ផ្ទុះករណីថ្មី អ្នកធំបើករថយន្ដបុកគេ រួចរត់គេចខ្លួនបាត់
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៦
- កែប្រែចុងក្រោយ: January 11, 2017
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានករណីគ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ដែលភាគីម្ខាង តែងរត់គេចខ្លួន បាត់ស្រមោល មិនចុះមកជជែកវែកញែក ឬទទួលខុសត្រូវ ថាតើនរណាជាអ្នកត្រូវ និងជាអ្នកខុស។ តែការរត់គេចទាំងនោះ ភាគីច្រើនតែងកើត នៅតាមទីជនបទឆ្ងាយៗ ឬនៅបានកើតឡើង នៅពេលយប់ងងឹត... តែករណីលើកនេះ មិនដូច្នេះទេ ព្រោះវាបានកើតឡើង នៅកណ្ដាលក្រុងបានលុង ត្រង់ចំណុច ផ្លូវបែកជាបួន ទល់មុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក និងបង្កឡើង ដោយអភិបាលស្រុកមួយរូប នៅក្នុងខេត្តរតនគីរីនេះតែម្ដង។
សាក្សីនៅផ្ទាល់កន្លែងកើតហេតុ បានរៀបរាប់ថា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ រថយន្ដ «Toyota Tundra» ពណ៌ស ពាក់ស្លាកលេខ «ភ្នំពេញ 2AC-9217» ដែលគេស្គាល់ថា ជារបស់អភិបាលស្រុង អូរជុំ អ្នកស្រី ហឿង ខឿង បានបើកក្នុងល្បឿនដ៏លឿន ពីជើងទៅត្បូង។ មកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួន និងជាធម្មតាត្រូវបន្ថយល្បឿននោះ រថយន្ដតូយ៉ូតានេះ បានជ្រុលទៅបុកមួយទំហឹង ចំចំហៀងខាងឆ្វេងរថយន្ដ «Nissan Navara» ពណ៌ស្ករ ពាក់ស្លាកលេខ «ភ្នំពេញ 2AD-1785» ដែលបើកបរដោយលោក សេង ផានណារ៉ា រស់នៅក្នុងភូមិចែត្រ ឃុំឡាម៉ិញ ស្រុកបកែវ។
អ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា រថយន្ដ «Nissan Navara» ដែលមានដឹក ទាំងប្រពន្ធ-កូនតូច ជាមួយផង បានទទួលការប៉ះទង្គិចយ៉ាងខ្លាំង រហូតដល់វិលត្រឡប់ក្រោយ បីជុំ និងទទួលការខូចខាតយ៉ាងដំណំ។ ជាសំណាងល្អ ទាំងមនុស្សនៅក្នុងរថយន្ដនេះ ទាំងអ្នកនៅជុំវិញហេតុការណ៍ មិនមាននរណាម្នាក់ រងគ្រោះអ្វីទេ។
ដោយឡែក ចំពោះអ្នកស្រីអភិបាលស្រុក ហឿង ខឿង វិញ មិនបានចុះមកជជែកគ្នា និងស្វែងរកច្បាប់ទម្លាប់ ដើម្បីដោះស្រាយនោះឡើយ។ ក្រោយពេលកើតហេតុ អ្នកស្រីបានបើកទ្វារថយន្ដ ហើយរត់គេចខ្លួន បាត់ស្រមោលឈឹង ដោយបន្សល់ទុករថយន្ដ ចតចោលនៅកណ្ដាលផ្លូវ រហូតលុះត្រាកងកម្លាំងនគរបាល មកធ្វើការវាស់វែង និងអូសយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយគ្នា តាមនីតិវិធី។
សាក្សីខ្លះបានបញ្ជាក់ទៀតថា គេតែងឃើញអ្នកស្រី បើករថយន្ដដោយផ្ទាល់ និងមានល្បឿនលឿន។ តែមិនបានបញ្ជាក់ថា នៅលើកនេះ តើរថយន្ដ «Toyota Tundra» ខាងលើនេះ បើកបរ ដោយអ្នកស្រីអភិបាលផ្ទាល់ ឬដោយតៃកុងណាផ្សេងនោះឡើយ។ «សន្សឹមៗ កុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា»៕