កឹម សុខា ត្រៀមប្រមូលកម្លាំង«ទម្លាក់»បក្សប្រជាជន ចេញពីអំណាច
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: December 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់រយៈពេលជាង ២សប្តាហ៍មកហើយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញចេញពីតំណែង។ ជាថ្មីម្តងទៀតលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្តេជាចំពោះមុខបាតុករថា លោកនឹងប្រមូលមហាជន ដើម្បីទំលាក់គណបក្សប្រជាជនកម្ពុជាចេញឲ្យបាន ប្រសិនរកយុត្តិធម៌មិនបាននៅត្រឹមឆ្នាំថ្មីឆ្នាំ ២០១៤ ខាងមុខនេះ។
ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - «យើងនឹងប្រមូលកម្លាំងមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីទំលាក់គណបក្សប្រជាជនឲ្យបានជាដាច់ខាត» នេះគឺជាសម្តីប្តេជ្ញាចិត្តរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីល្ញាចថ្ងៃសៅរិ៍ទី ២៨ ខែធ្នូម្សិលមិញ នៅចំពោះមុខក្រុមបាតុកររាប់ម៉ឺននាក់នាទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តាំផ្ញើទៅគណបក្សប្រជាជនកម្ពុជា ត្រូវប្រញាប់រួតរះរៀបចំឲ្យមានការបោះឆ្នោតឡើងវិញជាកំហិត ។
លោក កឹម សុខា ដែលកំពុងមានប្រជាប្រិយភាពក្នុងវិស័យនយោបាយ ក្នុងជួរគណបក្សប្រឆាំងនៅកម្ពុជាបច្ចុប្បន្ន បានថ្លែងព្រមានខ្លាំងៗដោយដាក់ឳសានវាទឲ្យគណបក្សប្រជាជនកម្ពុជា នៅត្រឹមឆ្នាំថ្មីឆ្នាំ២០១៤ ខាងមុខនេះ ប្រិសិនបើគណបក្សប្រជាជនកម្ពុជានៅតែចចេសមិនយល់ព្រមរកយុត្តិធម៌ជុំវិញការបោះឆ្នោតជូនម្ចាស់ឆ្នោតទេ គណបក្សសង្គ្រោះជាតិនឹងប្រកាសប្រមូលកម្លាំងមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីទម្លាក់គណបក្សប្រជាជនកម្ពុជា ចេញពីអំណាចឲ្យបាន។
ការព្រមានរបស់លោ កឹម សុខា បែបនេះ បានធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ បានដឹកនាំមហាជន ដែលជាអ្នកគាំទ្រខ្លួន ធ្វើបាតុកម្មអស់រយៈពេលជិតកន្លះខែមកហើយ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ។ ក៏ប៉ុន្តែការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិមកទល់ពេលនេះ ហាក់នៅមិនទាន់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កោតញញើតបន្ទន់ជំហរនោះទេ ដោយគណបក្សនេះ នៅតែចចេសមិនរៀបចំការបោះឆ្នោតឡើងវិញ ជាដាច់ខាត។
ឆ្លើយតបនឹងការលើកឡើងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបែបនេះ មន្រ្តីគណបក្សប្រជាជនជនកម្ពុជា លោក ជាម យៀប បានចាត់ទុកសកម្មភាពរបស់គណបក្សសង្គ្រោះជាតិថា មានគោលបំណងចង់ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ។ លោកថា នេះគឺជាទង្វើដែលរំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញទាំងស្រុង ពីព្រោះរដ្ឋាភិបាលរបស់គណបក្សប្រជាជន គឺជារដ្ឋាភិបាលដែលកើតឡើងដោយស្របច្បាប់ ពោលគឺកើតចេញពីឆន្ទៈពលរដ្ឋសុទ្ធសាធដែលជាម្ចាស់ឆ្នោតប្រមាណជាជាង ៣ លាននាក់ គំាទ្រគណបក្សប្រជាជនកម្ពុជា។
«មិនអាចរៀបចំឲ្យមានការបោះឆ្នោតឡើងវិញនៅកម្ពុជា ជាដាច់ខាត»
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២០ ខែធ្នូកន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន ក៏បានប្រកាសដោយផ្តាំទៅគណបក្សសង្រ្គោះជាតិដែលថា រដ្ឋាភិបាលរបស់លោក មិនអាចរៀបចំឲ្យមានការបោះឆ្នោតឡើងវិញនៅកម្ពុជាជាដាច់ខាត ហើយលោកក៏មិនចុះចេញពីតំណែងដែរ ព្រោះរដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលស្របច្បាប់។ លើសពីនេះទៅទៀតលោក ហ៊ុន សែន បានព្រមានចាត់វិធានការផងដែរ ប្រសិនបើមានការតវ៉ាណាមួយ ប៉ះពាល់ដល់ស្ថេរភាពប្រទេសជាតិ។
បើទោះបីបែបនេះក្តី កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសិទការសែតនៅទីស្នាក់ការគណបក្សរបស់ខ្លួនបានបង្ហាញជំហរហាក់ទន់ភ្លន់បន្តិចរបស់ខ្លួន ដោយអំពាវនាវឲ្យអ្នកនយោបាយខ្មែរគ្រប់គណបបក្ស និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅក្នុងឆ្នាំថ្មីនេះ ស្វែងរកគំនិតថ្មីៗដោះស្រាយបញ្ហាប្រទេសជាតិដោយឈរលើប្រយោជន៍ជាតិជាធំ និងគោរពឆន្ទៈប្រជាពលរដ្ឋ។
ដោយឡែក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣នេះផងដែរ ខណៈដែលមេដឹកនាំគណបក្សសង្រ្គោះជាតិ ប្រកាសឲ្យអ្នកគាំទ្រខ្លួនចូលរួមធ្វើបាតុកម្មឲ្យបានជាង ១ លាននាក់ ហើយពេលនេះ មានបាតុករមួយចំនួនកំពុងប្រមូលផ្តុំគ្នានៅតាមស្ថាប័នសាធារណៈរបស់រដ្ឋមួយចំនួនផងនេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់មួយ ដោយចោទប្រកាន់គណបក្សសង្គ្រោះជាតិថា កំពុងរៀបចំធ្វើបាតុកម្មល្មើសនឹងច្បាប់ទាំងស្រុង៕
--------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំង