ចលនាសង្គ្រោះជាតិត្រូវបានបង្កើតជាផ្លូវការ និងដឹកនាំដោយ សម រង្ស៊ី

ទីបំផុតទៅ និងដូចអ្វីដែលបានបង្ហើបឲ្យដឹង តាំងពីពីរសប្ដាហ៍មុនរួចហើយ នៅថ្ងៃនេះ ចលនាសង្គ្រោះជាតិ ត្រូវបានបង្កើតចេញជារូបរាង ជាផ្លូវការ។ ជាចលនានយោបាយថ្មីមួយ ដែលបង្កើតឡើង ដោយក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាននៅក្រៅប្រទេស ក្នុងគោលបំណងដើម្បីអ្វីមួយ ដែលក្រុមមន្ត្រីទាំងនេះ ហៅថា ជា«សន្ទុះថ្មី» និង«យុទ្ធសាស្ត្រ» ដើម្បី«លើកទឹកចិត្ត និងបំផុសបំផុល កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូ» របស់គណបក្សសង្គ្រោះជាតិ និងដំណើរដើរឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
កិច្ចប្រជុំមួយ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក នាវេលានេះ ដែលជាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ (ត្រូវនឹងថ្ងៃទី២៩ ខែមករា ម៉ោងក្នុងប្រទេសកម្ពុជា) ដើម្បីប្រកាសជាផ្លូវការ ស្ដីពីការបង្កើតចលនាខាងលើ និងពីសមាសភាពដឹកនាំ ក៏ដូចជាគោលបំណងរបស់ចលនា។ កិច្ចប្រជុំនោះ បានជ្រើសតាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យក្លាយជាប្រធានចលនា ដើម្បីដឹកនាំចលនា អមដោយលោក លី សុខា ជាអនុប្រធាន និងលោក រី គា ជាអគ្គលេខាធិការ។ នៅមានមនុស្សជាច្រើននាក់ទៀត ក៏ត្រូវបានជ្រើសតាំង ឲ្យក្លាយជាថ្នាក់ដឹកនាំ នៃចលនាសង្គ្រោះជាតិនេះដែរ។
» ខាងក្រោមនេះ ជារូបសញ្ញានៃចលនាសង្គ្រោះជាតិ៖
» សូមទស្សនាទិដ្ឋភាព នៃការជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំ នៃចលនាសង្គ្រោះជាតិ និងសុន្ទរកថាដំបូង របស់លោក សម រង្ស៊ី ប្រធានចលនា ដូចតទៅ៖