CNRP ចង់បំបាត់បញ្ជីឈ្មោះ«ស្ទួននិងប៉ោង» តែ CPP ឲ្យគោរពច្បាប់បោះឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 23, 2014
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ជីបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប នាពេលកន្លងមក រងការរិះគន់យ៉ាងខ្លាំង ពីបញ្ហាឈ្មោះស្ទួន និង បញ្ជីឈ្មោះប៉ោង ដោយគណបក្សប្រឆាំង ក៏ដូចជាសង្គមស៊ីវិលមួយចំនួន ដែលធ្វើការខាងការបោះឆ្នោត។ ប៉ុន្តែករណីនេះ ទំនងជាមិនត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ឈឺក្បាលវិលមុខជាមួយទេ។ ដូចបានបង្ហាញច្បាស់ នៅក្នុងកិច្ចប្រជុំពិភាក្សាលើកំណែទម្រង់នៃការបោះឆ្នោត រវាងក្រុមការងារមកពីគណបក្សទាំងពីរ នាវិមានរដ្ឋសភាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានលើកឡើងថា ក្រុមការងារបានពិភាក្សាពីការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជៀសវាងនូវបញ្ជីឈ្មោះបោះឆ្នោត ដែលមានឈ្មោះ«ស្ទួន» និងបញ្ជីចុះឈ្មោះ នៅ«ប៉ោង»ជាដើម។ លោកបញ្ជាក់ថា បញ្ជីឈ្មោះទាំងនោះ ត្រូវតែមាន«តម្លាភាព និងគុណភាព» ដែលប្រជាពលរដ្ឋអាចទទួលយកបាន និងមិនមានបាត់ឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីឡើយ។
តែសម្រាប់លោក ប៊ិន ឈិន តំណាងគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមិនចង់បង្ហាញ ពីការឯកភាព ឬទទួលស្គាល់ ក្នុងការ«លប់»បំបាត់បញ្ជីឈ្មោះស្ទួន ឬ ឈ្មោះប៉ោងនោះទេ។ តែលោកបានធ្វើការបកស្រាយដូច្នេះថា គ.ជ.ប ត្រូវតែធានាសិទ្ធិប្រជាពលរដ្ឋគ្រប់រូប ក្នុងបញ្ចីឈ្មោះបោះឆ្នោត និងត្រូវតែស្របតាមនីតិវីធី ដែលកំណត់ដោយច្បាប់បោះឆ្នោត និងច្បាប់ផ្សេងទៀត។ លោកបញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានត្រូវការបញ្ជាក់ ភេទ នាមត្រកូល ថ្ងៃខែឆ្នាំកំណើត និងលំនៅដ្ឋាន ឬទីសំណាក់សម្រាប់ម្មករ កម្មការិនី។ ត្រូវកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដើម្បីការពារ កុំឲ្យមានឈ្មោះស្ទួនក្នុង ឬឈ្មោះជាន់គ្នា ដូចគ្នាក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ក្រុមការងារមកពីគណបក្សទាំងពីរ ហាក់ដូចជាមិនបានឯកភាពគ្នា ពីការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត«ថ្មី» ថាតើត្រូវធ្វើបញ្ជីថ្មី ឬក៏យកបញ្ជីបោះឆ្នោតចាស់ យកមកកែសម្រួលថ្មី ក្នុងការប្រើប្រាស់បន្តឬយ៉ាងណាឡើយ។ តំណាងគណបក្សទាំងពីរ គ្រាន់តែបានអួតអាង ថាពួកខ្លួនកំពុងខិតទៅជិតភាពត្រូវគ្នា លើចំណុចឈ្មោះស្ទួន និងការបាត់ឈ្មោះ អ្នកបោះឆ្នោតពីបញ្ជីបោះឆ្នោតថ្មីនោះ។
ទាំងគ.ជ.ប«ថ្មី» ទាំងបញ្ជីឈ្មោះ«ថ្មី» ត្រូវបានក្រុមការងារឯកភាពគ្នា ក្នុងការស្វែងរកពីធីគ្រប់គ្រងជាថ្មី។ ការឯកភាពនេះ ក៏នៅមិនទាន់បង្ហាញពីភាពត្រូវគ្នា លើការប្រើប្រាស់នូវ រូបថត ការផ្តិតស្នាមម្រាមដៃ ឬលេខកូដ ដើម្បីជៀសវាងអ្នកបោះឆ្នោតម្នាក់ មានឈ្មោះបោះឆ្នោតច្រើន និងបោះលើសពីមួយនោះដែរ។ ហើយក្រុមការងារទាំងពីរ នឹងបន្តជួបគ្នាទៀតនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខ។
ព័ត៌មានលំអិតពីករណីនេះ សូមទស្សានា នូវកិច្ចសម្ភាស នៃតំណាងគណបក្សទាំងពីរដូចខាងក្រោម៖
(វីដេអូមកដល់ក្នុងពេលបន្តិចទៀត)