ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូធ្លាក់ជង្ហុក មានគ្រោះថ្នាក់ជាទម្ងន់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - រាយការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 29, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះហើយ ជាអត្ថន័យនៃពាក្យពីរម៉ាត់យ៉ាងខ្លី៖ «បើផឹកកុំបើកបរ តែបើបើកបរកុំផឹក»។ តែក្នុងករណីនេះ អ្នកបើកបរមិនមែនថា គាត់មិនយល់ពាក្យពីរម៉ាត់ខាងលើនេះទេ ព្រោះគាត់ផឹកស្រវឹងជោគចខ្លួនរួច គាត់ជិះម៉ូតូធ្វើវាហី ដោយល្បឿនលឿនដូចព្យុះ ហើយបាន«បើកជ្រុល»ទៅធ្លាក់គ្រលុក បណ្ដាលឲ្យរបួសដាច់មុខដាច់មាត់ បងប្អូនញាតិមិត្តមើលសឹងតែមិនស្គាល់។
ហេតុការណ៍តូច តែរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ នៅលើផ្លូវ៥៩៨ ត្រង់ចំណុចទល់មុខដីឡូត៍ ឧកញ៉ា លី ហួ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះ ដែលជាអ្នកបង្កឡើងដោយខ្លួនឯង បានរងរបួសជាទម្ងន់ ហូរឈាមដាបទាំងខ្លួន។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជនរងគ្រោះម្នាក់ ដែលមិនប្រាប់ឲ្យស្គាល់ឈ្មោះនេះ សព្វថ្ងៃរស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកម៉ូតូពាក់ផ្លាកលេខភ្នំពេញ 1BT-9399 យ៉ាងលឿន ក្នុងទិសដៅពីជើង ទៅត្បួង។ ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូគាត់បានជ្រុលទៅធ្លាក់ក្រឡុក បណ្តាលឲ្យដួលបោកក្បាល ទៅនឹងថ្នល់ដាច់រយៈជាច្រើនកន្លែង។
បន្ទាប់ពីគ្រូសារជនរងគ្រោះខាងលើមកដល់ ក៏បានញ្ជូនអ្នករបួសទៅព្យាបាល នៅមន្ទីពេទ្យ។ នគរបាលប៉ុស្ត៏ទួលសង្កែ លោក ឯម វុត្ថា ដែលបានចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីដឹងថា លោកបានរក្សាម៉ូតូនៅកន្លែងកើតហេតុ រងចាំម្ចាស់ម៉ូតូយកកាតគ្រី មកទទួលយកម៉ូតូរបស់ខ្លួនវិញ៕