រឿង​ដែល​កើត​ឡើង បន្ទាប់​ពី​ទទួល​ទាន​«បាយ​ឆៅ»​ហើយ ...

ទុរ្ភិក្សជនទូទៅ មិនប្រកាន់ខ្លួនឡើយ ក្នុងការស្វែងរកទទួលទាន បើទោះជាចំណីនោះគ្មានរសជាតិ ឬផ្អូមក៏ដោយ។ ប៉ុន្តែ​ករណីរបស់គណបក្សប្រជាជន ដែលព្យាយាមចូលប្រជុំសភាបើកនិតិកាលថ្មី គ្មានការចូលរួមពីសំណាក់​ក្រុមបេក្ខជន​តំណាងរាស្ត្រជាប់ឆ្នោតថ្មី របស់គណបក្សសង្គ្រោះជាតិ ហើយឈានទៅបង្កើតរដ្ឋាភិបាលថ្មី (នាយករដ្ឋមន្ត្រីដដែល) នៅ​ថ្ងៃ​ទី២៣ខែកញ្ញានេះ មិនមែនជាករណី«រកទទួលទាន»មិនប្រកាន់ចំណីនោះទេ។ តែនេះជាការទទួលទាន បាយ​ពិសេស​នៅ​«ឆៅ»នៅឡើយ ដែលគណបក្សនេះដាំខ្លួនឯង រៀបចំបង្កាត់ភ្លើង និងដាក់គ្រឿងផ្សំខ្លួនឯង ដើម្បីឲ្យខ្លួនឯងបានបន្តជីវិត​មានកម្លាំងតទៅទៀត។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: September 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទុរ្ភិក្សជនទូទៅ មិនប្រកាន់ខ្លួនឡើយ ក្នុងការស្វែងរកទទួលទាន បើទោះជាចំណីនោះគ្មានរសជាតិ ឬផ្អូមក៏ដោយ។ ប៉ុន្តែ​ករណីរបស់គណបក្សប្រជាជនកម្ពុជា ដែលព្យាយាមចូលប្រជុំសភាបើកនិតិកាលថ្មី គ្មានការចូលរួមពីសំណាក់​ក្រុមបេក្ខជន​តំណាងរាស្ត្រជាប់ឆ្នោតថ្មី របស់គណបក្សសង្គ្រោះជាតិ ហើយឈានទៅបង្កើតរដ្ឋាភិបាលថ្មី (នាយករដ្ឋមន្ត្រីដដែល) នៅ​ថ្ងៃទី២៣ខែកញ្ញានេះ មិនមែនជាករណី«រកទទួលទាន»មិនប្រកាន់ចំណីនោះទេ។ តែនេះជាការទទួលទាន បាយ​ពិសេស​នៅ​«ឆៅ»នៅឡើយ ដែលគណបក្សនេះដាំខ្លួនឯង រៀបចំបង្កាត់ភ្លើង និងដាក់គ្រឿងផ្សំខ្លួនឯង ដើម្បីឲ្យខ្លួនឯងបានបន្ត​ជីវិត​មានកម្លាំងតទៅទៀត។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

រាជធានីភ្នំពេញ - ជាការពិតហើយ ដែលមកដល់ឆ្នាំ២០១៣នេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបបាន​ទៅនឹងមហាសេដ្ឋីមួយរូប ដែលមានទ្រព្យសម្បត្តិហូរហៀរ ហើយបើសព្វគ្រាន់តែ«បាយពិសេស»​ដែល​មានរស់ជាតិ​ឆ្ងាញ់​ពិសេសមួយមុខ មិនមែនថាមហាសេដ្ឋីរូបនេះ គ្មានគ្រឿងផ្សំ ឬបច្ចេកទេសដើម្បីដាំវាឲ្យមានរសជាតិ ដើម្បីយក​មក​ទទួល​ទាននោះទេ។ តែអ្វីដែលសំខាន់នោះ គ្រប់អ្វីៗទាំងអស់ រាប់តាំងពីសម្ភារះសម្រាប់បង្កាត់ភ្លើង អង្កស្រូវថ្មី​ដែលទើប​នឹង​ចេញ​ច្រូតកាត់បាន ទឹកស្អាត ឆ្នាំងដាំ ឬអ្នកចម្អិននោះទៀតសោត សុទ្ធតែជាទ្រព្យសម្បត្តិ និងជាមនុស្សរបស់​លោក​មហា​សេដ្ឋី​រូបនោះទាំងអស់។ ចង់មិនចង់ បាយត្រូវតែដាំ និងរៀបចំឲ្យបានត្រឹមត្រូវ ហើយពេលវេលាដែលត្រូវ​ទទួល​ទាន​បាយនោះ​ទៀតសោធ ក៏ត្រូវតែកំណត់ឲ្យបានច្បាស់លាស់នោះដែរ ដើម្បីអាចឲ្យលោកសេដ្ឋីអាចកាត់បន្ថយ ការហេវ​ហត់​អស់កម្លាំង និងដើម្បីឲ្យលោក អាចបន្តការងារទៅមុខទៀតបាន។

