តារាសម្ដែង នរៈពិទូ កូនប្រុស ថៃ នរៈសត្យា ត្រូវបានចាប់ខ្លួនជាមួយនឹងភរិយា ពាក់ព័ន្ធគ្រឿងញៀន
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៧
- កែប្រែចុងក្រោយ: January 11, 2017
- ប្រធានបទ: តារា&គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឪពុកជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាល តែកូនប្រុស បែរជាត្រូវបានចាប់ខ្លួន ទាក់ទងនឹងគ្រឿងញៀន។ តែគេនឹងកាន់តែសោកស្ដាយ ក្នុងចិត្តថែមទៀត នៅពេលដែលដឹងថា ឪពុកជាវរជនម្នាក់ ជំនាញផ្នែកវប្បធម៌ ដែលតែងកោះហៅអ្នកផងទាំងឡាយ មកធ្វើការក្រើនរំលឹក ស្ដីប្រៀនប្រដៅ ទាក់ទងនឹងបញ្ហាវប្បធម៌នោះ តែកូនប្រុសដែលជាតារាសម្ដែងមួយរូបដែរ បែរជានៅជាប់វិលវល់ តែជាមួយគ្រឿងញៀន រហូតត្រូវបានចាប់ខ្លួនដូច្នេះ។
ដំណឹងនេះ ត្រូវបានស្នងការនគរបាលជាតិ ផ្សព្វផ្សាយឲ្យដឹង កាលពីថ្ងៃទី១០ ខែមករានេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ គេហទំព័របានសរសេរថា ការឃាត់ខ្លួនជនទាំង៦នាក់ បានធ្វើឡើង នៅយប់ថ្ងៃទី៩ ខែមករា វេលាម៉ោង២៣និង២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្វាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្ចាយប៉ោ ក្រុងបាត់ដំបង ដោយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបទល្មើស និងក្រុមបង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ រួមមាន៖
១. លោក ហេង យូសុង អាយុ ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
២. លោក ថៃ នរៈពិទូ អាយុ ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ
៣. លោក ប៊ុនហេង អាយុ ៣២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៤. លោក ហាប់ សុវត្ថិ អាយុ ២៩ឆ្នាំ មានទីលំនៅក្នុង ក្រុងបាត់ដំបង
៥. អ្នកស្រី អោក រតនៈប៉ុណ្ណិកា អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
និងទី៦. អ្នកស្រី ហ៊ុន ម៉ាណេ អាយុ ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
វត្ថុតាង ដែលក្រុមអាជ្ញាធរ បានដកហូតនៅនឹងកន្លែង មានដូចជា ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ០៣កូនថង់ ទម្ងន់ ០,៨៨ក្រាម - ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំ្ញញៀន អ៊ិចស្តាស៊ី ចំនួន ០២ - ថ្នាំអំពូល «Diazepam» ចំនួន ០២អំពូល - ថ្នាំគ្រាប់ «Zepam» ចំនួន ១៦បន្ទះ - ដែកកេះចំនួន ០៣ - គំរបដបកែច្នៃ សំរាប់ជក់ថ្នាំ្ញញៀនចំនួន ០១ - បំពង់ទុយោប៉ឺតចំនួន ០១ដុំ - ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន - ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។
នាយការិយាល័យប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា លោក ថៃ នរ:ពិទូ និងជនសង្ស័យ ទាំង៥រូបនេះ នឹងត្រូវប្រឈមមុខ ជាប់ពន្ធនាគារ បើយោងតាមសកម្មភាព និងវត្ថុតាង ដែលក្រុមអាជ្ញាធរ បានតាមដានជាយូរមកហើយ។ ប៉ុន្តែយ៉ាងណា ករណីនេះអាស្រ័យទៅលើតុលាការ ជាអ្នកវិន្និច្ឆ័យទោស ហើយស្នងការនគរបាលខេត្ត កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនករណីនេះ ទៅកាន់សាលាដំបូងខេត្ត។
តារាសម្ដែង លោក ថៃ រនៈពិទូ និងជាអតីតម្ចាស់ជ័យលាភី «Freshie Boy ឆ្នាំ២០០៦» បានចូលរោងការ ជាមួយនឹងអ្នកស្រី អោក រតនៈប៉ុណ្ណិកា (ដែលត្រូវបានចាប់ខ្លួន ជាមួយគ្នា) កាលពីថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦ និងបានទៅធ្វើពិធីជប់លៀងមង្គលការ យ៉ាងអាធិកអធម នៅមជ្ឈមណ្ឌលកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ អ្នកស្រី អោក រតនៈប៉ុណ្ណិកា ដែលជាភរិយា ក៏ជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃដែរ។
ហេតុការណ៍ចាប់ក្រសោប ក្រុមអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន បានកម្រើកខ្លាំងមកវិញ នៅក្រោយការប្រកាស យុទ្ធនាការប្រឆាំង និងបង្ក្រាបគ្រឿងញៀន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន។ តែការប្រកាសរបៀបនេះ មិនមែនទើបតែកើតមាន ជាលើកទីមួយទេ។ គេនឹងរង់ចាំមើល ថានៅក្រោមបទបញ្ជាលើកនេះ របស់បុរសខ្លាំងកម្ពុជា នឹងមានមនុស្សប៉ុន្មាននាក់ ដែលជាកូនចៅ ញាតិសន្តាន របស់មន្ត្រីគ្រាក់ៗ និងរបស់សមាជិករដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវជាប់នៅក្នុងពន្ធនាគារ៕