សុភ័ណ្ឌ ឡារី បង្ហើបពីជីវិតរបស់ខ្លួន និងការរើសអើងនយោបាយ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គ្មានកន្លែងសម្រាប់មនុស្សគ្មានអំណាច គ្មានប្រាក់ ឬគ្មានបក្សពួកឡើយ។ ដោយសារតែភាពអសកម្ម និងទង្វើអយុត្តិធម៌ ដែលកើតមានច្រើន«ជ្រុល»នៅក្នុងសង្គមនេះហើយ ទើបធ្វើឲ្យ សុភ័ណ្ឌ ឡារី សម្រេចចិត្តធ្វើតាមជម្រើសមួយរបស់ខ្លួន ដែលខុសប្លែកពីមិត្តរួមអាជីពជាតារាផ្សេងទៀត។ នេះជាការទម្លាយឲ្យដឹង នូវជីវិតផ្ទាល់ខ្លួនរបស់តារាដែលមិនសូវមានរស្មី លោក សុភ័ណ្ឌ ឡារី នៅក្នុងវីដេអូមួយ ដែលទើបនឹងត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម។
តាំងពីតូចមក តារាវ័យ២៩ឆ្នាំរូបនេះ មិនធ្លាប់បានចូលប្រឡូក ក្នុងរឿងនយោបាយឡើយ ទោះបីជារូបគេធ្លាប់ឆ្លងកាត់ជីវិត ដ៏ក្រលំបាកវេទនាជាច្រើន និងផ្នែកមួយនៃជីវិតដ៏ជូរចត់នោះ មានទាក់ទងនឹងនយោបាយក្តី។
តារារូបនេះ បានរំលឹកមកវិញថា ខ្លួនបានឆ្លងកាត់ ជីវិតជាអ្នករត់តុ កម្មករសំណង់ ស៊ីឈ្នួលលីស៊ីម៉ងត៍ និងជីវិតជាអ្នកសុំទានគេជាដើម មុននឹងរូបគេមានវាសនា ក្លាយជាតារាសម្តែងមានមុខមាត់ម្នាក់នៅពេលនេះ។ ក្រោយបើកភ្នែកចាប់កំណើតនៅលើផែនដី សុភ័ណ្ឌ ឡារី បានទទួលនូវភាពឈឺចាប់ជាច្រើននៅក្នុងគ្រួសារ នោះគឺដីរបស់ជីតាទួតរបស់លោក ប្រមាណ១០ហិកតា នៅខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរយួនលេបត្របាក់យកទាំងស្រុង និងជាពិសេស ឪពុករបស់លោក បានស្លាប់ព្រោះតែរឿងនយោបាយទៀត នៅក្រោយការបោះឆ្នោតអ៊ុនតាក់។
នៅពេលឪពុកស្លាប់ ព្រោះដំណែងនយោបាយនេះ បន្ទាប់ពីចូលសិល្បៈអស់ជាច្រើនឆ្នាំ ទើបតែនៅក្នុងអាណត្តិទី៥នេះប៉ុណ្ណោះ ដែលគេបានឃើញតារាសម្តែងរូបនេះ លេចមុខធ្លោនៅក្នុងរឿងនយោបាយ ជាមួយគណបក្សសង្គ្រោះជាតិ ខណៈតារាកម្ពុជា ស្ទើរតែ១០០%បានចូលខ្លួនផ្សព្វផ្សាយ និងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយ៉ាងចាស់វស្សា តាំងពីឆ្នាំ១៩៧៩មក។
តារាសម្តែងកំព្រាឪពុក តាំងពីអាយុ៩ឆ្នាំ រូបនេះ បាននិយាយថា៖ «តាមពិត ដំបូងឡើយ ខ្ញុំមិនបានចូលរួមក្នុងចលនាបក្សសង្គ្រោះជាតិទេ ខ្ញុំគ្រាន់តែយកអំណោយសប្បុរស របស់បងប្អូនអាមេរិកទៅចែកជូនជនក្រីក្រ និងអ្នករងគ្រោះដោយទឹកជំនន់សោះ តែបែរជាគេមកចោទខ្ញុំថា ខ្ញុំជាសកម្មជនបក្សសង្គ្រោះជាតិ តែខ្ញុំក៏មិនថាអីដែរ។ លុះក្រោយមក ខ្ញុំក៏បានសម្រេចចូលរួមចលនាទាមទារយុត្តិធម៌នានា របស់បក្សសង្គ្រោះជាតិ នៅពេលខ្ញុំបានមើលឃើញពីភាពអសកម្ម និងអយុត្តិធម៌ជាច្រើន បានកើតឡើងក្នុងសង្គមកម្ពុជា»។
សម្រាប់ សុភ័ណ្ឌ ឡារី បើទោះបីជាស្ថានីទូរទស្សន៍ក្នុងស្រុកមួយចំនួន បានបញ្ឍប់លោកមិនឲ្យថតក៏ដោយ ក៏លោកបានសម្រេចចិត្តរួចជាស្រេច ក្នុងគាំទ្រគណៈបក្សសង្គ្រោះជាតិ។ នៅក្នុងពេលនេះ លោកក៏នៅតែគាំទ្រនឹងនិន្នាការថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលបានយល់ព្រម និងចូលជាមួយគណៈបក្សកាន់អំណាចសព្វថ្ងៃដែរ។ លោក បានបន្តការប្ដេជ្ញាចិត្តទៀតថា៖ «ខ្ញុំនៅតែធ្វើវាឲ្យខ្លាំងឡើង នូវអ្វីដែលខ្ញុំអាចជួយបងប្អួនខ្មែរបាន គឺខ្ញុំនៅតែបន្ត»៕