ប៉ះម៉ូតូដួលចុះមកជួយ តែបែរជាបាន«មួយដៃ»ទៅវិញ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៧ មិនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន អំពើប្រកបដោយ សីលធម៌ និងមនុស្សធម៌ ពិបាកនឹងត្រូវបានគេមើលឃើញណាស់ កុំថាឡើយ ដល់ទៅមានករណីប៉ះពារគ្នា នៅតាមដងផ្លូវ។ ដូចជាករណី គ្រោះថ្នាក់ចររាចរណ៍នេះ ជាដើម ដែលបានកើតឡើង នៅតាមបណ្តោយ មហាវិថីម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៥។
គ្រោះថ្នាក់នេះ មិនបានធ្វើឲ្យភាគីណាមួយ មានរបួសធ្ងន់នោះទេ ព្រោះម៉ូតូទាំងពីរ បានប៉ះគ្នាបន្តិច ហើយដួលទៅលើផ្លូវ មានរបួសស្រាល រីឯម៉ូតូក៏គ្មានខូចខាតអ្វី ធំដំដែរ។ នេះបើតាម សាក្សីនៅផ្ទាល់កន្លែងកើតហេតុ។
សាក្សី បានប្រាប់បន្តទៀតថា ដំបូងឡើយ ម៉ូតូទាំងពីរគ្រឿង បើកបរក្នុងទិសដៅស្របគ្នា តាមបណ្តោយផ្លូវ ម៉ៅសេងទុង ពីជើង ទៅត្បួង ស្រាប់តែមកដល់ ទល់មុខកន្លែងលក់ឡាន នៅជិតមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ម៉ូតូបង្កដែលមានស្លាកលេខ 1AQ-9041 ដែលបើកបរ ដោយបុរស់ម្នាក់ ឈ្មោះ ម.ហ បានប៉ះជាមួយ ម៉ូតូមួយគ្រឿងទៀត ដែលកំពុងជិះគ្នាបីនាក់ បណ្តាលឲ្យបុរស ដែលបើកម៉ូតូម្នាក់ឯង ដួលទៅលើផ្លូវ។
សាក្សីបានបន្ថែមថា បន្ទាប់ពីឃើញភាគីម្ខាងដួល ម្ចាស់ម៉ូតូមានគ្នាបីនាក់ បានបត់ម៉ូតូត្រឡប់ មកជួយលើក។ ភ្លាមៗនោះ បុរសដួលខាងលើបាន ចាប់ក្របួចកអាវ អ្នកដែលមកជួយខ្លួន ទាំងស្រែកសម្តីខ្លាំងៗ ព្រមទាំងទាមទារសំណង ពីអ្នកមកជួយនេះទៀតផង។
ម្ចាស់ម៉ូតូដែលដួល លោក ម.ហ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោកជាអាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានអាស័យដ្ឋានបច្ចុប្បន្ន នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ហើយកំពុងតែធ្វើដំណើរទៅធ្វើការ។ ដល់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់នេះ លោកទាមទារសំណង៥០ដុល្លា ពីភាគីម្ខាងទៀត ថ្លែជួសជុលម៉ូតូ របស់លោកខូច និងថ្លៃព្យាបាលរបួស។
ចំណែកឯភាគីម្ខាងទៀត ជាយុវជនអាយុប្រមាណ២០ឆ្នាំ សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា ខ្លួនធ្វើការជាកម្មករ ធ្វើការនៅផ្លូវកម្ពុជាក្រោមសព្វថ្ងៃ ហើយកំពុងធ្វើដំណើរ ទៅទិញផ្លែឈើសែន ថ្ងៃសីល នៅកន្លែងធ្វើការ ក៏ស្រាប់តែជួបហេតុការណ៍នេះ ពេលឃើញដួល ក៏ត្រឡប់មកជួយ មិននឹកស្មានថា ត្រូវភាគីម្ខាងទៀតនេះ ទាមទារសំណង ទាំងមិនបានខូចខាតអ្វី បែបនេះសោះ។ យុវជនបានបដិសេធ មិនចេញថ្លៃខូចខាតនោះទេ ដោយបាននិយាយថា ខ្លួនមានតែ១០ដុល្លាប៉ុណ្ណោះ។
ទីបំផុតទៅ លោក ម.ហ បានទទួលយកលុយ១០ដុល្លានោះ រួចក៏បញ្ចប់រឿង ទាំងសងខាង។
ប៉ុន្តែហេតុការណ៍ បានបញ្ចប់ទៅតែមាត់ទេ ព្រោះលោក ម.ហ ខាងលើ បានឃើញស្ត្រីម្នាក់ ដែលជាសាច់ញាតិយុវជន បានមកហៅយុវជននោះ ឲ្យទៅផ្ទះ ក៏ស្រាប់តែបានប៉ះសម្ដីគ្នា ហើយស្ទុះទៅចាប់ក្របួច ក ស្រីម្នាក់នេះទៀត បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកនៅជុំវិញ ដែលនៅក្នុងហេតុការណ៍ រហូតត្រូវបង្ខំចិត្ត ចូលជួយអន្តរាគមន៍ និងឃាត់ជាបន្ទាន់។ ស្ត្រីម្នាក់នោះ មិនមានរបួសអ្វី ធ្ងន់ធ្ងរទេ រីឯលោក ម.ហ វិញ បានបើកម៉ូតូគេចខ្លួន បាត់ស្រមោល៕