នគបាល​ប៉ុស្តិ៍​ឃុំ​​ព្រៃ​ពោន ដោះ​លែង​វត្ថុ​តាង​«តាម​បញ្ជា​មេ»

នគរបាលប៉ុស្តិ៍មួយ នៅឯខេត្តព្រៃវែង ត្រូវបានប្រភពព័ត៌មាន ច្បាស់ការណ៍មួយ ឲ្យដឹងថា បានដោះលែងវត្ថុតាង នៃ​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ រវាងភាគីជិះម៉ូតូ និងអ្នកថ្មើរជើង បណ្តាលឲ្យជនរងគ្រោះរងរបួស។ ករណីនេះ មិនទាន់បាន​ដោះ​ស្រាយ​រួច​រាល់​ទេ តែ​អាជ្ញាធរ​ប៉ុស្តិ៍​បាន​ប្រគល់ ម៉ូតូ​បង្ក ដោយមិនមានការយល់ព្រម ពីជនរងគ្រោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មិនា ២០១៥
  • កែប្រែចុងក្រោយ: April 11, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការបញ្ជាក់ របស់មេប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃពោន លោក ចាន់ សារិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះថា លោក​បាន​ដោះលែងជនល្មើស និងវត្ថុតាង (ម៉ូតូបង្ក) កាលពីថ្ងៃទី៣១ ខែមិនាឆ្នាំ២០១៥ នៅម៉ោង៨ព្រឹក បន្ទាប់ពីមាន​គ្រោះ​ថ្នាក់​នេះភ្លាម ព្រោះជនរងគ្រោះ មិនបានដាក់ពាក្យប្តឹង។ ម្យ៉ាងទៀត លោកបានទទួលបញ្ជា ពីអធិការស្រុកថា ឲ្យដោះ​លែងវត្ថុតាងនោះ ទើបលោកហ៊ានដោះលែង លុះមកដល់ព្រឹកថ្ងៃទី០១ ខែមេសា ទើបលោក បានទទួលពាក្យបណ្តឹង ហើយលោកបានធ្វើសុំនុំរឿងនេះ បញ្ជូនទៅថ្នាក់ស្រុក រួចរាល់ហើយ។ លោកលើកឡើងថា៖ «ខ្ញុំហ៊ានដោះលែង ព្រោះ​មានបញ្ជាពីស្រុក បើមានអ្វីចង់ដឹង សួរគាត់ទៅ»។

ទស្សនាដ្តីបានព្យាយាមទាក់ទង ទៅមន្ត្រីនគរបាលស្រុកកំពង់ត្របែក លោក អ៊ំ ចំរើន ដើម្បីសុំការបំភ្លឺ ពីបញ្ហាទាំង​អស់​នេះ តែមិនអាចទាក់ទងបានទេ ព្រោះនៅពេលដឹងថា ជាអ្នកសារព័ត៌មាន លោកបានបិទទូរស័ព្ទ ដោយមិនលើកទៀត ជាលើទីពីរ។

ប្រភពព័ត៌មាន និងជាសាក្សី នៅកន្លែងកើតហេតុ បានរៀបរាប់ ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ថាបាន​កើត​ឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នៅក្នុងភូមិសំរោង ឃុំព្រៃពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ប៉ុន្តែរហូតមកដល់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ ជនរងគ្រោះ នៅមិនទាន់បាន ទទួល​សំណង​​ណា​មួយ ពីជនបង្កនៅឡើយ ខណៈវត្ថុតាង និងម្ចាស់ម៉ូតូ ត្រូវបានប៉ុស្តិ៍រដ្ឋបាលឃុំព្រៃពោន ដោះលែងរួចរាល់។ ជនរង​គ្រោះ ក្នុង​ហេតុការណ៍​នេះ ឈ្នោះអ្នកស្រី មាស មុំ អាយុ៥២ឆ្នាំរស់នៅភូមិ ឃុំខាងលើ បានរងរបួស បាក់ដៃឆ្វេង។

អ្នកស្រី ឈិន ភន ដែលបានឃើញហេតុការណ៍ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងស្ត្រីរងគ្រោះបម្រុង នឹង​ឆ្លងថ្នល់តែមិនទាន់បានឆ្លងទេ ព្រោះមានឡានបើកកាត់ ក៏នៅស្ងៀម។ ភ្លាមនោះ មានម៉ូតូមួយគ្រឿង ដែលបើកបរ​ដោយ​ឈ្មោះ ប៊ូ ឆុន ជាគ្រូបង្រៀននៅវិទ្យាល័យព្រៃពោន ជិះគ្នាពីរនាក់ប្រពន្ធ។ សាក្សីបានបន្តថា អ្នកបើកម៉ូតូមិនសូវលឿនទេ តែមិនបានប្រយ័ត ព្រោះរវល់និយាយជាមួយអ្នកខាងក្រោយ ស្រាប់តែដល់កន្លែងកើតហេតុ បានឃើញឡាននៅពីមុខ ក៏គេចឡានពេលនោះ បានបុកនឹងស្រ្តីម្នាក់ ដែលបម្រុងឆ្លងថ្នល់ បណ្តាលឲ្យមានរបួស បាក់ដៃ ត្រូវបញ្ជូនទៅមន្ទីពេទ្យ។

ទស្សនាវដ្តី មិនអាចទាក់ទង ទៅភាគីបង្កលោក ប៊ូ ឆុន បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ ដោយ​ឡែកលោក លោក ព្រំ សៀ ស្វាមីជនរងគ្រោះខាងលើ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា ភ្លាមៗ លោកមិន​បាន​ដាក់ពាក្យប្តឹងមែន ព្រោះរវល់បារម្ភពីប្រពន្ធ និងបញ្ជូនអ្នករងគ្រោះ ទៅមន្ទីពេទ្យ។ តែលោកមិននឹងស្មានថា ប៉ុស្តិ៍​នគរបាល​ឃុំដោះលែងជនល្មើស ហើយប្រគល់វត្ថុតាង ឲ្យជនល្មើសនោះទេ ព្រោះវាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់​លោក និងគ្រួសារ ដែលគ្មានសំណងហើយ ត្រូវគេដោះលែងជនល្មើស។

លោកបន្តថា ពាក្យប្តឹង បានដាក់កាលពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី០៦ ទើបខាងប៉ុស្តិ៍ហៅលោកទៅជួប តែមិនបាន​ហៅ​ភាគីបង្កមកជួបនោះ ពេលនោះប៉ុស្តិ៍នគរបាល បានប្រាប់លោកថា ជនបង្កបានចេញថ្លៃព្យាបាល ឲ្យប្រពន្ធលោក ៥០​ម៉ឺន​រៀល តែលោកមិនព្រម។ ព្រោះមិនបានមកសម្របសម្រួលហើយ មកនិយាយផ្តល់សំណង មិនសមរម្យទៀត លោក​បាន​ឲ្យដឹងថា លោកបានប្តឹងទាមទារ ថ្លៃព្យាបាល៣លានរៀល ព្រោះបើតាមការបញ្ជាក់របស់គ្រូពេទ្យ ប្រពន្ធ​របស់​លោក អាច​នឹង​ត្រូវ​ពិកាដៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...