«មាន សម រង្ស៊ី រាប់​លាន​នាក់ នៅ​កម្ពុជា»

គម្រោងធ្វើវិសោធនកម្ម ច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលស្នើឡើង តាមបញ្ជារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចំអកឲ្យថា ជាការប៉ុនប៉ងមួយ តាមបែប«ឆោតល្ងង់» ដោយលោកហៅការកែច្បាប់នេះ ថាត្រូវបានធ្វើឡើង ក្នុងទិសដៅ សំដៅមករូបលោក​តែម្នាក់ ខណៈនៅកម្ពុជា «មាន សម រង្ស៊ី ច្រើនលាននាក់»។
«មាន សម រង្ស៊ី រាប់​លាន​នាក់ នៅ​កម្ពុជា»
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មាន សម រង្ស៊ី រាប់លាននាក់ នៅកម្ពុជា» នេះ ជាការលើកឡើង របស់មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីឆ្លើយតប ទៅនឹងការប៉ុនប៉ុនធ្វើវិសោធនកម្មជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើង តាមបញ្ជាកាលពីសប្ដាហ៍មុន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក សម រង្ស៊ី បានថ្លែងឡើងដូច្នេះ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) នៅក្នុងការឆ្លើយឆ្លងមួយ ជាមួយប្រិយមិត្តរបស់លោក ដែលនិយាយសួរលោក អំពីតួអង្គ «Emmanuel Goldstein» នៅក្នុងប្រលោមលោក «1984 (Nineteen Eighty-Four)» និពន្ធដោយលោក «George Orwell»។

កាលពីប៉ុន្មានម៉ោងមុន មេដឹកនាំប្រឆាំងរូបនេះ បានលើកយកក្របសៀវភៅប្រលោមលោកនេះ មកបង្ហោះ និងបានសរសេរអម ជាភាសាអង់គ្លេស ដោយប្រៀបធៀបការនិទាន នៅក្នុងប្រលោមលោក ទៅនឹងការធ្វើវិសោធនកម្មច្បាប់ថា៖ «ការធ្វើវិសោធនកម្មច្បាប់ [ស្ដីពីគណបក្សនយោបាយ] បង្ហាញថា ប្រទេសកម្ពុជា ត្រូវបានធ្វើឲ្យជាប់គាំង ដូចនៅក្នុងប្រលោមលោក "1984"។ គ្រប់ពាក្យសំដី បានបាត់អត្ថន័យដើមរបស់វា។ បើអញ្ចឹង ជាបន្តបន្ទាប់ទៅ បើគ្រាន់តែគិត ក៏មានទោសដែរឬ?»។

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជា បានដាក់សំណើរចុងក្រោយរបស់ខ្លួន ក្នុងការធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ជូនទៅរដ្ឋសភា។ សំណើរនេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ពន្យល់ថា ដើម្បី«សម្លាប់អាជីពនយោបាយ» របស់លោក សម រង្ស៊ី។ នេះ បើតាមការថ្លែងមួយ របស់មន្ត្រីរូបនេះ ទៅកាន់សារព័ត៌មាន ខេមបូឌា ដេលី ដែលចេញផ្សាយក្នុងព្រឹកនេះ។

ប៉ុន្តែការលើកឡើងខាងលើ ត្រូវបានលោក សម រង្ស៊ី ចាត់ទុកថា ជាការប៉ុនប៉ងមួយ ដែលមានលក្ខណៈ«ឆោតល្ងង់»។ ឆ្លើយតបតាមរយៈ​សារអេឡិចត្រូនិក ទៅកាន់សារព័ត៌មានដដែលនេះ មេដឹកនាំប្រឆាំង បានពន្យល់ថា៖ «ពួកគេបានឆោតល្ងង់​រួចទៅហើយ នៅពេលពួកគេខំព្យាយាមកម្ចាត់ខ្ញុំ ពីឆាកនយោបាយ ពីព្រោះមានបច្ចេកវិទ្យាទំនើប គ្មានអ្នកណាអាចរារាំងអ្នកណា មិនឲ្យចែករំលែកព័ត៌មាន ឬទស្សនៈ ពាក់ព័ន្ធផលប៉ះពាល់យ៉ាងខ្លាំង ខាងនយោបាយបានឡើយ»។

លោកសរសេរទៀតថា៖ «ប៉ុន្តែពេលនេះ ពួកគេបង្ហាញថា ខ្លួនកាន់តែឆោតល្ងង់​ខាងនយោបាយ ខ្លាំងជាងខ្ញុំធ្លាប់គិត កាលពីដំបូងទៅទៀត នៅពេលពួកគេទទួលស្គាល់ថា ការធ្វើវិសោធនកម្មថ្មីរបស់ពួកគេ លើច្បាប់ស្តីពីគណបក្សនយោបាយ ធ្វើឡើងក្នុងគោលបំណង សម្លាប់សកម្មភាពនយោបាយរបស់ សម រង្ស៊ី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...