បុកនគរបាលឲ្យលោតតោងគម្របឡានខាងមុខ អូសរហូត២គីឡូម៉ែត្រ (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: October 07, 2014
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះ មិនមែនជាឈុតឆាក នៅក្នុងភាពយន្ដទេ។ ហើយក៏មិនមែនជាហេតុការណ៍ ដែលម្ចាស់រថយន្ដកំពុងតោងឃ្លុបរថយន្ដខាងមុខ ទាររថយន្ដពីចោរ ដែលកំពុងបើកគេចខ្លួននោះដែរ។ តែវាគឺជាឈុតឆាកពិតជាក់ស្ដែង និងបានកើតឡើងយ៉ាងហួសចិត្តមួយ។
ជាហេតុការណ៍ ដែលបានកើតឡើង កាលពីចុងខែមុន បណ្ដាជនទាំងឡាយនៅតាមដងផ្លូវ នៃទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisc - ភាគខាងលិចសហរដ្ឋអាមេរិក) បានប្រទះនូវទស្សនីយភាពដ៏ពិសេសអស្ចារ្យ។ ហេតុការណ៍ដំបូង បានចាប់ផ្ដើមពីការផាកពិន័យមួយ ទៅលើអ្នកកាន់ចង្កូតស្ត្រីម្នាក់នេះ។ តែនៅពេលនគរបាលចរាចរណ៍ បានដើរទៅពិនិត្យផ្នែកខាងមុខនៃរថយន្ដ ស្រាប់តែស្ត្រីម្ចាស់ចង្កូតបានជាន់បន្ថែមល្បឿន បង្ខំឲ្យបុរសជានគរបាលលោតតោងគម្របរថយន្ដខាងមុខ ដើម្បីបញ្ជៀសខ្លួនពីការកិនពីលើដោយរថយន្ដ។
សាក្សីម្នាក់បាននិយាយថា៖ «ដំបូងឡើយ ខ្ញុំស្មានតែគេកំពុងថតកុន។ ប៉ុន្តែនៅពេលស្ដាប់សម្រែករបស់បុរសជានគរបាល ទើបដឹងថា វាពិតជាមានរឿងអ្វីមួយហើយ។»
ម្ចាស់ចង្កូតរថយន្ដ អាយុ៣៣ឆ្នាំ បានបន្តយានរបស់ខ្លួន បើកជ្រែឆ្វេងស្ដាំពេញផ្លូវ រហូតចម្ងាយ២គីឡូមែត្រ ដោយថែមទាំងបានបុកម៉ូតូមួយ ឲ្យដួលនោះផងទៀត។ នាងត្រូវបាននគរបាល (ជាច្រើនផ្សេងទៀត) ធ្វើការឃាត់ខ្លួន ហើយបានចោទប្រកាន់ពីបទ«បង្ករបួសស្នាម» និង«បង្កការរត់គេច»។ នាងបានថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ KRON ថា៖ «បុរសជានគរបាលនោះ បានខ្សិបខ្សៀវជាមួយខ្ញុំ ថាគាត់នឹងលប់ចោលការផាកពិន័យ ប្រសិនបើខ្ញុំធ្វើ"អីៗ"ជាមួយគាត់។ គាត់បង្ខំឲ្យខ្ញុំត្រូវតែឲ្យលេខទូរស័ព្ទ ហើយខ្ញុំស្មានថា គាត់ជានគរបាលបន្លំខ្លួន ខ្ញុំភ័យណាស់។ ខ្ញុំបានបើកឡានគេច ទាំងមិនដឹងទិសតំបន់ តែខ្ញុំមិនចងបរកិនគាត់ទេ។»
វីដេអូខាងក្រោមនេះ ថតដោយអ្នកដំណើរតាមដងផ្លូវ៖