តែអ្វីដែលរឿងព្រេងនិទានមិនបានសរសេរទុក និងនឹកស្មានមិនដល់ គឺបាយអង្ករស្រូវថ្មីរបស់លោកសេដ្ឋីនៅពេលនេះ មិន​ត្រូវបានដាំឲ្យឆ្អិនល្អនោះទេ។ លោកសេដ្ឋីខ្លួនឯង ក៏ដឹងដែរថា បើទោះជាគ្រឿងផ្សំរបស់វា មានលក្ខណៈពិសេសគ្រប់បែប​យ៉ាងណាក៏ដោយ តែនៅពេលនេះ វាគ្រាន់តែជា«បាយឆៅ»មួយតែប៉ុណ្ណោះ ដែលលោកសេដ្ឋីមិនអាចអត់ទ្រាំ​នឹងបង្ខំ​ខ្លួន​ឯងរួមទាំងមនុស្សនៅជុំវិញផង ឲ្យទទួលទានជាមួយនឹងលោកនោះឡើយ។ បើទោះទទួលទាន​វាទៅ បាយឆៅ​នឹងធ្វើឲ្យ​លោក«ឈឺចុកពោះ»នោះក៏ដោយ ក៏លោកមិនបានខ្វល់អ្វីច្រើនដែរ ព្រោះលោកគិតថា គ្រូពេទ្យប្រចាំ​គ្រួសារ ថ្នាំពេទ្យ​ដែល​នៅ​ពេញ​ទូថ្នាំ​របស់លោក អាចមានលទ្ធភាពគ្រប់គ្រាន់ នឹងជួយព្យាបាលឲ្យជាសះស្បើយវិញបាន។

ហេតុការណ៍ដែលធ្វើឲ្យការដាំបាយ«ពិសេស» ក្លាយជាបាយឆៅ ក៏មានការរួមចំណែកពីគណបក្សសង្គ្រោះជាតិ ដែល​ជា​គណបក្សប្រឆាំងនោះដែរ។ គណបក្សនេះប្រៀបបានទៅនឹងមនុស្សមួយក្រុមទៀត ដែលបានស្រក់ទឹកមាត់ឈរ​មើល​លោកសេដ្ឋី ទទួលទានបាយ«ពិសេស»នេះ តាំងពីយូរមកហើយ។ មើលមួយភ្លែត គេមានអារម្មណ៍ថា មនុស្សក្រុមនេះ កំពុងច្រណែននឹងលោកសេដ្ឋី ដែលតែងតែមានបាយ«ពិសេស»នេះទទួលទានជារៀងដរាប រីឯពួកខ្លួនដែលខិតខំធ្វើការ ដូចជាស្វែងរកអុស ដកស្ទូង ច្រូតកាត់ រែកទឹក លាងឆ្នាំង ...ខ្លាំងនឹងគេដែរ តែបែរជាមិនដែលបានស្គាល់អ្វីទៅ ដែល​ហៅ​ថា«បាយអង្ករស្រូវថ្មី»នោះមកបរិភោគឡើយ។ ប៉ុន្តែបើគេលើកយក កត្តាធម្មជាតិមកវែកញែក ហើយដែលក្រុមនេះ​តែង​តែនិយាយមិនដាច់ពីមាត់នោះ គឺមនុស្សកើតមកទទេស្អាតដូចគ្នា ដូច្នេះមនុស្សគប្បីរស់នៅ ក្នុងសមភាព និងទទួល​បាន​យុត្តិធម៌ស្មើរៗគ្នា។ ក្រុមមនុស្សនេះគិតថា ពួកខ្លួនក៏គួរតែអាចទទួលទាន បាយអង្កស្រូវថ្មីនេះបានដែរ រីឯចំណែកលោក​សេដ្ឋីវិញ ក៏គួរតែងាកមកទទួលទាន បាយ«អង្ករកន្ទក់»ដូចពួកខ្លួនកន្លងមកផង។

ការប្រទាញប្រទង់គ្នានេះហើយ ដែលធ្វើឲ្យការរៀបចំចម្អិនបាយរបស់លោកសេដ្ឋី តាំងពីដំបូងដៃមក មានភាពប្រទាំង​ប្រទើស មិនមាន«ភាពរលូន»ដូចសិបមួយដងឡើយ រហូតដល់លទ្ធផលដែលទទួលបាន៖ គឺបាយបាន«ឆៅ»រួច​បាត់​ទៅ​ហើយ។ ដោយពេលវេលាតិច ហើយលោកសេដ្ឋីត្រូវប្រញាប់ធ្វើកិច្ចការរបស់លោកផងនោះ លោកសេដ្ឋីមិនបាន​ប្រាប់​ឲ្យ​គេឯង ស្វែងរក«ការពិត»ដែលធ្វើឲ្យបាយឆៅនោះទេ។ ម្យ៉ាងទៀត លោកសេដ្ឋីក៏បានជ្រាបដែរថា ក្នុងចំណោមមនុស្ស​របស់លោក អាចមានអ្នកផ្សំគំនិត ចូលដៃជើងជាមួយនឹងក្រុមប្រឆាំង ដូច្នេះការអូសបន្លាយពេលវេលា ឬការស្វែង​រក​«ការពិត»​ណាមួយពីការចម្អិនបាយឆៅនោះ វានឹងមិនមានផលប្រយោជន៍អ្វីឡើយ សម្រាប់លោកនិងក្រុមគ្រួសារ ក្រៅតែ​ពី«ខាតបង់»​ ពេលវេលានិងទ្រព្យសម្បត្តិប៉ុណ្ណោះ។

