប្រព្រឹត្តិទង្វើចាប់ពង្រត់ខាងលើ ដោយរំលោភលើច្បាប់អាល្លឺម៉ង់ និងច្បាប់អន្តរជាតិ។
ហេតុការណ៍ខាងលើ បណ្ដាលឲ្យមានវិបត្តិការទូតដ៏ខ្លាំងមួយ មិនដែលធ្លាប់មាន រវាងប្រទេសអាល្លឺម៉ង់ និងប្រទេសវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក «Martin Schaefer» បានបញ្ជាក់ ពីភាពមិនអាចទទួលយកបាន ចំពោះទង្វើនេះ និងបានប្រាប់អ្នកសារព័ត៌មាន នៅពេលនោះថា៖ «ប្រសិនបើចាំបាច់ យើងរក្សាសិទ្ធិ បង្ហាញពីផលវិបាកនានា នៅកម្រិតនយោបាយ សេដ្ឋកិច្ច និងគោលនយោបាយអភិវឌ្ឍន៍»៕