ជម្រើសតែមួយរបស់លោកសេដ្ឋីក្នុងពេលនេះ គឺត្រូវបង្ខំចិត្តខ្លួនលោក និងមនុស្សដទៃទៀត ទទួលទានបាយនេះទាំងឆៅ ហើយមិនខ្វល់ពីការបារម្ភខ្លាចឈឺពោះ សូម្បីតែក្ដីបារម្ភនេះ ជាការទាមទារពីមនុស្សទាំងនោះផងក៏ដោយ។ រឿងព្រេង​និទាន មិនបានបញ្ចប់ត្រឹមនេះឡើយ ព្រោះបាយឆៅដែលត្រូវបានចម្អិនក្នុងពេលកន្លងមក មិនគ្រាន់តែជាការចម្អិន​បាយ​ធម្មតា ដូចអ្នកផងធ្លាប់ដាំ«ឆៅ»នោះទេ តែជាការដណ្ដាំបាយដែលគេបានដឹងថា «ខុសរបៀប» ហើយមានការ«លួចបន្លំ»​គ្រឿងផ្សំថែមទៀត ពីសំណាក់លោកសេដ្ឋីខ្លួនឯង ដែលមិនដែលប៉ះចង្ក្រានសូម្បីមួយដង។

បន្ទាប់ពីទទួលទានរួច និងដូចបានដឹងជាមុនរួចហើយនោះ លោកសេដ្ឋី និងបណ្ដាជនដែលទទួលទានបាយឆៅ បានរង​គ្រោះ​មិនត្រឹមតែនឹង«អាការះឈឺពោះ»នេះប៉ុណ្ណោះទេ តែធ្ងន់ធ្ងរជាងនេះរហូតដល់ថ្នាក់«រាករូស» និង«រីងរៃ»ក្រោប​ទៅ​ណាមិនរួចនោះទៀត។ គ្រូពេទ្យប្រចាំគ្រួសារ និងថ្នាំពេទ្យក្នុងទូ រួមទាំងការស្វែងរកការព្យាបាល ពីសំណាក់អ្នកស្រុក​នោះ​ផង ក៏គ្មានលទ្ធភាពណាមួយ អាចធ្វើឲ្យលោកសេដ្ឋី និងជនរងគ្រោះបានស្រាកស្រាន្ដសូម្បីមួយនាទីឡើយ។ សំនួរ​ចោទ​សួរនៅពេលនេះ ថាមកពីអ្វី និងជាកំហុសនរណា?

ទោះជាយ៉ាងណាក៏ដោយ ក៏លោកសេដ្ឋីនៅតែអាចលើកដៃចង្អុល ទៅកាន់ក្រុមប្រឆាំងថា គឺពួកនេះហើយ ជាអ្នកដែល​បង្ក​ឲ្យលោក​ឈឺ​ពោះ រាករូសក្រោបលែងរួច។ មិនតែប៉ុណ្ណោះ តាមរយៈក្រុមគ្រួសាររបស់លោក លោកថែមទាំងនិយាយថា ក្រុមប្រឆាំង​មានបំណងចង់បំពុលសម្លាប់លោកនោះថែមទៀតផង។

សំនួរចោទសួរជាបន្តថា តើក្នុងសភាពបែបនេះ ការចង្អុលនិងការចោទទម្លាក់កំហុសទៅលើក្រុមប្រឆាំង នឹងអាចជួយឲ្យ​លោកជាសះស្បើយមកវិញទេ? តាមពិតទៅ អ្នកដែលមានសមត្ថភាពអាចព្យាបាលជម្ងឺដ៏ចម្លែកនេះបាន មានតែមនុស្ស​ម្នាក់គត់ នោះគឺលោកអាចារ្យសិល្ប៍ ដែលកំពុងតាំងធម៌នៅឯព្រៃហេមពាន។ លោកអាចារ្យរូបនេះ ធ្លាប់បង្រៀនសិស្ស​ជា​ច្រើនមកហើយ។ តែបញ្ហាមួយដែលលោកសេដ្ឋីធ្លាប់ដឹងដូចគ្នាដែរនោះ គឺបណ្ដាសិស្សដែលចេញពីសាលារបស់​អាចារ្យ​សិល្ប៍ សុទ្ធតែនៅក្នុងក្រុមប្រឆាំងទាំងអស់៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...